តា​អាយុ​៧៦​ឆ្នាំ​រំលោភ​កូនបង្កើត​និង​នារី​សតិ​មិនល្អ​បានកូន​៣​នាក់ ចុង​ក្រោយ​រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ត្រូវ​ជាប់​ខ្នោះ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ចាប់​ឃាត់​ខ្លូ​ន និង​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ដោយសារ​តែ​បុរស​អាយុ​៧៦​ឆ្នាំ​រូប​នោះ​បាន​ចាប់រំលោភ​កុមារី អាយុ​៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ខ្ទម​ចាំចំការ ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខណៈ​កុមារី​រង​គ្រោះ និង​កុមារ​៥​នាក់​ទៀត​ទៅ​លេង​ទឹកស្ទឹង​នៅ​ជិត​នោះ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បានអោយ​ដឹង​ថា បុរស​ចំណាស់​ខាងលើ​មាន​ឈ្មោះ នូ ស៊ី​ណា​ន ហៅ​ តា​ជាង អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ក្នុង​របាយការណ៍​ដដែល​បាន​សរសេរ​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ កុមារី​រង​គ្រោះ និង​កុមារ​ក្នុងភូមិ​ជាមួយ​គ្នា​៥​នាក់​ទៀត​បាន​ទៅ​ងូតទឹក​ស្ទឹង​លេង​នៅ​ជិត​ខ្ទម​ចំការ​បុរស​ខាងលើ ។ ក្រោយ​ពេល​ចុះ​ងូតទឹក​ស្ទឹង​រួច​​ក៏​នាំ​គ្នា​ឡើង​មក​វិញ ហើយ​​នាំ​គ្នា​ដើរ​រើស​ក្តឹប​ស្វាយ​ក្នុង​ចំការ​បុរស​ខាងលើ​នោះ​ហូប ពេល​នោះ​បុរស​វ័យ​ចំណាស់​រូប​នោះ​បាន​ល្បួង​កុមារី​រង​គ្រោះ​ចូល​ក្នុង​ខ្ទម​ចំការ​ ហើយ​បាន​ចាប់​នាង​រំលោភ ដោយសារ​តែ​ការ​ឈឺចាប់​នាង​បាន​ស្រែកយំ​ធ្វើ​អោយ​ក្មេង​ៗ​ដែល​ទៅ​ជាមួយ​ឮ​ ក៏​នាំ​គ្នារ​ត់ទៅ​មើល​ឃើញ​សកម្ម​ភាពបុរស​ចំណាស់​រូប​នោះ​កំពុង​ធ្វើ​អ្វី​ៗ​ទាំងអស់ ។

ក្រោយ​ពេល​កើតហេតុ កុមារី​រង​គ្រោះ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ទេ ប៉ុន្តែ​ក្រោយមក​ ម្តាយ​ឃើញ​កូនស្រី​មាន​ទឹកមុខ​ស្លេកស្លាំង និង​ពេល​បត់ជើងតូច​មក​មាន​ធ្លាក់ឈាម ក៏​បាន​ដេញដោល​សួរ ទើប​កុមារី​រង​គ្រោះ​ប្រាប់​រឿងរ៉ាវ​ទាំងអស់ ហើយ​ម្តាយ​ក៏​បាន​រាយការណ៍ និង​ប្តឹងទៅ​​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ចំណាស់​ខាងលើ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត​អំពើ​បែប​នេះ​មែន បន្ទាប់​ពី​មើល​វី​ឌី​អូរ​សិច​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់ ។ បុរស​តណ្ហា​ក្រាស់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន ​បានអោយ​ដឹង​ថា បុរស​ចំណាស់​រូប​នេះ​មក​ពី​ខេត្ត​ក្រៅ បាន​មក​ធ្វើ​ជាង​វិហារ​នៅ​វត្ត​មួយ​ជិត​ភូមិ​ខាងលើ ក្រោយមក​បាន​ទិញ​ដី​ធ្វើ​ផ្ទះ​រស់នៅ​ក្នុងភូមិ​ខាងលើ និង​មាន​ដីចំការ​មួយ​កន្លែង​នៅ​ចុង​ភូមិ ។ ក្រៅពី​រំលោភ​កុមារី​រង​គ្រោះ​ខាងលើ បុរស​ចំណាស់​រូប​នោះ​នៅ​បាន​រំលោភ​នារី​មាន​សតិ​មិន​ល្អ​អាយុ​២០​ឆ្នាំ​ម្នាក់​រហូត​បានកូន​ស្រី​ម្នាក់ ពេល​នេះ​មាន​អាយុ​៧​ខែ​ហើយ ។ នៅ​មានរឿង​មួយទៀត ក្រោយ​ពី​ប្រ​ព​ន្ឋ​ស្លាប់​ទៅ បុរស​ចំណាស់​រូប​នេះ​បាន​យក​កូនស្រី​បង្កើត​ខ្លួនឯង​បានកូន​២​នាក់ ហើយដោយ​សារ​តែ​បែប​នេះ ទើប​គណៈកម្មការ​វត្ត ដែល​បុរស​ចំណាស់​ខាងលើ​ស្នាក់​នៅ​ធ្វើ​វិហារ​បាន​បណ្តេញ​បុរស​រូប​នោះ​ចេញ និងបញ្ឈប់​អោយធ្វើ​វិហារ​ចាប់ពី​ពេល​នោះ​មក ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ ។

ជុំវិញ​រឿងរ៉ាវ​ទាំង​អស់នេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​អាជ្ញាធរ អ្នក​ណា​ក៏​ដឹង​ដែរ រហូត​ដល់​ដាក់​រហ័ស្ស​នាម​អោយ​គាត់ «​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» ទៀត​ផង ៕