ក្រុម​ចោរ​អាកា​ប្លន់​ទៀត​ហើយ​នៅ​ស្រុក​ភ្នំស្រួច តែ​លើក​នេះ​ប្លន់​ម៉ូតូ

ខេត្តកំពង់ស្ពឺ ៖ ម្តាយកូន​២​នាក់​ត្រឡប់​មក​ពី​ហូប​ការ​វិញ​ត្រូវ​ចោរ​អាកា​ស្ទាក់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ សូ​ម្បី​តែ​សមត្ថកិច្ច​ក៏​អន្តរាគមន៍​មិន​ទាន់​ផង ។ ករណី​ប្លន់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ​ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពានឈើ​ឆ្លងស្ទឹង ក្នុងភូមិ​មាន​ជ័យ ឃុំ​ដំ​បូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​មានឈ្មោះ ផៃ ផ​ល្លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ មូល រុំ អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​ខ្វាវ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ត្រូវ​ក្រុម​ចោរប្លន់​យក​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៥០ ពណ៌​ស្លែ អត់​ស្លាក​លេខ ។

ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ឌុ​ប​ម្តាយ​ពី​ផ្ទះ​សំដៅ​ទៅ​ហូប​ការ​បងប្អូន​នៅ​ភូមិ​តា​វ៉ា ឃុំ​អូរ ស្រុក​ភ្នំស្រួច លុះ​ហូប​ការ​រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្ពានឈើ​ឆ្លងស្ទឹង​ខាងលិច​ភូមិ​មាន​ជ័យ​ប្រហែល​១០០០​ម៉ែត្រ​​ ស្រាប់​តែ​មាន​ចោរ​មូ​យ​ក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​​អាកា​អត់​ស្វាយ​២​ដើម ​ស្លៀកពាក់​ស៊ី​វិល​ ​ពាក់អាវធំ​ ​បាន​ដើរ​ចេញពី​គ​ម្ពោ​ធ​ព្រៃ​មក​ភ្ជង់​រូបគេ និង​ម្តាយ​អោយ​ប្រគល់​ម៉ូតូ​អោយទៅ​ពួក​វា ពេល​នោះ​ពួក​ចោរ​ក៏​បាន​យក​ទូរស័ព្ទ​១​គ្រឿង​ពី​គេ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចេញ​ទៅ​អន្តរាគមន៍​ដែរ តែ​ហាក់បីដូចជា​យឺត​ពេល​ទៅ​ហើយ​ ព្រោះ​ក្រុម​ចោរ​បាន​គេចខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុម​ចោរ​នេះ​មិនមែន​ចោរ​ឯណា​ឆ្ងាយ​នោះ​ទេ គឺ​អាច​ជា​ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​បាញ់​ប្លន់​នៅ​ផ្សារ​តា​ឡា​ត់​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​ខាង​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​តាម​រុករក​គ្រប់​ច្រកល្ហក ហើយ​បើ​និយាយ​ពី​ភិនភាគ និង​កាំភ្លើង​វិញ​សុ​ទ្ឋ​តែ​ជា​កាំភ្លើង​អាកា​ដូច​គ្នា​ទៀត​ផង​ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បន្ត​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​រឿង​ល្បែង​វិញ​គឺ​ល្បែង​គ្រប់​ប្រភេទ​នៅ​ស្រុក​ភ្នំស្រួច​នេះ​សំបូរ​ណាស់ គេ​មិន​ដែល​ឃើញ​លោក សាយ ប៊ុ​ន​ថន អធិការ​នគរបាល​ស្រុក ចាត់វិធានការ​បង្ក្រាប​បាន​ម្តងណា​ឡើយ ៕