បុរស​ទីទ័លក្រ​ម្នាក់​ត្រូវ​ឆ្កែ​ខាំ​កំភួនជើង​ជាង​មួយខែ​បាន​ក្លាយជា​ដំបៅ​ស្អុយរលួយ ព្រោះតែ​គ្មាន​លុយ​ព្យាបាល​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ជើង​មួយ​កំណាត់​ចោល​ទើប​សង្គ្រោះ​ជីវិត​បាន​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​ជនក្រីក្រ​ម្នាក់​រស់នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង ត្រូវ​ប្រឈម​នឹង​ការ​កាត់​ជើងឆ្វេង​ចោល​មួយ​កំណាត់​ទើប​សង្គ្រោះ​ជីវិត​បាន បន្ទាប់ពី​ឆ្កែ​បាន​ខាំ​កំភួនជើង​គាត់​រយៈពេល​១​ខែ​កន្លង គ្មាន​លុយ​ព្យាបាល​បានក្លាយ​ទៅជា​ដំបៅ​ស្អុយរលួយ​គួរអោយខ្លាច​។ ហេតុការណ៍​ខាងលើនេះ​យើង​បានដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ខណៈដែល​ជនរងគ្រោះ​បាន​មករក​សេវា​ព្យាបាល​របួស​នៅផ្ទះ​គ្រូពេទ្យ​ឯកជន​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​ ​ ​

​ស្ត្រី​ឈ្មោះ ពន ឆេង អាយុ​៤៨​ឆ្នាំ ត្រ​វ​ជា​ប្រពន្ធ​របស់​បុរស​ឈ្មោះ ខិត សុខ អាយុ​៤៨​ឆ្នាំ ជា​ជនរងគ្រោះ​ដែល​ត្រូវ​ឆ្កែ​ខាំ​រស់នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង បាន​និយាយ​អោយដឹងថា​៖ ក្រុមគ្រួសារ​គាត់​ជា​ជន​ទីទ័ល​ក្រីក្រ​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៥​នាក់ ប្រុស​៤​នាក់ និង​ស្រី​ម្នាក់​។ កន្លង​មកជា​យូរ​ឆ្នាំ​មកហើយ​អាជ្ញាធរ​ភូមិ​ឃុំ​មិនដែល​ផ្តល់​ប័ណ្ណ​អង្គការ​រ៉ា​ក់ ដល់​ក្រុមគ្រួសារ​គាត់​ជា​ជនក្រីក្រ​ពិត​ប្រក​ដ នោះឡើយ ខណៈដែល​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុងភូមិ មិនមាន​ជីវភាព​ក្រីក្រ​ផង​បែរជា​អាជ្ញាធរ និង​អង្គ ការ​រ៉ា​ក់បាន​ន​ផ្តល់​ប័ណ្ណ​អោយ​ពួកគេ​ដែលមាន​ជីវភាព​ធូរធា​ទៅវិញ ហើយ​គ្រួសារ​គាត់​ក្រ​រហេមរហាម​ត្រូវគេ​មើលរំលង​។​ ​ ​

អកុសល​ណាស់​កាលពី​មួយខែ​មុន ប្តី​គាត់​បាន​ទៅលេង​ផ្ទះ​ដន្លង​នៅក្នុង​ភូមិ ត្រូវ​ឆ្កែ​របស់​ដន្លង​ខាំ​ត្រូវ​កំភួនជើង​ខាងឆ្វេង​។ នៅពេល​មាន​របួស​គាត់​បាន​ដឹក​ប្តី​គាត់​ទៅ​ព្យាបាល របួស​នៅ​មណ្ឌល​សុខភាព​ថ្ម​រៀង​ពេលនោះ​គ្រូពេទ្យ​ក្នុង​មណ្ឌល​សុខភាព​បាន​ចាក់​ថ្នាំ​ផ្សះ​អោយ​៣​ម្ជុល និង​ចាក់​ស៊ី​រ៉ូម​អស់​មួយ​ស្បោង​អោយ គាត់​បាន​បង់​សេវា​អស់​១៥​ម៉ឺន​រៀល​។ លោកគ្រូ​ពេទ្យ​ក្នុង​មណ្ឌល​សុខភាព ឈ្មោះ ម៉ុ​ត បាន​ប្រាប់​គាត់​ថាបើ​ចាក់​ថ្នាំ​ឆ្កែ​ខាំ ត្រូវ​ចាក់​ចំនួន​៥​ម្ជុល​គឺ​មួយអាទិត្យ​ចាក់​ម្តង និង​ត្រូវ​បង់​សេវា​ក្នុង​មួយ ម្ជុល​៥​ម៉ឺន​រៀល​។​ ​ ​

​ដោយសារតែ​ភាពក្រីក្រ គាត់​គ្មាន​លុយ​សម្រាប់​ចាក់​ថ្នាំ​អោយ​ប្តី​បន្តទៀត​ទេ គាត់​ក៍បាន​យកប្តី​មក ព្យាបាល​របួស​ឆ្កែ​ខាំ​នៅផ្ទះ ដោយ​ដុស​ថ្នាំខ្មែរ​លាប​លើ​មុខរបួស ហើយ​មុខរបួស​មិនបាន​ធូរស្រាល​ឡើយ គឺ​កាន់តែ​ក្លាយ​ឡើងៗ រាលដាល​ស្អុយរលួយ​ជើងឆ្វេង​មួយ​កំណាត់​ខាងក្រោម​បណ្តាលអោយ​មានការ​ពឺត​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​។ ដោយ​គ្មាន​ជម្រើស​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ គាត់​និង​ក្រុមគ្រួសារ​បាន​ដឹក​ប្តី​របស់គាត់​មករក​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។​ ​ ​

​លោក អ៊ួ​ន ឆេង​លី គ្រូពេទ្យ​ឯកជន​ម្នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ជនរងគ្រោះ​ពឹងពាក់​សុំ អោយជួយ​ព្យាបាល​របួស បាន​និយាយ​អោយដឹងថា​៖ មុខរបួស​ឆ្កែ​ខាំ​រលួយ​ធ្ងន់ធ្ងរ​យ៉ាងនេះ គាត់​គ្មាន​លទ្ធ ភាព​ព្យាបាល​ឡើយ គាត់​បាន​ណែនាំ​អោយ​ជនរងគ្រោះ​អោយទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត កំពង់ឆ្នាំង ឬ​ទៅ​មន្ទីរពេទ្យ​ក្នុង​ភ្នំពេញ​។ ដោយ​លោក​បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវ​ប្រឈម​នឹង​ការ កាត់​ជើងឆ្វេង​ដែលមាន​របួស​មួយ​កំណាត់​ចោល​ទើប​អាច​សង្គ្រោះ​ជីវិត​បាន​។​ ​ ​

​ក្រុមគ្រួសារ​ជនរងគ្រោះ​សំណូមពរ​ដល់​អង្គការ​រ៉ា​ក់ និង​អាជ្ញាធរ​មូលដ្ឋាន មេ​ត្រ​ជួយ​ចេញ​ប័ណ្ណ​ ​បញ្ជាក់​ពី​ភាពក្រីក្រ​ជូន​ក្រុមគ្រួសារ​គាត់​ផង ដើម្បី​គាត់​មានលទ្ធភាព​ទៅ​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ ហើយ​គាត់​ក៍​សំណូមពរ​ផងដែរ​ដល់​សប្បុរសជន និង​គ្រូពេទ្យ​រដ្ឋ មេត្តាជួយ​ព្យាបាល​របួស​ដ៏​ធ្ងន់ធ្ងរ ខ​នេះ​ជូន​គ្រួសារ​គាត់​ផង​ព្រោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ព្យាបាល​របួស នេះឡើយ​៕ រិ​ទ្ធិ ជ័យ​ ​

KA-21-12-2015-01 KA-21-12-2015-02 KA-21-12-2015-03 KA-21-12-2015-04 KA-21-12-2015-05 ​ ​