របៀប​គណនា​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​ត្រូវ​​ប្ដូរ​​ប្រេង​​ម៉ាស៊ីន​​ម៉ូតូ​​ម្ដង​


របៀប​គណនា​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​ត្រូវ​​ប្ដូរ​​ប្រេង​​ម៉ាស៊ីន​​ម៉ូតូ​​ម្ដង​

ជា​ទូទៅ​អ្នក​ប្រើប្រាស់​ម៉ូតូ​មួយ​ចំនួន​តែង​តែ​មិន​សូវ​​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ប្រេង​ម៉ាស៊ីន​របស់​ពួក​គេ​ប៉ុន្មាន​នោះ​ទេ ​ព្រោះ​ប្រហែល​ជា​គេ​គិត​ថា​ វា​មិន​សូវ​សំខាន់​ និង​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ គេ​មិន​ដឹង​រយៈ​ពេល​ប៉ុន្មាន​ដែល​គួរ​ប្ដូរប្រេង​ម៉ាស៊ីន​ម្ដង។

 

ដូចនេះ​ក្នុង​អត្ថបទ​ខាង​ក្រោម​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ចំណេះ​ដឹង​មួយ​ចំនួន​ទាក់ទង​នឹង​រយៈពេល​ដែល​ត្រូវ​​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន​ម៉ូតូ​របស់​អ្នក៖

 

របៀប​គណនា​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​ត្រូវ​​ប្ដូរ​​ប្រេង​​ម៉ាស៊ីន​​ម៉ូតូ​​ម្ដង​

 

គេហទំព័រ​ elf ណែនាំ​ថា​ ជា​ទូទៅ​អ្នក​គួរតែ​ផ្លាស់​ប្ដូរ​នូវ​ប្រេងម៉ាស៊ីន​ម៉ូតូ​របស់​អ្នកម្ដង​​ ពេល​ជិះ​បាន​ចម្ងាយ​ផ្លូវ​​២០០០​គីឡូម៉ែត្រ​​ (ប្រេង​ម៉ាស៊ីន​ខ្លះ​ណែ​នាំ​ឲ្យ​ប្ដូរ​រយៈពេល​វែង​ ឬ​ខ្លី​ជាង​នេះ)​ ព្រោះ​បន្ទាប់​ពី​ការ​ប្រើប្រាស់​ក្នុង​រយៈ​ចម្ងាយ​ណា​មួយ​ ម៉ាស៊ីន​នឹង​បង្កើត​ជា​កម្ទេច​ឥន្ធនៈ​ ដែល​បង្ក​ឲ្យ​ប្រេង​ម៉ាស៊ីន​ឡើង​ខាប់​ និង​អស់​សារធាតុ​រំអិល​របស់​ប្រេង​ ហើយ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ទាំង​មូល​ឡើង​កម្ដៅ​ខ្លាំង។ ពេល​ខ្លះ​ វា​អាច​ទាំង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ទាំង​មូល​គាំង​មិន​ដំណើរ​ការ​តែ​ម្ដង។

 

ដូច្នេះ​ប្រសិន​បើ​អ្នក​ជិះ​ម៉ូតូ​របស់​អ្នក​រាល់​ថ្ងៃ​ ហើយ​អ្នក​អាច​ប៉ាន​ស្មាន​ចម្ងាយ​បាន​ទៀត​​នោះ​ អ្នក​អាច​ធ្វើ​ការ​គណនា​ដូច​ខាង​ក្រោម។ ឧទាហរណ៍​ អ្នក​ជិះ​ទៅ​ធ្វើ​ការ​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដែល​ការិយាល័យ​របស់​អ្នក​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​​​​៨​​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​អ្នក​ ហើយ​នៅ​ថ្ងៃ​សម្រាក ​អ្នក​ជិះ​ប្រហែល​​១០​គីឡូ​​ម៉ែត្រ​ទៀត។ ដូច្នេះ​​ក្នុង​មួយ​ខែ​អ្នក​ជិះ​ម៉ូតូ​ប្រហែល​​៤៥០គីឡូម៉ែត្រ​។ បើ​អ្នក​ចាក់​ប្រេង​ម៉ាស៊ីន​ប្រភេទ​អាច​រត់​បាន​ ២០០០​គីឡូ​ម៉ែត្រ​ចាំ​​ផ្លាស់​ប្ដូរ​ម្ដង​ នោះ​រយៈពេល​៤​ខែ​ម្ដង​ អ្នក​ចាំ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ក៏​បាន​ដែរ។ ប៉ុន្តែ​គេហទំព័រ​ដដែល​​ឲ្យ​យោបល់​ថា​ អ្នក​គួរ​ឆែក​មើល​ប្រេង​ប្រម៉ាស៊ីន​របស់​អ្នក​រាល់​ខែ​ ក្រែង​លោ​វា​ខះ។ ​

 

មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​ប្រេង​ម៉ាស៊ីន​មួយ​មុខ​នោះ​ទេ ​អ្នក​ក៏​គួរ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​តម្រង​ប្រេង​ផង​ដែរ​ តែ​តម្រង​ប្រេង​អ្នក​អាច​ផ្លាស់ប្ដូរ​ម្ដង​រៀងរាល់​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​​២​ដង​​បាន៕

 

 

ចុច​អាន៖ ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ elf