បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​ក្រុង​បាន​លុង មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​

ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ឈ្មួញ​ជាច្រើន​នាក់​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​បណ្ដា​ស្រុក​មួយចំនួន​ឆ្លងកាត់​ក្រុង​បាន​លុង ហើយ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់ថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តរតនគិរី កើតឡើង​យ៉ាង​ពេញបន្ទុក​ទៀត​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​៣​នាក់​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ចូល​ក្រុង​បាន​លុង យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​នោះ ទី​១-​ឈ្មោះ ពៅ ទី​២-​ឈ្មោះ ឡុង ត្រូវគេ​ដឹងថា ជា​សាច់ញាតិ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តរតនគិរី និង​ទី​៣- ឈ្មោះ ស៊ឹម សីហា ហៅ​ម៉ៅ ជា​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។ ឈ្មួញ​ទាំង​៣​នាក់​នេះ ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​ក្រុង​បាន​លុង នៅពេល​យប់​ដោយ​អាង​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ជាន់ខ្ពស់​និង​មន្ត្រីនគរបាល​ជាន់ខ្ពស់​ជា​ខ្នងបង្អែក​របស់​ពួកគេ​។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ពៅ និង​ឈ្មោះ ឡុង ប្រើប្រាស់​រថយន្ត​កាមរី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្លងកាត់​ស្រុក​លំផាត់ ឆ្ពោះទៅ​ក្រុង​បាន​លុង​។ ចំណែក​ឈ្មួញ​ឈើ​ឈ្មោះ ស៊ឹម សីហា ហៅ​ម៉ៅ បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​សាំ​យ៉ុង​ចេញពី​តំបន់​ស្រែគរ ស្រែ​សាមី ឃុំ​ដា​ឡា​ត់ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចូលមក​ក្រុង​បាន​លុង ខេត្តរតនគិរី​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី បាន​បញ្ជាក់ថា ដោយសារតែ​ឈ្មួញ​ទាំង​៣​នាក់​ខាងលើនេះ មាន​ទំនាក់ទំនង​នឹង​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មុខរបរ​ខុសច្បាប់​របស់​ពួកគេ​ឡើយ​៕

dsds-3លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី
Hong-0556