លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​

​នៅក្នុង​ខេត្តកោះកុង​សព្វថ្ងៃនេះ​ត្រូវបាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​រិះគន់​ថាប​ទ​ល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​បាន​កើនឡើង ព្រោះ​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ប្រភពព័ត៌មាន​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា​ទំនងជា​លោក សំ កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​សព្វថ្ងៃនេះ​លោក សំ កុសល ខំប្រឹង​ស្រង់ដើម​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាម​ទាំងយប់​ទាំង​ថ្ងៃ​។​

ប្រភពពី​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​រាប់រយ​គ្រឿង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ត្រូវគេ​ដឹងថា​មានការ​ឃុបឃិត​ជាមួយ​លោក​សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ទៀតផង​។ ប្រភព​ដដែល​បានបញ្ជាក់​ថាបើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​លោក សំ កុសល នោះ​លោក ថេ​ង ម៉ុង​ហួន ក៏​មិនអាច​នាំចូល​ម៉ូតូ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់​ផ្សេងទៀត​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ចាំ​យាម​បានដែរ​។​

មន្ត្រី​គយ​នៅ​ខេត្តកោះកុង​បាន​បង្ហើប​ថា មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម លោក ថេ​ង ម៉ុង​ហួន មិន​ត្រឹម​តែមាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​នោះទេ តែ​ក៏មាន​ខ្នងបង្អែក​យ៉ាង​ក្រាស់​នៅ​អគ្គនាយកដ្ឋាន​គយ​និង រដ្ឋាករ​ក៏ដូចជា​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​គេចពន្ធ ម៉ូតូ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​តាម​ច្រក​ចាំ​យាម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បញ្ហា​ទំនិញគេចពន្ធ​នៅ​ខេត្តកោះកុង​បានកើត​ឡើង​ច្រើន​ឆ្នាំ​មកហើយ តែ​ដំណោះស្រាយ​គ្មាន​ប្រសិទ្ធភាព​នោះទេ បើទោះជា​មានការ​ផ្លាស់ប្តូ​រ​ប្រធាន​សាខាគយ​ខេត្តកោះកុង​ជា​បន្តបន្ទាប់​ក៏ដោយ​។​

ជុំវិញ​បញ្ហា​នេះ​មន្ត្រី​គយ​មួយរូប​នៅ​ខេត្តកោះកុង​បាន​បញ្ជាក់ថា​បញ្ហា​ទាំងនេះ​ក៏​ដោយសារតែ​មន្ត្រី​គយ​ដែល​បានទទួល​តំណែង​មួយចំនួន​បានជា​ប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​ទើប​ពួកគេ​ទទួលបាន​មុខតំណែង ដូច្នេះ​នៅពេល​ចូល​បំពេញការងារ​មន្ត្រី​គយ​ខិលខូច​ទាំងនោះ​ក៏​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​របៀប​ដែល​គេ​ចូលមក​កាន់​មុខតំណែង​ផងដែរ​។ ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា​បើ​មន្ត្រី​ខិលខូច​ហ៊ាន​សូកប៉ាន់​ដើម្បី​បាន​អំណាច ដូច្នេះ​ពួកគេ​ត្រូវតែ​យក​អំណាច​ទាំងនោះ​ទៅ​ប្រមូលប្រាក់​តាម​គ្រប់​មធ្យោបាយ​ពុករលួយ​ផ្សេងៗ​ដែល​ប៉ះពាល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ​៕

ec24a233-d26f-42ed-98b6-3c6893c29999 2015_10_01_03_42_11_2