ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង សង្ស័យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​

អ្នកចូលរួម​ដេញថ្លៃ​ទៅលើ​គម្រោង​២​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង មានការ​សង្ស័យថា ថវិកា​ជាង​៤០​លាន​រៀល​ត្រូវ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ឃុបឃិត​ជាមួយ​អភិបាលស្រុក​កំពង់លែង កេងប្រវ័ញ្ច​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​គ្រាន់តែ​គម្រោង​២​ដែលមាន​ទឹកប្រាក់​១៧០​លាន​រៀល​ត្រូវបាន​គេ​កេងប្រវ័ញ្ច​អស់​ប្រមាណ​៤០​លាន​រៀល​ទៅហើយ​។ ដោយហេតុថា ការដេញថ្លៃ​លើ​គម្រោង​ទាំង​២​នោះ មាន​ភាពមិនប្រក្រតី​ធ្វើឡើង​ស្ងាត់ៗ​ដោយសារតែ​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​និង​អភិបាលស្រុក​កំពង់លែង ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។

​ប្រភពពី​អ្នកចូលរួម​ដេញថ្លៃ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាស្រុក​កំពង់លែង មាន​រៀបចំ​ពិធី​ប្រកាស​ដេញថ្លៃ​ធ្វើ​ផ្លូវ​ចាក់​ក្រួស​ក្រហម​មួយ​ខ្សែ ពី​ចំណុច​គោក​ទន្សាយ​ទៅដល់​ភូមិ​ត្របែក​ដែលមាន​ប្រវែង​១១៥២​ម៉ែត្រ តែ​ការដេញថ្លៃ​នោះ​ធ្វើឡើង​ដោយ​ស្ងាត់ៗ ព្រោះ​ក្រុមហ៊ុន​ចំនួន​៣​ចូលរួម​ដេញថ្លៃ ហើយ​ក្រុមហ៊ុន​២​ទៀត​អាចជា​ក្រុមហ៊ុន​ខ្យល់​មានតែ​ឈ្មោះ​។ នៅក្នុង​ការដេញថ្លៃ​នោះ​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ឈ្មោះ សេង ប៊ុនលី ជា​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​ផ្លូវ​ក្នុង​ទឹកប្រាក់ ៨៥ ២៥០ ០០០​រៀល ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង​។ ចំណុច​ដែល​មហាជន​រិះគន់​នោះ គឺ​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ឈ្មោះ សេង ប៊ុនលី ធ្លាប់​ដេញថ្លៃ​ទទួលបាន​ជោគជ័យ​ស្ងាត់ៗ​ក្នុងការ​ជួសជុល​រប​ង​សាលាស្រុក​កំពង់​លែងមាន​ប្រវែង​២៦០​ម៉ែត្រ ត្រូវ​ចំណាយ​ថវិកា ៨៦ ៦៣៨ ០០០​រៀល​។

មន្ត្រីរាជការ​ក្នុងស្រុក​កំពង់លែង​សង្ស័យថា ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ឈ្មោះ សេង ប៊ុនលី អាច​ទទួលបាន​សិទ្ធិ​ធ្វើ​ផ្លូវ​និង​ជួសជុល​របង​សាលាស្រុក​កំពង់លែង​តាមរបៀប​ពុករលួយ ហើយ​មាន​ប្រធាន​ហិរញ្ញវត្ថុ​ខេត្ត និង​អភិបាលស្រុក​កំពង់លែង ជា​អ្នក​ឃុបឃិត​។ មន្ត្រីរាជការ​ក្នុងស្រុក​កំពង់លែង បាន​រំលឹកថា​ការដេញថ្លៃ​គម្រោង​ទាំង​២​ខាងលើ​ធ្វើឡើង​ដោយ​ស្ងាត់ៗ​មិនមាន​បិទ​ប្រកាស​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ក៏ដូចជា​នៅ​សាលាស្រុក​កំពង់លែង តាមច្បាប់​លទ្ធកម្ម​សាធារណៈ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​នោះទេ​។ ដូច្នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ត្រូវ​សើរើ​ឡើងវិញ​ជាបន្ទាន់​ព្រោះ​គម្រោង​ធ្វើ​ផ្លូវ​ពី​ចំណុច​គោក​ទន្សាយ​ដល់​ភូមិ​ត្របែក ដែលមាន​ចម្ងាយ​១១៥២​ម៉ែត្រ​នោះ គឺជា​ជំនួយ​របស់​អង្គការ​ស៊ី​ដា​។ ការស៊ើបអង្កេត​ឡើងវិញ​គឺជា​រឿង​សំខាន់​ណាស់ ដើម្បី​កុំ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

imageលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង​