និស្សិតអេយូភីភី ចាប់ផ្តើមហាត់រៀនការងារដឹកនាំ

ភ្នំពេញ: ​ស្របទៅតាម​ពាក្យស្លោក​របស់ខ្លួន​«​បង្រៀន​និស្សិត​ថ្ងៃនេះ ឲ្យក្លាយ​ជា​អ្នក​ដឹកនាំ​នៅ​ថ្ងៃស្អែក​» សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (​អេយូ​ភីភី​) បានចាប់ផ្តើម​បង្ហាត់បង្រៀន​និស្សិត​ឲ្យ​ហាត់រៀន​ជា​បណ្តើរៗ​អំពី​ការបំពេញ​តួនាទី​ជា​អ្នកដឹកនាំ និង​តួនាទី​ជា​អ្នកតំណាង តាមរយៈ​ការបង្កើត​អង្គការ​និស្សិត​មួយ ប្រចាំ​សាកលវិទ្យាល័យ​។

​ក្នុងន័យ​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​ផង ពោល​គឺ​ការធានា​បាន​នូវ​កិច្ច​ការពារ​និង​ការបំពេញ​នូវ​សេចក្តីត្រូវការ​របស់​និស្សិត ក៏ដូចជា​ការពង្រឹង​ប្រតិបត្តិការ និង​ការប្រព្រឹត្តទៅ​របស់​សាកលវិទ្យាល័យ​ឲ្យបាន​កាន់តែ​ល្អ  ការខិតខំ​រួមគ្នា​និង​ការពង្រឹង​សាមគ្គីភាព ទំនាក់​ទំ​នង​សហការគ្នា​កាន់តែ​រឹងមាំ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ចំណោម​និស្សិត សាស្ត្រាចារ្យ ក្រុមប្រឹក្សាភិបាល ក៏ដូចជា​ផ្នែក​រដ្ឋបាល​របស់​សាកលវិទ្យាល័យ​និង​ក្នុងន័យ​ហាត់រៀន​ជា​បណ្តើរៗ​ផង  និស្សិត​អេយូ​ភីភី​បាន​បង្កើតឡើង​នូវ​គណ​អភិបាល​និស្សិត​មួយ​ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា Student Government​។​

​ផ្អែក​លើ​លក្ខ​ខន្តិកៈ​ដែល​ទើប​នឹង​អនុម័ត​នាពេ​ល​ថ្មីៗ​នេះ និស្សិត​អេយូ​ភីភី ត្រូវ​ធ្វើ​ការបោះឆ្នោត​តែងតាំង​អ្នក​ដឹកនាំ​របស់​ខ្លួន​។ ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​កាល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ធ្នូ​។ នៅពេលនោះ និស្សិត​មាន​ពេល​២៤​ម៉ោង សម្រាប់​បោះឆ្នោត​ឲ្យ​បេក្ខជន បេ​ក្ខ​នារី​រូប​ណា​ដែល​គេ​ជឿ​ថា​អាច​ធ្វើជា​តំណាង​ឲ្យ​ផលប្រយោជន៍​រួម​របស់​អង្គភាព បានល្អ​ជាង​គេ​។
 
​នៅ​ទីបំផុត លទ្ធផល​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​១៨ ធ្នូ ហើយ​និស្សិត​ដែល​បាន​ជាប់ឆ្នោត ត្រូវ​ចូលកាន់​តំណែង​របស់​ខ្លួន​ភ្លាម ហើយ​នឹង​ចាប់ផ្តើម​អនុវត្ត​ក៏ដូចជា​លើក​ជ្រោង​នូវ​បទបញ្ញត្តិ​ទាំងឡាយ​នៅក្នុង​លក្ខ​ខន្តិ​កៈ ដើម្បី​ធានា​ដល់​ផលប្រយោជន៍​របស់​អង្គភាព​ផង និង​ផលប្រយោជន៍​របស់​អេយូ​ភីភី ផង​។​

និស្សិតអេយូភីភី ចាប់ផ្តើមហាត់រៀនការងារដឹកនាំ

និស្សិតអេយូភីភី ចាប់ផ្តើមហាត់រៀនការងារដឹកនាំ