ការ​មាន​ផ្ទៃពោះ​នៅ​សប្តាហ៍​ទី​២៩

ការ​មាន​ផ្ទៃពោះ​នៅ​សប្តាហ៍​ទី​២៩

​ឥឡូវនេះ​កូន​របស់​អ្នក​មាន​ទម្ងន់​ប្រហែល ១,២ គីឡូក្រាម ហើយ​ចំពោះ​ប្រវែង​ខ្លួន​វិញ ចាប់ពី​ក្បាល​ដល់​កែងជើង​គឺ ៣៨ សង់ទីម៉ែត្រ​។ សាច់ដុំ និង​សួត​របស់គេ កំពុងតែ​បន្ត​ធំធាត់ ក្បាល​កំពុងតែ​លូតលាស់​ធំ​ជាង​មុន សម្រាប់​បង្កើត​ជា​កន្លែង​អភិវឌ្ឍន៍​ខួរក្បាល​ក្នុងនោះ​។ ដើម្បី​ផ្តល់​នូវ​តម្រូវការ​អាហា​រូបត្ថ​ម្ភ ដែល​គេ​ត្រូវការ​កាន់តែ​ច្រើន​បាន អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន វីតាមីន C អាស៊ីតហ្វូលិ​ច និង​ជាតិ​ដែក​ឲ្យបាន​ច្រើន​។ ដោយសារ​តែ​ឆ្អឹង​របស់គេ កំពុងតែ​បឺត​ស្រូប​ជាតិ​កាល់ស្យូម​យ៉ាងច្រើន ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​ផឹក​ទឹកដោះគោ​ឲ្យបាន​ច្រើនដែរ (​ឬ​ស្វែងរក​ប្រភព​អាហារ​ល្អៗ​ផ្សេងទៀត ដែល​មាន​ជាតិ​កាល់ស្យូម​ដែរ ដូចជា​ហ្វ្រូ​មាត ទឹកដោះគោ​ជូរ ឬ​ទឹកក្រូច​ច្របាច់​កែច្នៃ​)​។ នៅ​ត្រីមាស​មួយ​នេះ ជាតិ​កាល់ស្យូម​ប្រហែល ២៥០ មី​លី​ក្រាម​ត្រូវបាន​ប្រមូលផ្តុំ នៅក្នុង​គ្រោងឆ្អឹង​របស់​កូន​កាន់តែ​មាំ​ទៅៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ឥឡូវនេះ​កូន​របស់​អ្នក មាន​សកម្មភាព​ខ្លាំងណាស់​។ គ្រូពេទ្យ​ប្រហែលជា​ចង់​ឲ្យ​អ្នក ចំណាយ​ពេលវេលា​មួយ​ចំនួន ដើម្បី​រាប់​ចំនួន​នៃ​ការ​ធាក់​របស់​កូន​រាល់ថ្ងៃ និង​ផ្តល់​ការណែនាំ​ពិសេស ពី​របៀប​ដែល​ត្រូវធ្វើ​រឿងនេះ​។ ចូរ​ប្រាប់​គ្រូពេទ្យ​ឲ្យបាន​ដឹង​ផង បើសិន​ជា​អ្នក​ធ្លាប់​សម្គាល់​ឃើញថា កូន​កំពុងតែ​មាន​សកម្មភាព​តិច​ជាង​មុន​។ អ្នក​ប្រហែលជា​ត្រូវការ​ធ្វើ​តេស្ត Nonstress ឬ Biophysical Profile ដើម្បី​ពិនិត្យ​ស្ថានភាព​របស់​កូន​។

​ឥឡូវនេះ រោគសញ្ញា​ចាស់ៗ​ដូចជា ក្រហាយ​ដើមទ្រូង ឬ​ទល់លាមក ប្រហែល​ជា​កើតឡើង​ហើយ​។ អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ​ឈ្មោះថា ប្រូ​ហ្សេ​ស​ស្តេ​រ៉ូន (Progesterone) មាន​នាទី​បន្ធូរ​ជាលិកា​សាច់ដុំ​រលោង ទាំងអស់​ក្នុង​រាងកាយ រួម​ទាំង​ផ្លូវ​ក្រពះ​ពោះវៀន​ផងដែរ​។ ការ​បន្ធូរ​សាច់ដុំ​រលោង​បែបនេះ រួម​ទាំង​កើតឡើង​ក្នុង​ពោះ​ទៀត វា​ងាយ​នឹង​ធ្វើ​ឲ្យ​ពិបាក ដល់​ការរំលាយ​អាហា​រណាស់​។ ការរំលាយ​អាហារ​ដ៏​យឺតយ៉ាវ អាច​បង្កើត​ជា​ខ្យល់ ក្រហាយ​ដើមទ្រូង (​ជាពិសេស ក្រោយ​ពី​ញ៉ាំ​អាហារ​ច្រើនៗ​រួច​) ព្រមទាំង​នាំ​ឲ្យ​ទល់លាម​កទៀត​។​

​ការលូតលាស់​របស់​ស្បូន​អ្នក ក៏​ប្រហែលជា​ធ្វើឲ្យ​កើត​ជំងឺឬ​សដូង​បាតដែរ ហើយ​វា​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់ ពេល​មាន​ផ្ទៃពោះ​តែម្តង​។ សំណាង​ដែរ អាការៈ​បែបនេះ ច្រើន​តែ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ក្រោយ​ពី​សម្រាល​រួច​។ បើសិនជា​វា​ធ្វើឲ្យ​រមាស់ ឬ​ឈឺចាប់​ខ្លាំង ចូរ​ព្យាយាម​អង្គុយ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ស្អំ​ទឹកកក​ត្រជាក់ ទៅលើ​កន្លែង​ដែល​មាន​បញ្ហា​។ ចូរ​ចៀសវាង​ការ​អង្គុយ ឬ​ឈរ​រយៈពេល​យូរ​។ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ មុន​ពេល​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​គ្រប់​ប្រភេទ ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ចូរ​ឲ្យ​គាត់​ដឹង​ដែរ បើសិន​ជា​អ្នក​មាន​អា​ការៈហូរ​ឈាម​តាម​រុន្ធ​គូថ​។ ដើម្បី​បង្ការ​អាការៈ​ទល់លាមក ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ផឹកទឹក​ឲ្យបាន​ច្រើន និង​ហាត់ប្រាណ​មួយចំនួន​ឲ្យ​ទៀងទាត់​។ ស្ត្រី​ខ្លះ​អាច​នឹង​មាន​បញ្ហា Supine Hypotension Syndrome ពេល​មាន​ផ្ទៃពោះ​។ អាការៈ​បែប​នេះ​កើតឡើង នៅ​ពេល​ពួកគេ​គេង​ផ្ងារ ដែល​ធ្វើឲ្យ​ផ្លាស់ប្តូរ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម ដែល​ជាហេតុ​នាំឲ្យ​មាន​អារម្មណ៍​វិលមុខ ទាល់តែ​ផ្លាស់ប្តូរ​ឥរិយាបថ ឬ​ងើបឡើង​ទើប​បាត់​ទៅ​វិញ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍ ដូច​ចង់​សន្លប់ ឬ​វិលមុខ បើសិនជា​ក្រោកឈរ​លឿន​ពេក​។ ចូរ​ចៀសវាង​ធ្វើ​ចលនា​បង្វិល​ខ្លួន ចូរ​ព្យាយាម​គេង​ចំហៀង ហើយ​រាល់​ការ​ធ្វើ​ចលនា​ទាំងអស់ គួរតែ​ធ្វើ​ដោយ​យឺតៗ​ដូចជា ងើប​ពី​គេង​ហើយ អង្គុយ​សិន បន្ទាប់​មក​ចាំ​ងើបឈរ​ក្រោយ​។

សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ​
​ឥលូវ​នេះ​ចូរ​ទៅ​ទិញ​របស់​របរ​សំខាន់ៗ​មួយចំនួន​មក​។ ខាងក្រោម​នេះ គឺជា​របស់​មួយ​ចំនួន ដែល​អ្នក​នឹង​ត្រូវការ សម្រាប់​ពីរ​បី​សប្តាហ៍​ដំបូង នៅពេល​ដែល​វា​ស្ទើរតែ មិន​អាច​ទៅ​ទិញ​បាន ៖
•​    ​កន្ទប​កូនក្មេង និង​ក្រណាត់​ជូត​សម្អាត​
•​    ​របស់របរ​ថែទាំ​ទារក​ដូចជា កន្ត្រៃ​កាត់​ក្រចក ប្រដាប់​វាស់​កម្តៅ សឺ​រ៉ាំ​ង​ចាក់​ថ្នាំ និង​ក្បាលដោះ​
•​    ​ម្ស៉ៅ​សាប៊ូ​សម្រាប់​បោក​អ៊ុត​
•​    ​កាត និង​តែម​អរគុណ​
•​    ​កន្សែងពោះគោ និង​ក្រដាស​សម្រាប់​សម្អាត​ក្រោយ​ពី​ញាប់​អាហារ​រួច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។