​លោក សួន សេរី​​​រដ្ឋា​​​​​​ប្តឹង​​​លោក ​​​ហោ ណាំ​​​ហុង​​​ទៅ​​​​​​តុលាការ​​​ក្រុង​​​

លោក សួន សេរី​​​រដ្ឋា​​​ ប្រធាន​​​​​​គណបក្ស​​​​​​អំណាច​​​ខ្មែរ​​​បាន​​​ដាក់​​​ពាក្យ​​​​​​​​​បណ្តឹង​​​​​​នៅ​​​ឯ​​​​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​នៅ​​​ថ្ងៃ​​​នេះ ដោយ​​​​​​​​​ប្តឹង​​​​​​លោក ហោ ណាំហុង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​​​​ពី​​​បទ​​​​​​បរិហារ​​​កេរ្តិ៍ និង​​​ញុះ​​​ញង់​​​​​​ឲ្យ​​​មាន​​​ការ​​​រើស​​​អើង​​​ បន្ទាប់​​​ពី​​​លោក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​​​​បាន​​​ចាត់​​​ទុក​​​លោក​​​ និង​​​មន្ត្រី​​​បក្ស​​​របស់​​​លោក​​​​​​ថា​​​ជា​​​​​​ភេរ​​​វករ​​​កាល​​​ពី​​​ពីរ​​​​​​សប្តាហ៍​​​មុន។​​​

លោក សេរី​​​រដ្ឋា ​​​​​​ដែល​​​បាន​​​ចំណាយ​​​ពេល​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​នៅ​​​ក្រៅ​​​ប្រទេស ត្រូវ​​​បាន​​​តុលា​​​ការ​​​​​​​​​​​​ផ្តន្ទា​​​ទោស​​​​​​​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ពី​​​បទ​​​ញុះ​​​ញង់ ​​​មាន​​​​​​គំនិត​​​ក្បត់​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត ហើយ​​​លោក​​​ត្រូវ​​​កាត់​​​ឲ្យ​​​ជាប់​​​​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​៧​​​ឆ្នាំ​​​ មុននឹង​​​ទទួល​​​បាន​​​ការ​​​លើក​​​លែង​​​​​​ទោស​​​​​​ដែល​​​ស្នើ​​​ដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ហើយ​​​​​​លោក​​​បាន​​​វិល​​​ត្រឡប់​​​មក​​​​​​កម្ពុជា​​​វិញ​​​ ដើម្បី​​​បើក​​​​​​គណបក្ស​​​អំណាច​​​​​​​​​ខ្មែរ។ សមាជិក​​​បក្ស​​​​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ក៏​​​ត្រូវ​​​​​​បាន​​​តុលាការ​​​​​​ផ្តន្ទា​​​ទោស​​​ពី​​​បទ​​​ស្រដៀង​​​គ្នា​​​ដែរ តែ​​​បន្ទាប់​​​មក​​​ក៏​​​ទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស​​​។

និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ក្នុង​​​បរិវេណ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ព្រឹក​​​មិញ​​​នេះ លោក សេរី​​​រដ្ឋា បាន​​​និយាយ​​​ថា “ទោះ​​​បី​​​ជា​​​យើង​​​ដឹង​​​ថា ទទួល​​​បាន​​​ភាគ​​​រយ​​​តិច​​​តួច​​​ថា គេ​​​នឹង​​​ចាត់​​​រឿង​​​ក្តី​​​ ឬ​​​ផ្តល់​​​​​​យុត្តិ​​​ធម៌ ប៉ុន្តែ​​​យើង​​​ត្រូវ​​​តែ​​​ប្តឹង​​​ ពី​​​ព្រោះ​​​ខ្ញុំ​​​ចង់​​​បង្កើន​​​​​​ករណី​​​អយុត្តិ​​​ធម៌​​​​​​នៅ​​​តុលាការ​​​​​​ឲ្យ​​​កាន់​​​តែ​​​ច្រើន​​​។ ពី​​​ព្រោះ​​​បើ​​​តុលាការ​​​នេះ​​​​​​មិន​​​ហ៊ាន​​​កាត់​​​ក្តី​​​ មិន​​​ហ៊ាន​​​ផ្តល់​​​យុត្តិ​​​ធម៌​​​ដល់​​​គណ​​​បក្ស​​​​​​អំណាច​​​ខ្មែរ​​​ និង​​​សមា​​​ជិក​​​​​​របស់​​​យើង​​​ យើង​​​ទទួល​​​​​​រង​​​ចោទ​​​ប្រកាន់​​​ថា​​​ជា​​​ភេរវករ​​​ គឺ​​​ជា​​​រឿង​​​អយុត្តិ​​​ធម៌”។​​​​​​

​ក្នុង​​​​​​សន្និសីទ​​​កាសែត​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សេរី​​​រដ្ឋា​​​​​​ បាន​​​ចាក់​​​សំឡេង​​​​​​របស់​​​លោក ហោ​​​ ណាំ​​​ហុង​​​ ដែល​​​​​​បាន​​​​​​​​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យកព័ត៌មាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​ធ្នូ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​​​​ប្តេជ្ញា​​​របស់​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ក្នុង​​​ការ​​​លើក​​​កម្ពស់​​​​​​​​​នយោ​​​បាយ​​​ពហុ​​​បក្ស។​​​

​​លោក ហោ ណាំហុង បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​​​​​​​​​​ខ្សែ​​​អាត់​​​សំឡេង​​​​​​ថា “ជាពិសេស គណបក្ស​​​​​​របស់​​​សួន សេរី រដ្ឋា នៅ​​​អាមេរិក ដែល​​​កន្លង​​​មក​​​រហូត​​​ដល់​​​មាន​​​​​​សមាជិក​​​របស់គេ​​​ធ្វើ​​​ភេរវ​​​កម្ម​​​​​​នៅកម្ពុជា ផង ដែល​​​យើង​​​បាន​​​លើក​​​លែង​​​ទោស​​​ឲ្យ​​​ពួក​​​គេ ហើយ​​​យើង​​​ចង់​​​ពង្រឹង​​​​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ពហុបក្ស”។

លោក សេរី​​​រដ្ឋា បាន​​​មាន​​​​​​ប្រសាសន៍​​​ថា ​​​លោក​​​​​​មិន​​​អាច​​​ទទួល​​​យក​​​​​​ការ​​​​​​លើក​​​ឡើង​​​បែប​​​ហ្នឹង​​​​​​បាន​​​ទេ។​​​ ក្នុង​​​ពាក្យ​​​បណ្តឹង​​​នោះ លោក សេរី​​​រដ្ឋា ទាម​​​ទារ​​​​​​សំណង​​​​​​​​​​​​​​​ជំងឺ​​​ចិត្ត​​​៥០០​​​លាន​​​រៀល​​​។

លោក ការ សាវុធ មេធាវី​​​របស់​​​លោក ហោ ណាំហុង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។

លោក លី ចាន់​​​ដារ៉ា មន្ត្រី​​​​​​គ្រប់​​​គ្រង​​​រដ្ឋ​​​បាល​​​​​​តុលាការ​​​ក្រុង​​​ភ្នំពេញ បាន​​​និយាយ​​​ថា លោក​​​បាន​​​ទទួល​​​​​​​​​​​​ពាក្យ​​​បណ្តឹង​​​ពី​​​លោក សេរី​​​រដ្ឋា​​​ នៅ​​​ថ្ងៃ​​​នេះ ហើយ​​​ថា លោក​​​នឹង​​​បញ្ជូន​​​​​​​​​ពាក្យ​​​បណ្តឹង​​​នោះ​​​ទៅ​​​ឲ្យ​​​​​​​​​ព្រះ​​​រាជ​​​អាជ្ញា៕​​​​​​​​​

 

 

The post ​លោក សួន សេរី​​​រដ្ឋា​​​​​​ប្តឹង​​​លោក ​​​ហោ ណាំ​​​ហុង​​​ទៅ​​​​​​តុលាការ​​​ក្រុង​​​ appeared first on ខេមបូឌា ដេលី.