​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​​ ដើម្បី​ពង្រីក​ការងារ​មនុស្សធម៌​លើ​សេវា​សុខភាព

រាជធានី​ភ្នំពេញ​ ៖​ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​​​សេវា​ថែទាំ​សុខភាព​របស់​ប្រជាជន​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នានា ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​ពង្រីក​សកម្មភាព​បេសកកម្ម​ចុះ​ពិនិត្យ​ព្យាបាល​ និង​ស្វែ​ងរក​ដៃគូសហ​ការ​ទាំង​នៅ​ក្នុង​​និង​ក្រៅប្រទេស​ ដើម្បី​ឱ្យ​ការ​ព្យាបាល​អ្នកជំងឺ​កាន់តែ​មាន​វិសាល​ភាព​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។

ជាក់ស្តែង នា​ល្ងាច​ថ្ងៃ​ទី​១៩ ​ខែធ្នូ ឆ្នាំ​២០១៥​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ថ្មី​មួយទៀត ​ជាមួយ​អង្គការ​Saint John មក​ពី​ប្រទេស​សឹ​ង្ហ​បូ​រី ​ក្រោម​អធិបតីភាព ​លោក ហ៊ុន​ ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុនី​ ហ៊ុន ម៉ា​ណែ​ត ​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ជាមួយ​លោក​វេជ្ជបណ្ឌិត Chan Sze Hua ​ប្រធាន​ផ្នែក​បេសកកម្ម​មនុស្សធម៌​ក្រៅប្រទេស​ និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​នៃ​ស្ថាប័ន​ទាំង​ពីរ​ជា​ច្រើន​នាក់​ផង​ដែរ ​។

លោក ហ៊ុន ម៉ា​ណែ​ត​ បាន​មាន​ប្រសាសន៍​ថា​ សកម្មភាព​យើង​មិនមែន​ជំនួស​ឱ្យ​ក្រសួងសុខាភិបាល​ទេ​ តែ​ជា​ផ្នែក​មួយ​រួមចំណែក​បំពេញបន្ថែម​សម្រាប់​បម្រើសេវា​សុខ​ភាព​ដល់​ប្រជាជន​ក្រីក្រ​នៅ​តាម​ទី​ជនបទ​នានា​ទូ​ទាំង​ប្រទេស​ ។ ​ការ​ចុះហត្ថលេខា​ថ្ងៃនេះ ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយទៀត ដោយសារ​ទឹកចិត្ត​របស់​សមាជិក​នៃ​សមាគម​ទាំង​ពីរ​មាន​​ភាព​ស្រ​ដៀង​គ្នា​ គឺ​ការ​រួមចំណែក​ជួយ​ការងារ​មនុស្សធម៌ ​ដូចនេះ​យើង​សង្ឃឹមថា​ បេសកកម្ម​របស់​យើង​នឹង​រីក​លូតលាស់​ទៅ​មុខជា​មួយ​គ្នា​ ។

លោក​វេជ្ជបណ្ឌិត Chan Sze Hua ​និង​សហការី បាន​គាំទ្រ​ និង​ជឿជាក់​ថា​ ការ​ចុះ​អនុស្សរណៈ​យោគយល់​នា​ថ្ងៃនេះ​ គឺជា​ឱកាស​ដ៏​ប្រពៃ​ដែល​អាចឱុ្យ​អង្គការ​របស់​លោក​បាន​ចូលរួម​ធ្វើការ​រួម​គ្នា​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ ក្នុង​ការ​ថែរក្សា​សុខភាព​ដល់​ប្រជាជន​ចាប់ពី​ថ្ងៃនេះ​ និង​ទៅ​ថ្ងៃ​អនាគត​ ៕