យុវជន​៤​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ ពេលឃើញប៉ូ​លិសនាំ​គ្នា​ជិះ​គេច​ ត្រូវ​ប៉ូលិស​ដេញចាប់​បាន​២នាក់​

រាជ​ធានីភ្នំពេញ​ ៖ យុវជន​៤​នាក់​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ម្នាក់​១​គ្រឿង ​អត់​ស្លាក​លេខ​ក្នុង​ល្បឿន​លឿនបាន​ជួប​​កម្លាំងប៉ូលិស​កំពុង​ល្បាត​តាម​ផ្លូវ​នោះ​ដែរ ​លុះ​ពេល​ក្រឡេក​ឃើញ​ប៉ូ​លិស​ភ្លាម បាន​ព្យាយាម​ជិះ​គេច ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ​ចំណែក​ប៉ូលិសក្រោយ​ពេល​ឃើញ​ជនសង្ស័យ​រត់​គេច​​គួរឱ្យសង្ស័​យ​ក៏​បាន​ដេញ​តាម​ដើម្បី​ឃាត់​សួរនាំ ប៉ុន្តែ​យុវជន​ទាំង​ពីរ​នាក់​នោះ មិន​ព្រម​ឈប់​ឡើយ ​បែរជា​ព្យាយាម​ជិះ​រត់គេច​ខ្លួន បន្ត​ទៀត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប៉ូ​លិស​តាម​បណ្ដា​គោលដៅ​នានា​ស្មានថា​ ​ជា​ចោរ​បាន​ចេញ​ពួនស្ទាក់គ្រប់​ៗ​គ្នា​ទើប​ចាប់​បាន​២​នាក់​ និង​២​នាក់​ទៀត​រត់​រួច​។

ហេតុការណ៍​នោះបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ ថ្ងៃ​ទី២០ ​ធ្នូ ​​២០១៥ នៅ​ចំណុច​រង្វង់​មូល​ថ្នល់បំបែកចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។        

ប៉ូ​លិ​សបាន​ឲ្យ​ដឹង​ថា ​ម៉ូតូ​១​គ្រឿង​ម៉ាក​Suzuki Nex ​ជិះ​ដោយ​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ និង​១​គ្រឿង​ទៀត ម៉ាក​Honda Dream ​សេ​១២៥​ ស៊េរី​ ​២០១៥ ព​ណ៌ខ្មៅ អត់​ស្លាក​លេខ​ជិះ​ដោយយុវជន​២​នាក់ ​ក្នុង​នោះ​ម្នាក់​ឈ្មោះ ប៉ុន ចាន់​ថា អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ នូ ធា​រ៉ុ​ង ​អាយុ​១៧​ឆ្នាំ ​ទាំង​២នាក់ ​បច្ចុប្បន្នស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ​ខណ្ឌដង្កោ ​​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ។

​ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ូលិស​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ដឹង​ថា​ ពួក​គេ​មិនមែន​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​​ឡើយ គឺ​ជិះ​ម៉ូតូ​អត់ស្លាក​លេខ ហើយ​ពេល​ជួប​ប៉ូលិស​មានការ​ភ័យ​ខ្លាច ក៏​បាន​ជិះ​រត់គេច​ចេញពី​ប៉ូលិស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះបី​បែប​ណា​កំហុស​មួយ​គឺពេល​ប៉ូលិស​ឃាត់ ពួក​គេ​មិន​ព្រម​ឈប់​ ថែម​ទាំង​ធាក់​ផ្ដួល​ម៉ូតូ​ប៉ូលិស​ថែម​ទៀត​ តែ​សំណាងល្អ​មិន​បានបណ្ដាល​ឲ្យ​ប៉ូលិស​ដួល​ម៉ូតូ​​ឡើយ ទើប​គ្មាន​គ្រោះថ្នាក់​។

​ពេល​នេះ​ប៉ូលិស​កំពុង​សាកសួរ​ និងរង់ចាំ​ឲ្យអាណាព្យាបាល​ទៅ​ធានា​ក្រោយ​ពេល​អប់រំ​រួច​ដោះ​លែងឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​៕​​