សម្តេចក្រឡាហោម ​ស ខេង​ ​៖ ចាប់ពីថ្នាក់​ឧបនាយករដ្ឋមន្រ្តី​ចុះក្រោមត្រូវដោះស័ក្តិ​ចេញពេលធ្វើដំណើរ​តាមផ្លូវ

ខេត្តសៀមរាប ៖ ​សម្តេចក្រឡាហោម ស ខេង ​បានមានប្រសាសន៍ស្នើឲ្យមន្រ្តីជាន់ខ្ពស់​ចាប់ពីថ្នាក់ឧបនាយករដ្ឋមន្រ្តីចុះក្រោម​ ត្រូវ​ដោះស័ក្តិចេញ​ធ្វើជាពលរដ្ឋធម្មតា​ពេល​ធ្វើ​​ដំណើរតាមផ្លូវ ​ដើម្បីឲ្យមន្រ្តីនគរបាល​ដែលមានឋានៈតូចៗ ​ហានធ្វើការផាកពិន័យចំពោះ​មន្រ្តីជាន់ខ្ពស់ណាម្នាក់​​នៅពេល​ប្រព្រឹត្ត​ខុសច្បាប់ចរាចរណ៍ ។

សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃមាន​ប្រសាសន៍ខាងលើបែបនេះ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២១​ ធ្នូ ២០១៥ ​នៅក្នុងឱកាសសម្តេចបាន​អញ្ជើញ​ជាអធិបតីសម្ពោធ​អគារការិយាល័យនៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍និងអគាស្នាក់​នៅសម្រាប់មន្រ្តីប៉ុស្តិ៍នគរបាល​ច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិសៀមរាប ។

បើតាមសម្តេចក្រឡាហោម ​ស ខេង នៅថ្ងៃទី៣១ ​ធ្នូ ខាងមុខ​ ក្រសួងមហាផ្ទៃនឹងកោះហៅ​អភិបាលនិងស្នងការនគរបាលរាជធានី​-ខេត្តទូទំាងប្រទេស​ប្រជុំផ្សព្វផ្សាយ​ពីការ​អនុវត្តច្បាប់​ចរាចរណ៍​​ផ្លូវ​គោកថ្មី​ចាប់ពី​​ដើមខែមករា ២០១៦ ៕