អ្នក​ដែលរំលោភ​ចំណី​ផ្លូវ​​រថភ្លើង​ក្រុងប៉ោយប៉ែត ក្រុម​ការងារ​មិន​អាច​ចុះ​បញ្ជី​​បានទេ​

ខេត្ត​បន្ទាយ​មានជ័យ ៖ អភិបាលរង​ខេត្ត​ថា​​ ​ប្រជាពលរដ្ឋ​ដែល​រំលោភ​ចំណី​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្រុមការងារ​មិន​អាច​ចុះ​បញ្ជី​បាន​ឡើយ​ដែល​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោភ័ណ​។

លោក​លី សារី អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៣​ក្រុម ដែល​កំពុង​អនុវត្ត និង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី និង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ និង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា លទ្ធផល​ការងារ​ដែល​អនុវត្តន៍​បានការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូរ​ទាំង​ខេត្ត​បាន​សរុប​ចំនួន​១១៣.០៦៤​​ប័ណ្ណ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​មួយ​ចំនួន​ពី​ដៃគូ​អភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក លី សារី បាន​មាន​ប្រសាសន៍​ថា​៖​ប្រជាពលរដ្ឋ​មិន​ត្រូវ​រំលោភ​យក​ដី​ភ្នំ បឹងបួរ អូរ ប្រឡាយ​ស្ទឹង ឬចំណី​ផ្លូវ​ដូច​ចំណី​ផ្លូវ​រថ​ភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ជំនាញ​មិន​អាច​ចុះបញ្ជី​ដីធ្លី​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ឡើយ ។