ជាប់ចោទ​ពី​បទ​ចាប់រំលោភ រដ្ឋមន្ត្រី​មហាផ្ទៃ​អីុ​ស្រា​អែ​ល​សុំ​លាលែង

រដ្ឋមន្ត្រី​មហាផ្ទៃ​អីុ​ស្រា​អែ​ល លោក SILVAN SHALOM ប្រកាស​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ថា លោក​បាន​សុំ​លាលែង​ចេញពី​តំណែង ហើយ​ចាក​ចេញពី​នយោបាយ បន្ទាប់​ពី​បណ្តាសារ​ព័ត៌មាន​ចុះ​ផ្សាយ​ពី​ការ​ចោទប្រកាន់​រូប​លោក​ពី​បទ​ចាប់រំលោភ ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក SHALOM សមាជិក​គណបក្ស LIKOUD ជា​គណបក្ស​ស្តាំ​និយម​របស់​នាយក​រដ្ឋមន្ត្រី លោក​បេន ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ដែល​ក៏​កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ និយាយ​ថា ក្នុង​កាលៈទេសៈ​បែប​នេះ ខ្ញុំ​បាន​សម្រេច​សុំ​លាលែង​ចេញពី​តំណែង​រដ្ឋមន្ត្រី និង​សមាជិក​សភា ។ គ្រួសារ​ខ្ញុំ​ផ្តល់​ការ​គាំទ្រ​ទាំងស្រុង​ចំពោះ​រូប​ខ្ញុំ ដោយ​ពុំ​គិត​ពី​ការ​បង់​តម្លៃ​បែប​ណា​នោះ​ឡើយ ។

បណ្តាសារ​ព័ត៌មាន​អីុ​ស្រា​អែ​ល​រាយការណ៍​ពី​ការ​ចោទប្រកាន់​ជា​ច្រើន​ពី​បទ​រំលោភ​​លើ​អតីត​ស្ត្រី​និយោជិត​របស់​លោក SHALOM ច្រើន​នាក់ ។ កាលពី​ស​ប្តា​ហ៍​មុន កាសែត​ឆ្វេងនិយម HAARETZ គូសបញ្ជាក់​ថា អតីត​ស្ត្រី​និយោជិត​ម្នាក់​បាន​ចោទប្រកាន់​រដ្ឋមន្ត្រី​រូប​នេះ តែ​ពុំ​បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ចំពោះ​ប៉ូលិស​ឡើយ ។ នារី​រូប​នេះ​អះអាង​ថា កាលពី​ជាង​១០​ឆ្នាំ​មុន លោក SHALOM ដោយសារ​មាន​អំណាច​លើ​រូប​នាង បាន​ជំរុញ​រូប​នាង​ឱ្យ​ព្រម​រួម​ភេទ​ជាមួយ ។ នាង​ថា​រឿង​នេះ​អាច​តុលាការ​បដិសេធ​ពាក្យបណ្តឹង ព្រោះ​វា​កើត​មាន​យូរ​ពេក​មក​ហើយ ។ រឿង​ដូច​គ្នា​នេះ​កើត​មាន​ទៀត កាលពី​ឆ្នាំទៅ​មិ​ញ ខណៈ​លោក SHALOM ជា​បេក្ខជន​មួយ​រូប​សម្រាប់​បន្ត​តំណែង​ពី​ប្រធានាធិបតី​លោក​ស៊ី​ម៉ុ​ន ប៉េ​រេស ។

កាសែត HAARETZ សរសេរ​នា​ថ្ងៃ​ទី​២០ ធ្នូ ថា បន្ទាប់​ពី​ព័ត៌មាន​នេះ​មក នារី​ជា​ច្រើន​រូប​ទៀត​ក៏​អះអាង​ថា រដ្ឋមន្ត្រី​រូប​នោះ​ចាប់រំលោភ​ពួក​នាង​ដែរ ។ កាសែត​ហ្សេ​រុយ​សា​ឡឹម​ប៉ុស្តិ៍​លើក​ឡើង​ពី​នារី​១១​នាក់​ដែល​គូសបញ្ជាក់​ថា លោក SHALOM បាន​បង្ខំ​រួម​ភេទ​ជាមួយ​ពួក​នាង​ដោយ​ពុំ​សម​ស្រប ។

បន្ទាប់​ពី​ការ​សុំ​លាលែង​របស់​លោក SHALOM អគ្គ​រដ្ឋ​អាជ្ញា​ស្នើ​ដល់​ប៉ូលិស​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​លើ​បទចោទប្រកាន់​ប្រឆាំង​រូប​លោក ៕