ប្រធានាធិបតី​រុ​ស្ស៊ី​អះអាង​ថា ពុំ​មាន​ចេតនា​បង្កើត​សហភាព​សូ​វៀត​ឡើង​វិញ​ឡើយ

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្នុង​ខ្សែភាពយន្ត​ឯកសារ​មួយ​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ តាម​ទូរទស្សន៍​រដ្ឋ​អះអាង​ថា រុ​ស្ស៊ី​ពុំ​មាន​ទិស​ដៅ​បង្កើត​សហភាព​សូ​វៀត​ឡើង​វិញ​នោះ​ឡើយ ដោយ​លោក​សម្តែង​ការ​សោកស្តាយ​ដែល​មនុស្ស​ខ្លះ​មិន​ជឿ ។

ក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ​មាន​ចំណងជើង​ថា «​របៀបរបប​ពិភពលោក​» លោកពូ​ទី​ន ថ្លែង​ថា ទាក់ទិន​ដល់​អ៊ុយ​ក្រែ​ន​ក្រោយ​សម័យកាល​សហភាព​សូ​វៀត ខ្ញុំ​ជឿជាក់​ថា ជំហរ​របស់​បណ្តា​ដៃគូ​អឺរ៉ុប​ខាងលិច​ពុំ​ទាន់​ទិន​ដល់​ផលប្រយោជន៍​របស់​អ៊ុយ​ក្រែ​ន​ឡើយ តែ​វា​ទាក់ទិន​នឹង​ការ​ប៉ុនប៉ង​របស់​ពួក​គេ​ប្រឆាំង​ដល់​ការ​បង្កើត​សហភាព​សូ​វៀត​ឡើង​វិញ ។

ក្នុង​ឯកសារ​នេះ លោកពូ​ទី​ន បន្ត​ថា ទោះ​យ៉ាងណា​មនុស្ស​ទាំងឡាយ​មិន​ជឿ​យើង​ឡើយ ដោយ​ជឿ​ថា យើង​មាន​ទិស​ដៅ​បង្កើត​សហភាព​សូ​វៀត​ឡើង​វិញ ។

តាំងពី​ចាប់ផ្តើម​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ដែល​នាំ​ឱ្យ​ប្រធានាធិបតី​ស្និទ្ធ​រុ​ស្ស៊ី លោក​វ៉ិ​ក​ទ័​រ អីុយ៉ា​នូ​កូ​វីត ត្រូវ​បណ្តេញ​ចេញពី​អំណាច បន្ទាប់​ពី​ការ​បះបោរ​ស្និទ្ធ​លោក​ខាងលិច​នៅ​ទីលាន​ម៉ៃ​អីុ​ដាន ក្រុង​គៀវ​មក រុ​ស្ស៊ី​ចោទប្រកាន់​ពួក​លោក​ខាងលិច​ថា បន្ត​នយោបាយ​នៃ​ការ​ទប់ស្កាត់​បង្កើត​ឡើង​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​សហភាព​សូ​វៀត​នា​សម័យកាល​សង្គ្រាមត្រជាក់ ។ ក្នុង​ករណី​បែប​នេះ លោកពូ​ទី​ន មានការ​ព្រួយបារម្ភ​ចំពោះ​វត្តមាន និង​ទំនើប​កម្ម​ប្រកបដោយ​គ្រោះថ្នាក់​នៃ​អាវុធ​នុយក្លេអ៊ែរ​អា​មេ​រិ​ក​តាំងនៅ​អឺរ៉ុប ។

លោកពូ​ទី​ន បន្ត​ថា ប្រាកដជា​គ្រោះថ្នាក់​មែន ព្រោះថា បណ្តា​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​របស់​យើង​ពុំ​មែនមាន​យុទ្ធសាស្ត្រ​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក​ឡើយ ដោយ​វា​បាញ់​មិន​ដល់​ដែនដី​អា​មេ​រិ​ក ។ ក៏​ប៉ុន្តែ​បណ្តា​អាវុធ​នុយក្លេអ៊ែរ​អា​មេ​រិ​ក​នៅ​អឺរ៉ុប​អាច​បាញ់​ដល់​ដែនដី​យើង ។ ក្នុង​ន័យ​នេះ អាវុធ​ទាំងនោះ​សម្រាប់​យើង​មាន​លក្ខណៈ​យុទ្ធសាស្ត្រ ហើយ​ជា​តំណាង​នៃ​មហា​គ្រោះថ្នាក់​មួយ ។ ដូច្នេះ​រុ​ស្ស៊ី​ជា​មហាអំណាច​នុយក្លេអ៊ែរ​ពិភពលោក​មួយ​ត្រូវ​សាកល្បង​ធ្វើ​ទំនើប​កម្ម​អាវុធ​នេះ ៕