ធ្លាក់​យន្តហោះ​យោធា​ឥណ្ឌូ​ណេ​ស៊ី​មួយ​គ្រឿង​ស្លាប់​អ្នក​បើក​2​នាក់

លោក DWI BADARMANTO អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ពអាកាស​ឥណ្ឌូ​ណេ​ស៊ី​រាយការណ៍​ថា យន្តហោះ​ហ្វឹកហ្វឺន​មួយ​គ្រឿង​របស់​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ពេល​ហោះហើរ​សម្តែងឫទ្ធិ​លើ​អាកាស​មួយ​នៅ​ទីក្រុង​យ៉ូ​ស​យ៉ា​ការ​តា លើ​កោះ​ជ្វា បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​២​នាក់​ក្នុង​យន្តហោះ​នេះ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​៩​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក លើ​តំបន់​មាន​ប្រជាជន​រស់នៅ​ជិត​ព្រ​លាន​យន្តហោះ ADI SUCIPTO ។ យន្តហោះ​ដែល​ធ្លាក់​ធុន GOLDEN EAGLE T-50 ផលិត​នៅ​កូរ៉េ​ខាងត្បូង ។ ទោះបី​យ៉ាងណា ពុំ​មាន​សេចក្តីរាយការណ៍​ពី​ជន​រង​គ្រោះ​នៅ​លើ​ដី​ឡើយ ។ អ្នកនាំពាក្យ​កងទ័ពអាកាស​អះអាង​ថា វា​ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​លើ​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​នេះ ៕