ឡុង សុភី ខក​ខាន​ឡើង​សង្វៀន Thai Fight ម្ដង​ទៀត​ចុង​ឆ្នាំ​នេះ

ឡុង សុភី ខក​ខាន​ឡើង​សង្វៀន Thai Fight ម្ដង​ទៀត​ចុង​ឆ្នាំ​នេះ

អ្នក​ប្រដាល់​លេង​ជង្គង់ ឡុង សុភី បាន​ខក​ខាន​ឡើង​សង្វៀន Thai Fight ម្ដង​ទៀត​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ព្រោះ​អ្នក​រៀប​ចំ​ការ​ប្រកួត​មិន​បញ្ជូន​ឯកសារ​មក​ទាន់​ពេល​វេលា ហើយ​មាន​តែ​កីឡាករ កែវ រំចង់ ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​បង្ហាញ​ខ្លួន​នា​ពេល​នោះ។

 

ឡុង សុភី ខក​ខាន​ឡើង​សង្វៀន Thai Fight ម្ដង​ទៀត​ចុង​ឆ្នាំ​នេះ
កីឡាករ​ ឡុង សុភី

 

ដំបូង​ឡើយ​អ្នក​រៀប​ចំ​កម្មវិធី Thai Fight បាន​បញ្ជាក់​ថា​នឹង​យក​កីឡាករ ឡុង សុភី ទៅ​ប្រកួត​ជា​មួយ​កីឡាករ Saen Chai ​​​ក្នុង​​ប្រភេទ​ទម្ងន់ ៦៧គីឡូក្រាម​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ខាង​មុខ ​ដំណាល​គ្នា​នឹង​​កីឡាករ កែវ រំចង់ ដែរ។ ​ឱកាស​ដ៏​ល្អ​នេះ​បាន​កន្លង​ផុត​ទៅ ព្រោះ​ពួក​គេ​មិន​បញ្ជូន​ឯកសារ​មក​ឲ្យ​បាន​ទាន់​ពេល​វេលា។ សុភី បាន​ប្រាប់ Sabay ថា៖ «ខ្ញុំ​ចាំ​ឯកសារ​គេ​យូរ​ហើយ​បង ប្រហែល ៣​អាទិត្យ​ហើយ តែ​មិន​ព្រម​ទម្លាក់​មក​សោះ… ឥឡូវ​ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ ចឹង​ដឹង​តែ​អត់​ហើយ មិន​បាន​ទៅ​ទេ… ប្រាប់​ថា​យក​ទៅ​វាយ ប៉ុន្តែ​ពិបាក​ទាក់​ទង​ណាស់»។

 

កីឡាករ ឡុង សុភី ​មាន​បំណង​ចង់​ចូល​រួម​ប្រកួត​កម្មវិធី​ Thai Fight យូរ​មក​ហើយ ប៉ុន្តែ​គ្មាន​ឱកាស។ មូល​ហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់​រូប​នេះ​ចង់​ចូល​រួម​ ពី​ព្រោះ​​​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក​​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​​​​កម្ម​វិធី​របស់​​ថៃ​មួយ​នេះ ហើយ​​រូប​គេ​​ចង់​បង្ហាញ​​ប្រទេស​ដទៃ​​ឲ្យបាន​ដឹង​ពី​កម្រិត​ក្បាច់​គុន​របស់​ខ្មែរ​​លើ​ឆាក​អន្តរជាតិ​​ផង​ដែរ។ កាល​ពី​ខែ​តុលា​កន្លង​ទៅ ជើង​ខ្លាំង ឡុង សុភី បាន​​ខកខាន​​ទៅ​ចូល​រួម​ប្រកួតក្នុង​កម្មវិធី​ Thai Fight ​នៅ​ប្រទេស​វៀតណាម​​ម្ដង​រួច​មក​ហើយ ដោយសារ​តែ​បញ្ហា​រត់​ឯកសារ​មិន​ទាន់ ហើយ​នេះ​គឺ​ជា​លើក​ទី២ សម្រាប់​រូប​គេ។

 

កម្មវិធី​ប្រកួត​ឆ្លង​ឆ្នាំ​ដ៏​ធំ​របស់ Thai Fight នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ខាង​មុខ នា​រាជធានី​បាងកក។ ដោយសារ ឡុង សុភី ខក​​ខាន​មិន​បាន​ទៅ​ចូល​រួម ដូច​នេះ​មាន​តែ​កីឡាករ​ចិត្ត​សឿង​កម្លាំង​បាន កែវ រំចង់ ម្នាក់​ប៉ុណ្ណោះ​នឹង​បង្ហាញ​ខ្លួន​សង​សឹក​ជាមួយ​កីឡាករ​ថៃ ​​Iquezang Kor Rungthanakeat។ រំចង់ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​នេះ ដើម្បី​ចូល​រួម​សន្និសីទ​នា​ថ្ងៃ​ទី២៥ រួច​បន្ត​ហ្វឹក​ហាត់​នៅ​បាងកក​រហូត​ដល់​ថ្ងៃ​ប្រកួត​តែ​ម្ដង៕


អត្ថបទ៖ គង់ វិសាល