ពាន​បាល់ទាត់​យុវជន​អន្តរក្រសួង​ស្ថាប័ន​ឆ្នាំ​2015​ក្រុម​ក្រសួងសុខាភិបាល​ជា​អ្នក​លើក

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣​ឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​នៅ​លើ​ទីលាន Premium Sport Club តាំងពី​ថ្ងៃ​ទី​២៣ តុលា មក​នោះ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​២០ ធ្នូ កន្លង​មកនេះ ។ ទីបំផុត​ពាន​ជើងឯក​បាន​ធ្លាក់​ទៅ​លើ​ក្រុម​ក្រសួងសុខាភិបាល បន្ទាប់​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​មួយ​នេះ បាន​លត់​ក្រុម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​៦-១ ។

នៅ​តង់​ទី​១ ក្រុម​ក្រសួងសុខាភិបាល​មានឱកាស​រកបាន​គ្រាប់​បាល់​នាំមុខ​គូប្រកួត​២-១​។ កី​ទ្បា​ករ​ជា សីហា ពាក់អាវ​លេខ​១៩​របស់​ក្រុម​ក្រសួងសុខាភិបាល ជា​អ្នក​រកបាន​១​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី​១៩ ប៉ុន្តែ​ត្រូវ​កី​ទ្បា​ករ​ឧត្តម ព្រហ្ម​មេ​សា ពាក់អាវ​លេខ​២១​របស់​ក្រុម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រកបាន​១​គ្រាប់​សង​វិញ នៅ​នាទី​ទី​២៨ ។ ទោះជា​យ៉ាងណា មុន​បញ្ចប់​ការ​ប្រកួត​តង់​ទី​១ ដែល​មាន​រយៈពេល​៣៥​នាទី​នោះ ក្រុម​ក្រសួងសុខាភិបាល​មានឱកាស​រកបាន​១​គ្រាប់​ទៀត​នៅ​នាទី​៣៥+១ ដែល​រកបាន​ដោយ​កី​ទ្បា​ករលឹម តុលា​ពាក់អាវ​លេខ​៦ ។

ជាមួយនឹង​ការ​លេង​ស៊ីសង្វាក់​គ្នា និង​ការ​បោះ​បាល់​លឿន​ៗ បាន​ធ្វើ​ឱ្យ​ក្រុម​ក្រសួងសុខាភិបាល មានឱកាស​រកបាន​៤​គ្រាប់​បន្ថែម​ទៀត​នៅ​ក្នុង​តង់​ទី​២ ។ ៤​គ្រាប់​នេះ​រកបាន​ដោយ​កី​ទ្បា​ករ អ៊ុ​ន វី​រៈ ពាក់អាវ​លេខ​៩ នៅ​នាទី​ទី​៣៧, កី​ទ្បា​ករ លឹ​ម តុល នៅ​នាទី​ទី​៤១, កី​ទ្បា​ករ​ស្រន សុធា​រ៉ា ពាក់អាវ​លេខ​៤៦​នៅ​នាទី​ទី​៤៦ និង​កី​ទ្បា​ករ​តែ ផានិត ពាក់អាវ​លេខ​១១ នៅ​នាទី​ទី​៥៩​។

ចំណែក​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​សម្រាប់​ក្រុម​ក្រសួងសុខាភិបាល​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​២​លាន​រៀល​, ក្រុម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​១,៥​លាន​រៀល និង​ក្រុម​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​១​លាន​រៀល ។ ប៉ុន្តែ​ប្រាក់​រង្វាន់​ទាំង​អស់នេះ ត្រូវ​បាន​គេ​យក​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំងអស់ ។ ចំណាត់ថ្នាក់ Fair Play បាន​ទៅ​ក្រុម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ចំណាត់ថ្នាក់​អ្នក​ដែល​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​(១៨​គ្រាប់​) បាន​ទៅ​លើ​កី​ទ្បា​ក​រហៀង គង់​រ៉ា​លី មក​ពី​ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ជា​ពិសេស​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ចេះ​សហការ​គ្នា​បាន​យ៉ាង​ល្អ​ធ្វើ​ឱ្យ​ការ​ប្រកួត​តាំងពី​ដើម​ដល់​ចប់​មាន​ភាព​រលូន​ល្អ​។ លោក​បាន​សំណូមពរ​ធ្វើ​យ៉ាងណា​ក្នុង​នាម​ជា​យុវជន ត្រូវ​តែ​រួម​កម្លាំង​គ្នា​ធ្វើ​អ្វី​ដើម្បី​ប្រទេស​ជាតិ​យើង​ទាំងអស់ ទើប​ប្រទេស​កម្ពុជា​យើង​មានការ​រីក​ចម្រើន​ទៅ​មុខ​បាន ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាន​ឆ្លង​ផុត​ពី​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ប្រជាជន​យើង​មាន​តែ​បាតដៃ​ទទេ យក​ជីវិត​ធ្វើ​ជាដើម​ទុន​រហូត​មាន​អ្វី​ៗ​ទាំងអស់​ដូច​ថ្ងៃនេះ គឺ​គ្មាន​អ្នក​ណា​ធ្វើ​បាន​ដូច​យើង​ទ្បើ​យ ៕