​គ្រូបឹង​កេត​​​​មិន​អស់​ចិត្តចំពោះ​ការ​ចាញ់​ក្រុម​ថៃ តែ វឌ្ឍនាកា ចេញ​មុខ​សុំ​ទោសអ្នក​គាំ​ទ្រ

ក្រុម​បឹង​កេតអង្គរ បាន​ធ្វើ​ដំណើរ​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ បន្ទាប់​ពី​ពួក​គេ បាន​ចាញ់​ក្រុម Buriram United FC ១-០ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 នៅ​ពហុកីឡដ្ឋាន Suphachalasai ក្នុងទីក្រុងបាងកក ប្រទេស​ថៃ កាល​ពី​យប់​ម្សិល​មិញ។

vatannakaយ៉ាង​ណា​ក៏​ដោយ​លោក ​ប្រាក់ សុវណ្ណារ៉ា ហាក់​មិន​អស់​ចិត្ត​ចំពោះ​ការ​ចាញ់​ក្រុម Buriram United នោះ​ឡើយ ព្រោះ​លោក​បាន​និយាយ​ប្រាប់​ វិបសាយ FourFourTwo របស់​ប្រទេស​ថៃ​ថា៖​«​ក្រុមរបស់​​​យើង​លេង​បាន​ល្អ​ ប៉ុន្តែ​ការ​បង្កើត​កំហុស ដែល​នាំ​ឲ្យ​គេ​​ទទួល​បាន​​បាល់​ពិន័យ​១១​ម៉ែត្រ​ធ្វើ​ឱ្យ​យើង​ចាញ់​តែ​ម្ដង។ ខ្ញុំ​ជឿជាក់ ប្រសិន​បើ​ក្រុម​ Buriram ​អត់​មាន​បាល់​ពិន័យ​មួយ​នេះ​ទេ ក្រុម​របស់​ខ្ញុំ​នឹង​មាន​ឱកាស​ឈ្នះ​ពួកគេ​បាន”។
នៅ​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នោះ ក្រុម​បឹង​កេតអង្គរ​របស់​កម្ពុជា ក៏​មាន​ឱកាស​​វាយ​បក​​ទៅ​លើ​ក្រុម​លីក​កំពូល​របស់​ថៃ Buriram United របស់​ថៃ​ផង​ដែរ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ទទួល​ការ​ដាក់​សម្ពាធ​ខ្លាំង​ពី​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​ក៏​ដោយ ព្រោះ​បឹង​កេត មាន​ឱកាស​មាស​នៅ​មុខ​ទី​ដូច​គ្នា តែ​ធ្វើ​មិន​បាន​សម្រេច ខណៈ​ប្រព័ន្ធ​ការពារ​របស់​បឹង​កេត បាន​បិទ​ខ្សែ​ប្រយុទ្ធ​របស់ Buriram យ៉ាង​ល្អ​បំផុត។
ទោះ​បី​ជា​យ៉ាង​ណា ​ការ​បង្កើត​​កំហុស​លើ​ខ្សែ​ប្រយុទ្ធ Diogo ​នៅ​តំបន់​គ្រោះថ្នាក់​របស់​ Dzama Bata បាន​ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម Buriram ហើយ​ខ្សែ​ការពារ​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា ​Andres Tunez ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​​នៅ​នាទី​៦៧នោះ​បាន​សម្រេច។
ជាមួយ​ការ​ចាញ់​នេះ​ ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ទេព​កោសល្យ ចាន់ វឌ្ឍនាកា ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ Toyota Mekong Club Championship 2015 នេះ​ បាន​សរសេរ​សារ​យ៉ាង​ខ្លី​មួយ នៅ​លើ​គណនី​ផ្ទាល់​របស់ខ្លួន ដើម្បី​សុំ​ទោស​ដល់​អ្នក​គាំ​ទ្រ។ វឌ្ឍនាកា បាន​សរសេរ​ថា៖​«សុំ​ទោសដែលពួកយើងធ្វើមិនបាន​​ តែ​ពួក​យើង​ធ្វើ​អស់​ពី​លទ្ធភាព​ហើយ»។
ជាមួយ​ជ័យ​ជម្នះ​នេះ​ក្រុម Buriram United ដែល​ជា​ម្ចាស់​ជើង​ឯក បាន​ទទួល​ទឹក​ចំនួន​៧៥០០០​ដុល្លារ ខណៈ​ក្រុម​ជើង​ឯក​រង​បឹង​កេតអង្គរ បាន​ទទួល​ប្រាក់​ចំនួន​៥ម៉ឺន​ដុល្លារ ហើយ​ខ្សែ​ប្រកួត ចាន់ វឌ្ឍនាកា ក៏​ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​៣ពាន់​ដុល្លារ​ផង​ដែរ ក្នុង​នាម​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ៕