គ្រូបង្រៀន​នៅ​សាលាបឋម​សិក្សា​​វត្ត​បូព៌​មាន​កម្រិតសិក្សា​ទាប​បំផុត​ត្រឹម​បរិញ្ញាបត្រ

សៀមរាប៖ បច្ចុប្បន្ននេះ គ្រូបង្រៀន​ក្នុង​សាលាបឋមសិក្សា​វត្ត​បូព៌ ខេត្តសៀមរាប មាន​កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ យ៉ាង​ទាប​បំផុត។ នេះ​ជាគោលការណ៍​ថ្មី​របស់​សាលា ដើម្បី​ត្រៀមខ្លួន​ចូល​អាស៊ាន ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់​ខាងមុខនេះ។ ក្នុងនោះដែរ គ្រូបង្រៀន​ទាំងអស់​ត្រូវ​ចេះ​យ៉ាងតិច២ភាសា អាច​ខ្មែរ-ចិន ខ្មែរ-អង់គ្លេស ខ្មែរ-ជប៉ុន ខ្មែរ-ថៃ​ជាដើម រួម​និង​ជំនាញ​ផ្នែក​កុំព្យូទ័រ ឫ​ហៅថា អាយ​ធី​ផងដែរ។ ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ សិស្សសាលា​វត្ត​បូព៌​ទាំងអស់ មាន​រហូតដល់​ទៅ ៦៣៥៨នាក់។

ជា​សាលាបឋមសិក្សា​តែមួយគត់​នៅ​កម្ពុជា ដែល​គ្រូបង្រៀន​ទាំងអស់ តម្រូវ​ឲ្យ​រៀន​យ៉ាង​ទាប​បំផុត ត្រឹម​ថ្នាក់​បរិញ្ញាបត្រ។ នេះ​ជាគោលការណ៍​ថ្មី​របស់​នាយក​សាលាបឋមសិក្សា​វត្ត​បូព៌ មុនពេល​ប្រទេស​ជា​សមាជិក​អាស៊ាន រួមបញ្ចូល​គ្នា​តែមួយ​នៅ​ចុងឆ្នាំ២០១៥នេះ។

លោក ពឹង គឹម​ឆេន នាយក​សាលា​វត្ត​បូព៌ បាន​ឲ្យ​ដឹងថា លោក​បាន​សហការ​និង​បណ្តា​សាកលវិទ្យាល័យ​នៅ​ទីក្រុង​សៀមរាប ដើម្បី​ពង្រឹងសមត្ថភាព​គ្រូបង្រៀន។ លោក​បន្តថា គ្រូបង្រៀន​ទាំងអស់​បាន​ស្ម័គ្រចិត្ត ហើយ​ពួកគេ​ទទួលបាន​អាហារូបករណ៍​ជា​ភាគរយ ទៅតាម​សាលា​ដែល​គាត់​ចង់​បន្ត​ការសិក្សា។

មាន​គោលការណ៍​បីសំខាន់ៗ ដែល​គ្រូបង្រៀន​ទាំងអស់​ត្រូវ​អនុវត្តន៍ ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង នៅពេល​អាស៊ាន​ចូលមក​ដល់។ ក្នុងនោះ​ក្រៅពី​បន្ត​យក​ថា្នក់​បរិញ្ញាបត្រ​ហើយ​នោះ លោកគ្រូ អ្នកគ្រូ នៅ​សាលា​វត្ត​បូព៌ ត្រូវ​ចេះ​ភាសាបរទេស​ផងដែរ មានន័យថា គាត់​ត្រូវ​ចេះ​យ៉ាងតិច២ភាសា អាច​ខ្មែរ-អង់គ្លេស ខ្មែរ-បារាំង ខ្មែរ-ចិន ខ្មែរ-កូរ៉េ ខ្មែរ-ថៃ​ជាដើម។ និង​ទី​បី គឺ​ត្រូវ​ចេះ​ជំនាញ​អាយ​ធី។ រាល់​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​ការបង្រៀន ត្រូវ​ធ្វើតាម​កុំព្យូទ័រ។ នេះ​ជាការ​បញ្ជាក់​របស់លោក ពឹង គឹម​ឆេន។

ដើម្បី​ឲ្យ​កាន់តែច្បាស់ សូម​ស្តាប់​ការលើកឡើង​របស់លោក ពឹង គឹម​ឆេន នាយក​សាលាបឋមសិក្សា​វត្ត​បូព៌ ដូចតទៅ