ព្រុយ​ណេ​៖ អាច​ជាប់គុក​៥​ឆ្នាំ បើ​ហ៊ាន​ប្រារព្ធ​បុណ្យ Christmas

ព្រុយ​ណេ​បានចេញ​សេចក្ដីប្រកាស​ហាម​ប្រជាជន​ប្រារឰ​បុណ្យ Christmas នៅ​ទូទាំងប្រទេស ដោយសារតែ​មិន​ស្រប​នឹង​គោលបំណង​នៃ​សាសនា​ឥស្លាម​។ ជាពិសេស​នោះ ជន​ណា​ដែល​ធ្វើ​ពិធីបុណ្យ​នេះ​នឹង​អាច​ប្រឈម​មុខការ​ជាប់ពន្ធនាគា​រ​៥​ឆ្នាំ​។ ហើយ​ការសម្រេចចិត្ត​នេះ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរជាតិ ព្រោះ​វា​ហាក់ដូចជា​បិទ​សេរីភាព​ប្រជាជន​ពេក​។

​ក្រោយពេល​ទទួលរង​ការរិះគន់​ចំពោះ​ការអនុវត្ត​ច្បាប់​ឥស្លាម Sharia កាលពី​ខែមេសា​កន្លងទៅ ពេលនេះ ព្រុយ​ណេ​បាន​រង​ទទួល​ការរិះគន់​ជាថ្មី​ម្ដងទៀត​ដោយសារតែ​បាន​ហាមឃាត់​ការប្រារឰ​បុណ្យ​Christmas​។ ប្រទេស​តូច​តែ​ជា​អ្នកមាន​នេះ បានប្រកាស​ហាមឃាត់​ការធ្វើ​បុណ្យ​នេះ ដោយសារ​ត្រូវបាន​មើលឃើញថា មិន​សមស្រប​នឹង​គោលការណ៍​របស់​ឥស្លាម​។ ហើយ​ជន​ណា​ធ្វើ​ពិធីបុណ្យ​នេះ​នឹងត្រូវ​ជាប់គុក​រយៈពេល​៥​ឆ្នាំ​។ 

​ចំពោះ​ការហាមឃាត់​នេះ ក្រសួង​កិច្ចការ​សាសនា​ឥស្លាម​របស់​ព្រុយ​ណេ បាន​បញ្ជាក់ថា សកម្មភាព​ទាក់ទង​សាសនា​មិនមែន​ឥស្លាម​នៅតាម​ទីសាធារណៈ នឹង​នាំ​ឲ្យ​អន់ថយ​ដល់​សាសនា​ឥស្លាម​។ នេះ​ក៏​ដោយសារតែ​ប្រហែលជា​២០​ភាគរយ​នៃ​ប្រជាជន​ព្រុយ​ណេ​គឺជា​ជន​មិនមែន​ឥស្លាម ដែល​ភាគច្រើន​ជា​សហគមន៍​អ្នក​កាន់​ពុទ្ធសាសនា​និង​គ្រឹ​ស្ត​សាសនា​។​

​សេចក្ដីប្រកាស​របស់រ​ដ្ឋា​ភិ​បាល​ព្រុយ​ណេ​បាន​និយាយថា ជន​ម៉ូ​ស្លី​ម​គួរតែ​ប្រុងប្រយ័ត្ន ដោយ​មិនគួរ​ធ្វើបុណ្យ​សាសនា​ណា​ដែល​មិនមែនជា​របស់​ឥស្លាម​ឡើយ​។ ហើយ​វា​អាច​ប៉ះពាល់​ដល់​ជំនឿ​មូស្លីម​នោះទេ​។ សេចក្ដីប្រកាស​ដដែល​នេះ​បន្តថា ក្រុមហ៊ុន​ណា​ដែល​បានរៀបចំ​តាំង​លម្អ​ពិធីបុណ្យ​Christmas នឹងត្រូវ​ប្រាប់​ឲ្យ​រុះរើ​វិញ​។

 ការសម្រេចចិត្ត​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល​ព្រុយ​ណេ​ក្នុងការ​ហាមឃាត់​ការ​ប្រា​ឰ​ពិធី​សាសនា​ដែល​មិនមែនជា​របស់​ឥស្លាម ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ យ៉ាងណាមិញ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ប្រទេស​តូច​តែ​សម្បូរ​ប្រេង​មួយ​នេះ​រង​ការរិះគន់​នោះឡើយ​។ កាលពី​ខែមេសា​កន្លងមក ប្រទេស​នេះ​បានទទួល​ការរិះគន់​ម្ដង​ហើយ ក្រោយពេល​ព្រះ​ចៅ​ស៊ុ​លត​ង់ Hassanal Bolkiah ប្រកាស​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ Sharia ដែលមាន​ភាព​រឹតត្បិត​សេរីភាព​ប្រជាជន​ខ្លាំង​៕