រដ្ឋសភា-ក្រសួង សេដ្ឋកិច្ចពិភាក្សា ការអនុម័ត កិច្ចព្រមព្រៀង បង្កើតធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី

ភ្នំពេញ៖ គណៈកម្មការ ជំនាញរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាគ្នា លើសេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ ។

គេហទំព័ររបស់រដ្ឋសភាបានឲ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងរវាង លោក បណ្ឌិតរដ្ឋ ជាម យៀប ប្រធាន គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោកស្រី សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ជាមួយ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសហការី ក្នុងនោះ ក៏មានការចូលរួមពីតំណាងមកពីគណៈកម្មការ ជំនាញនានា នៃរដ្ឋសភាផងដែរ។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា “ ដោយមើលឃើញពីសារៈសំខាន់ នៃធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ( Asian Infrastructure Investment Bank ) ចំពោះកម្ពុជា រាជរដ្ឋាភិបាល បាន សម្រេច នឹងដាក់ទុនក្នុងកម្រិតប្រហាក់ប្រហែលនឹងទុន ដែលបានដាក់ក្នុងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីឲ្យ សំឡេងកម្ពុជា មានទំងន់គ្រប់គ្រាន់សម្រាប់ការពារផលប្រយោជន៍របស់ខ្លួន ឲ្យបានជាអតិបរមា ក្នុងធនាគារ AIIB” ។

លោកបានបន្តថា ក្នុងន័យនេះ កម្ពុជានឹងត្រូវទិញភាគហ៊ុនចំនួន៦២៣ភាគហ៊ុន ស្មើនឹង០,០៦៣៥% នៃដើម ទុនសរុប ដែលមានតម្លៃ ៦២,៣០លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀង កម្ពុជាត្រូវបង់ដើមទុនដំបូង ១២,៤៦លានដុល្លារអាមេរិក ជា១០ដំណាក់កាល ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដែលក្នុង១ឆ្នាំត្រូវបង់ចំនួន ១,២៤៦,០០០ដុល្លារអាមេរិក។ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះមាន ១១ជំពូក ចែកចេញជា ៦០មាត្រា។

តាមប្រភពដដែលបញ្ជាក់ទៀតថា បន្ទាប់ពីការពិភាក្សាគ្នារួចមក គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានឯក ភាពជាមួយតំណាងរាជរដ្ឋាភិបាល ដោយរក្សាទុកខ្លឹមសារនៃសេចក្តីព្រាងច្បាប់ នេះនៅដដែល ហើយ លោក បណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បី សម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិភាក្សានិង អនុម័តនាពេលខាងមុខ៕

រដ្ឋសភា-ក្រសួង សេដ្ឋកិច្ចពិភាក្សា ការអនុម័ត កិច្ចព្រមព្រៀង បង្កើតធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី

រដ្ឋសភា-ក្រសួង សេដ្ឋកិច្ចពិភាក្សា ការអនុម័ត កិច្ចព្រមព្រៀង បង្កើតធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី