ក្រោយពី​ឃាត់ខ្លួន​កម្មករ ៥៨ នាក់ ស្ថានការណ៍​នៅ​រោងចក្រ​កាត់ដេរ នៅ​បាវិត ស្ងប់ស្ងាត់​

ខេត្តស្វាយរៀង: ​រហូតដល់​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថានការណ៍​នៅតាម​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ស្ងប់ស្ងាត់​។ កម្មករ​ភាគច្រើន បាន​ចូលធ្វើការ និង​មាន​កម្មករ​មួយចំនួន បាន​ទៅផ្ទះ ដោយ​មិន​ប្រមូលផ្តុំ​តវ៉ា​ទៀត​ទេ​។​

​លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្នុង​ព្រឹត្តិការណ៍​ទប់ស្កាត់​ការតវ៉ា​របស់​កម្មករ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ​នេះ ប៉ូលិស ប៉េអឹម បាន​ឃាត់ខ្លួន​កម្មករ​សរុប​ចំនួន ៥៨ នាក់ ក្នុងនោះ មាន​បុរស ២២ នាក់ នាំទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។

​ការឃាត់ខ្លួន​ក្រុមកម្មករ​ទាំងនោះ ត្រូវបាន​លោក​ប្រធាន​មន្ទីរ​ការងារ លើកឡើងថា ដោយសារតែ​ក្រុមកម្មករ ដែល​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ចំនួន ៤ រោងចក្រ មិន​ចូលធ្វើការ ហើយ​បាន​លើកគ្នា ធ្វើដំណើរ​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​បាន​ប្រើ​ដំបង និង​ដុំថ្ម គប់​លើ​រោងចក្រ​មួយ បណ្តាល​ឲ្យ​បែក​កញ្ចក់ ១៨ ផ្ទាំង​។​

​ដោយមាន​បាតុភាព​ដូច្នេះ លោក ហាស់ ប៊ុន​ធី បន្តថា សមត្ថកិច្ច បាន​ប្រើ​ឡានទឹក និង​ដាក់​កម្លាំង​បំបែក​ការប្រមូលផ្តុំ​នោះ ហើយ​ឃាត់ខ្លួន​កម្មករ​បាន ៥៨ នាក់ ដោយមាន​បុរស ២២ នាក់ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។ ការឃាត់ខ្លួន​នោះ គឺ​គ្រាន់តែ​ជាការ​សួរនាំ ហើយ​ប្រហែលជា​អ្នក​ទាំងនោះ នឹងត្រូវ​ដោះលែង​មកវិញ​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង មិនអាច​ទាក់ទង​បានទេ នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។​

​ទោះបីជា​ស្ថានការណ៍​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​ការងារ ហាស់ ប៊ុន​ធី បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម នៅតែ​ដាក់ពង្រាយ ឈរជើង​ការពារ​សន្តិ​សុខ និង​សុវត្ថិភាព​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ដែល​ផ្ទុះ​ការតវ៉ា ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ​សមត្ថកិច្ច ក៏​នៅតែ​ប្រកាស​តាម​មេក្រូ ណែនាំ និង​ផ្សព្វផ្សាយ​ពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​សម្រេច​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​គោល ដល់ក​ម្មករ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៦ ចំនួន ១៤០ ដុល្លារ​។ អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់ក​ម្មករ ឲ្យ​ចូលធ្វើការ​ឡើងវិញ​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ការតវ៉ា​របស់​ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង បាន​ឡើង​កំដៅ ដោយ​ក្រុមកម្មករ បាន​ឈរ​បិទផ្លូវ​ជាតិ​លេខ​១​។ ភ្លាមៗ សមត្ថកិច្ច បាន​ប្រើ​ឡានទឹក បាញ់ បំបែក​ក្រុមបាតុករ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​។

​រហូតដល់​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ លោក​ប៉ាវ​ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹងថា តាមពិត​ក្រុមកម្មករ មិនបាន​បិទផ្លូវ​ទេ គឺ​កម្មករ​គ្រាន់តែ​ជួបជុំ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ហើយ​ត្រូវ​ប៉ូលិស ប្រើ​ឡានទឹក បាញ់​បំបែក​។ ក្រុមកម្មករ ក៏បាន​ទៅ​ប្រមូលផ្តុំ នៅ​ជិតៗ​តំបន់​នោះ ក៏ត្រូវ​សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម តាម​ទៅ​បំបែក រហូតដល់​មានការ​ចាប់ខ្លួន​កម្មក​រ​សរុប​ជាង ៣០ នាក់ ដាក់​ឡាន បើក​នាំ​ចេញពី​បាវិត មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​។​

​ក្រោយ​ហេតុការណ៍​បំបែក និង​ចាប់ខ្លួន​ក្រុមកម្មករ​ទាំងនោះ លោក​ប៉ាវ​ស៊ីណា បាន​ឲ្យ​ដឹងថា ស្ថានភាព​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាន​សភាព​ស្ងប់ស្ងាត់​។ តែ​ប៉ូលិស ប៉េអឹម នៅតែ​ត្រូវបាន​គេ​ដាក់ពង្រាយ នៅមុខ​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន​។ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ​នេះ គឺមាន​ការតវ៉ា​របស់​កម្មករ តែ ៣ រោងចក្រ​ប៉ុណ្ណោះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​។ រីឯ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន បាន​ស្ងប់ស្ងាត់​ហើយ​។​

​សូម​រម្លឹកថា ក្រុមកម្មករ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បានធ្វើ​ការតវ៉ា ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ទាមទារ​ឲ្យ​ថៅកែ​តម្លើង​ប្រាក់ខែ​គោល ឬ​ប្រាក់ខែ​អប្បបរមា លើសពី ១៤០ ដុល្លារ នៅ​ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ ការតវ៉ា​នោះ មិន​ត្រូវបាន​ដោះស្រាយ​ទេ ព្រោះ​អាជ្ញាធរ​សមត្ថកិច្ច សំអាងថា រាជរដ្ឋាភិបាល បាន​ប្រជុំ​សម្រេច​រួចហើយ ក្នុងការ​តម្លើង​ប្រាក់ខែ​គោល​ដល់ក​ម្មករ​រោងចក្រ ត្រឹមតែ ១៤០ ដុល្លារ ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​។​

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មាន​កម្មករ​មួយចំនួន បាន​ចូលធ្វើការ​។ តែ​ក៏មាន​កម្មករ​មួយចំនួនទៀត បន្ត​កូដកម្ម​។ ក្នុង​កូដកម្ម​នោះ ក៏មាន​ការ​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៤ នាក់ និង​បញ្ជូន​ទៅកាន់​តុលាការ​។ ប៉ូលិស និង​ប៉េអឹម ត្រូវបាន​ដាក់ពង្រាយ នៅតាម​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​៕​

ក្រោយពី​ឃាត់ខ្លួន​កម្មករ ៥៨ នាក់ ស្ថានការណ៍​នៅ​រោងចក្រ​កាត់ដេរ នៅ​បាវិត ស្ងប់ស្ងាត់​