សម្តេច​សខេង​៖ មន្ត្រីជាន់ខ្ពស់ ចាប់ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ចុះក្រោម ត្រូវ​ដោះ​ស័ក្តិ​ចេញ ពេលធ្វើ​ដំណើរ​តាមផ្លូវ​

ខេត្តសៀមរាប: ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ស្នើ​ឲ្យ​មន្ត្រីជាន់ខ្ពស់ ចាប់ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ចុះក្រោម ត្រូវ​ដោះ​ស័ក្តិ​ចេញ​ធ្វើជា​ពលរដ្ឋ​ធម្មតា ពេលធ្វើ​ដំណើរ​តាមផ្លូវ ដើម្បី​ឲ្យ​មន្ត្រីនគរបាល​ដែលមាន​ឋានៈ​តូចៗ ហ៊ាន​ធ្វើការ​ផាកពិន័យ ចំពោះ​មន្ត្រីជាន់ខ្ពស់​ណា​ម្នាក់ នៅពេល​ប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍​។​

​សម្តេច​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាលា​ឯកជន​មួយ នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។​

​កាលពី​សប្តាហ៍​សម្តេច​ស​ខេង ក៏បាន​ប្រកាស​ព្រមាន​ដល់​មន្ត្រីជាន់ខ្ពស់​ទាំងអស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​តាមច្បាប់​។ រីឯ​ប៉ូលិស​ចរាចរណ៍​ណា ដែល​ហ៊ាន​ផាកពិន័យ​មន្ត្រីជាន់ខ្ពស់ ដែល​ល្មើសច្បាប់​ចរាចរណ៍ នឹងត្រូវ​តម្លើង​ឋានន្តរស័ក្តិ​។​

​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​តទៅ ប៉ូលិស​ចរាចរណ៍ នឹង​បង្កើន​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ការផាកពិន័យ និង​ដាក់​ប៉ុស្តិ៍​ឆែកឆេរ​តឹងរឹង​ជាង​មុន នៅ​គ្រប់​ទីកន្លែង ទូទាំងប្រទេស​៕​

សម្តេច​សខេង​៖ មន្ត្រីជាន់ខ្ពស់ ចាប់ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ចុះក្រោម ត្រូវ​ដោះ​ស័ក្តិ​ចេញ ពេលធ្វើ​ដំណើរ​តាមផ្លូវ​
សម្តេចសខេង ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ( រូបភាពពីគណបក្សប្រជាជនកម្ពុជា )