ពលរដ្ឋ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ​ក្នុង​ចំណោម​ជាង ២​ពាន់​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ពួក​គាត់​ប្រឈម​មុខ​នឹង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រយៈពេល ២​ខែ​ខាង​មុខ​ទៀត ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ពុំ​បាន​ចុះ​ជួយ​ពួក​គាត់​ទាន់​ពេល​នោះ។ ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​អូរជ្រៅ បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​កំពុង​រិះរក​វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បណ្ដើរៗ​ហើយ។

អ្នក​ភូមិ​នៅ​ស្រុក​អូរជ្រៅ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​អង្គការ​ពាក់ព័ន្ធ​នានា ជួយ​ផ្ដល់​ទឹក​ស្អាត​ប្រើប្រាស់ និង​បង្គន់​អនាម័យ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

អ្នក​ភូមិ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​ប្រមាណ ៣០​នាក់​ក្នុង​ចំណោម ៩០​គ្រួសារ នាំ​គ្នា​អង្គុយ​នៅ​មាត់​អណ្ដូង​ក្បែរ​សាលា​បឋម​សិក្សា​ភូមិ​រុនថ្មី ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ។ ពួក​គាត់​ត្រេកអរ​ជា​ខ្លាំង នៅ​ពេល​ដែល​ឃើញ​អ្នក​ព័ត៌មាន​ចុះ​ទៅ​ដល់​ទីនោះ។

លោកស្រី លីស នាថ ឈរ​នៅ​មាត់​អណ្ដូង​សម្បុរ​ស្រអែម ថ្លែង​ក្នុង​ទឹក​មុខ​អរ​ផង​ភ័យ​ផង​ថា ពួក​គាត់​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប្រមាណ ២​ខែ​មក​ហើយ គឺ​ថ្ងៃ​ខ្លះ​សម្រាក​ដោយ​មិន​បាន​មុជ​ទឹក​មុជ​ភក់​នោះ​ទេ។ ស្ត្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ​បន្ត​ថា សព្វថ្ងៃ​រស់នៅ​ដោយសារ​ទិញ​ទឹក​ពី​អ្នក​ភូមិ​ក្បែរ​ខាង​ដែល​មាន​ជីវភាព​មធ្យម ដឹក​តាម​គោយន្ត​ប្រើប្រាស់​បណ្ដោះអាសន្ន​ម្ដង ១​ពាន់​លីត្រ ប្រើ​បាន​ប្រមាណ ៣​ថ្ងៃ​ប៉ុណ្ណោះ៖ «ដឹក​មួយ​ដង​ក្នុង​មួយ​ធុង ១​ម៉ឺន ៥​ពាន់​រៀល ២​ថ្ងៃ​អស់ ៣​ម៉ឺន។ រក​ប្រាក់​មិន​បាន​ចិញ្ចឹម​កូន​ផង ណា​មួយ​ទិញ​ទឹក​ប្រើ​ទៀត ពិបាក​ណាស់​ខ្ញុំ! មិន​ដឹង​ថា​គិត​យ៉ាង​ណា​ទេ?»

ភូមិ​នេះ​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​កម្ពុជា-ថៃ ហើយ​មាន​សាលា​បឋម​សិក្សា​មួយ​ខ្នង ជញ្ជាំង​និង​ដំបូង​ប្រក់​ស័ង្កសី​មាន​មួយ​បន្ទប់។ នៅ​ជុំវិញ​សាលា​រៀន​នេះ ស្រះ​ទឹក​ជម្រៅ​ប្រមាណ ៤​ម៉ែត្រ រីង​ហួត​ហែង​គ្មាន​ទឹក​សូម្បី​តែ​មួយ​ដំណក់។ អ្នក​ភូមិ​ភាគ​ច្រើន​រស់​នៅ​ពឹង​ផ្អែក​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ភូមិ​នេះ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​អម​សង​ខាង​ផ្លូវ​កកកុញ​ប្រមាណ ៣០០​ខ្នង ក្នុង​នោះ​ផ្ទះ​ដែល​មាន​មនុស្ស​រស់នៅ​ជា​ប្រចាំ​ប្រមាណ ៩០​គ្រួសារ​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ ពួក​គេ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

នាយក​សាលា​បឋម​សិក្សា​ភូមិ​រុនថ្មី លោក ម្លិះ ថន មាន​ប្រសាសន៍​ក្នុង​ទឹក​មុខ​ស្រពោន ខណៈ​អង្គុយ​បង្រៀន​សិស្ស​ថា ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​កត្តា​ជីវភាព​ខ្វះខាត ហើយ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ គ្រូបង្រៀន​វ័យ ៥៤​ឆ្នាំ​រូប​នេះ​ថ្លែង​ដោយ​សម្ដី​មួយៗ​ថា រូប​គាត់​បង្រៀន​សិស្ស​ដោយ​ក្ដី​ស្រឡាញ់ និង​ចង់​ឲ្យ​ក្មេង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ បើ​ទោះ​ជា​ការ​បង្រៀន​ពុំ​មាន​ប្រាក់​ខែ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ ក៏ដោយ៖ «មុន​នឹង​បាន​ជា​រូប​រាង​សាលា​រៀន​នេះ​ឡើង វេទនា​ណាស់! កាល​ពី​ដើម​ដំបូង​លិច​ទឹក​ភ្លៀង ពិបាក​ជាង​នេះ​ឆ្ងាយ​ណាស់ ខ្ញុំ​ចេះ​តែ​ដើរ​សុំ​ស័ង្កសី​ពី​អង្គការ​នានា​យក​មក​ប្រក់​ដំបូង​ទើប​បាន​ប៉ុណ្ណឹង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​អូរជ្រៅ លោក សាន ស៊ានហូ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​រុនថ្មី ឃុំ​សឹង្ហ ពិត​ជា​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប្រាកដ​មែន។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក ដោយសារ​តំបន់​នោះ​ទី​ទួល គ្មាន​ប្រភព​ទឹក។ ម្យ៉ាង​ទៀត ឆ្នាំ​នេះ​ជួប​គ្រោះ​រាំង​ស្ងួត​ច្រើន​ខែ ទើប​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​កំពុង​ដំណើរ​ការ​ដោះស្រាយ​ជូន​អ្នក​ភូមិ​ទាំង​នោះ​ហើយ៖ «ខ្ញុំ​បាន​ប្រជុំ​មេ​ឃុំ​គ្រប់​ឃុំ​មក​ហើយ ដើម្បី​ស្រង់​ចំនួន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ ក្នុង​នោះ​ឃើញ​ថា មាន​ភូមិ​ខ្លះ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើ​បណ្ដើរៗ និង​ខ្លះ​ទៀត​កំពុង​ប្រឈម​ខ្វះខាត​ក្នុង​រយៈ​ដ៏​ខ្លី​ខាង​មុខ»

ចំណែក​ឯ​បញ្ហា​សាលា​រៀន​វិញ លោក សាន ស៊ានហូ បញ្ជាក់​ថា លោក​បាន​នាំ​រឿង​នេះ​ជម្រាប​ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដោះស្រាយ និង​រក​គ្រូបង្រៀន​សិស្ស​ទាំង​នោះ​រួច​រាល់​ហើយ៖ «យើង​បាន​ប្រជុំ​ជាច្រើន​លើក​ច្រើន​សា​ហើយ ឃើញ​ថា ទីតាំង​ដែល​ប្រជាពលរដ្ឋ​រស់នៅ​នោះ អាជ្ញាធរ​ខេត្ត​កំពុង​តែ​រៀបចំ​បែង​ចែក​ដី​ជូន​ពលរដ្ឋ ព្រម​ទាំង​រក​ទីតាំង​ដី​សម្រាប់​ធ្វើ​សាលា​រៀន​នៅ​ឡើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ខេត្ត​បន្ទាយមានជ័យ ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ស្ទើរ​គ្រប់​ស្រុក មាន​ជាអាទិ៍ ស្រុក​ស្វាយចេក ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ជាដើម។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ច្រើន​ជាង​គេ ជាពិសេស​នៅ​ឃុំ​សឹង្ហ តែ​ម្ដង ដោយសារ​នៅ​តំបន់​នោះ​ជា​ទី​ទួល​ខ្ពស់ និង​គ្មាន​ប្រភព​ទឹក​ដូច​នៅ​តំបន់​ផ្សេង​ទៀត៖ «ប្រជាពលរដ្ឋ​ទាំង​នោះ​ក្រីក្រ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ចុះ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ទីនោះ​នៅ​ឡើយ​ទេ»

អាជ្ញាធរ​ស្រុក​អូរជ្រៅ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​រស់នៅ​ឃុំ​ចំនួន​៣ កំពុង​ប្រឈម​មុខ​នឹង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រមាណ ២​ខែ​ខាង​មុខ​ទៀត មាន​ឃុំ​សឹង្ហ ឃុំ​សុភី និង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។