ពិធីករ​ប្រកាស​ច្រឡំ​ថា​បវរកញ្ញា​កូ​ឡុំ​ប៊ី​ជាប់​លេខ​1 តែ​បវរកញ្ញា​ហ្វ៊ី​លី​ពី​ន​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ

តារា​ម៉ូ​ដែល និង​សម្តែង​ដើម​កំ​ណើ​អា​ល្លឺ​ម៉​ង់​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន​នាង Pia Wurtzbach បាន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៥ ដោយ​យកឈ្នះ​បេ​ក្ខ​នារី​៨០​នាក់ តំណាង​ប្រទេស​ផ្សេង ទៀត ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ធ្នូ​នៅ​ក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។

បវរកញ្ញា​កូ​ឡុំ​ប៊ី​នាង Ariadna Gutiérrez ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​នាង Olivia Jordan បវរកញ្ញា​អា​មេ​រិ​ក ។

នាង Pia Wurtzbach អាយុ​២៦​ឆ្នាំ កម្ពស់ ១,៧៣​ម៉ែត្រ សក់​ពណ៌​ត្នោត ភ្នែក​ពណ៌​ត្នោត និង​ទំហំ​ដើមទ្រូង​៣៤​សង្ទីម៉ែត្រ ចង្កេះ​២៣ សង្ទីម៉ែត្រ និង​ត្រគាក​៣៥​សង្ទីម៉ែត្រ មាន​ទេព​កោសល្យ​ផ្នែក​សម្តែង​តាំងពី​អាយុ​៤​ឆ្នាំ ។ នាង Pia Wurtzbach ថ្លែង​ពី​អារម្មណ៍​របស់​នាង​ថា  «​នាង​ខ្ញុំ​មិន​នឹក​ស្មានថា​បាន​ស្ថិត​ក្នុង​បញ្ជី​សម្រាំង​ពិសេស​៥​នាក់​ក្នុង​ចំណោម​បវរកញ្ញា​ផ្សេង​ទៀត​ទេ ពិសេស​បាន​ពាក់​មកុដ​រាជិនី​សម្រស់​ចក្កវាឡ​នា​ពេល​នេះ​» ។

ការ​ប្រកាស​លទ្ធផល​ធ្វើ​ឱ្យ​នាង Ariadna Gutiérrez ខកចិត្ត​ខ្លាំង​ដោយសារ​ពិធីករ​លោក Harvey ប្រកាស​ច្រឡំ​ថា​នាង​ជាប់​ចំណាត់ថ្នាក់​លេខ​១ តែ​ក្រោយមក​ប្រកាស​ជា​ថ្មី​ថា​បវរកញ្ញា​កូ​ឡុំ​ប៊ី​រូប​នេះ​ជាប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប៉ុណ្ណោះ រីឯ​ចំណាត់ថ្នាក់​លេខ​១ បាន​លើ​នាង Pia Wurtzbach បវរកញ្ញា​តំណាង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ចំណែក​បវរកញ្ញា​ប្រទេស​ថៃ​នាង Aniporn Chalermburanawong ជាប់​ចំណាត់ថ្នាក់​ជា​បវរកញ្ញា​ស្លៀក​ឈុត​ប្រពៃណី​ស្អាត​ជាងគេ ៕