អាជ្ញាធរ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​បូមទឹក​ប​ញ្ចូ​ល​ស្រះស្រង់

ទំនប់តានៀវ ដែលអាជ្ញាធរជាតិអប្សរាត្រៀមបង្ហូរចូលស្រះស្រង់ ពេលដែលស្រះនេះរីងសៀមរាប៖ ដោយសារ​ក្តីបារម្ភ ភ័យខ្លាច​ស្រះស្រង់​ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​អង្គរ រីងស្ងួត​ដូច​ឆ្នាំ​ទៅមុន​នោះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ធនធាន​រួចជាស្រេច ដើម្បី​ត្រៀម​បូមទឹក​បញ្ចូល​ស្រះស្រង់ ក្នុងករណី​ដែល​ស្រះ​នេះ អាច​នឹង​រីង​ទឹក នៅពេល​ខាងមុខ។ អាជ្ញាធរ គ្រោង​នឹង​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ សម្រាប់​បំពេញ​ស្រះស្រង់។

មិនមែន​មានតែ​កសិណ​អង្គរ ស្រះស្រី​ស្រះ​ប្រុស​មុខ​អង្គរវត្ត​នោះទេ ដែល​រង​ការ​រីងស្ងួត ក្នុងនោះ​ស្រះស្រង់ ដែល​ស្ថិតនៅ​ខាងកើត​ប្រាសាទបន្ទាយក្តី ក៏​កំពុង​ជួប​បញ្ហា​ដូចគ្នានេះដែរ។  ប្រឡាយ​មេ​ប្រវែង ៧គីឡូម៉ែត្រ ភ្ជាប់​ពី​ទំនប់​តា​នៀវ ដល់​ស្រះស្រង់ ត្រូវបាន​ស្ថា​រ​ឡើងវិញ ក្នុង​បំណង ដើម្បី​ងាយស្រួល​បង្ហូរទឹក​ចូលក្នុង​ស្រះស្រង់។ គម្រោង​ដើម្បី​បង្ការ ក្រែង​ស្រះស្រង់ អាច​នឹង​ជួប​គ្រោះរាំងស្ងួត គោក​គ្មាន​ទឹក ដូច​ឆ្នាំទៅ​មិញ។

អ្នកជំនាញ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​សហការ​នឹង​ថ្នាក់​គ្រប់គ្រង​មូលដ្ឋាន ក្នុងការ​ស្នើសុំ​ទឹក ដើម្បី​ចាក់​បំពេញ​ស្រះស្រង់ នៅពេលដែល​ស្រះ​នេះ ស្ងួត​ទឹក​ក្នុង​រដូវប្រាំង។ អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​អង្គរ នឹង​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ ដែល​ស្ថិតនៅ​ឃុំ​ព្រះ​ដាក់ សម្រាប់​ដាក់បញ្ចូល​ក្នុង​ស្រះស្រង់។ កាលពី​ឆ្នាំទៅ ស្រះស្រង់ រង​ភាព​ហួតហែង គ្មាន​ទឹក ដោយសារ​ពុំមាន​ប្រភពទឹក​គ្រប់គ្រាន់។ ប្រភពទឹក​សំខាន់​សម្រាប់​ស្រះស្រង់ មាន​ទីមួយ​គឺ​ទឹកភ្លៀង និង​ទី​ពីរ គឺ​ការជាប​ទឹក​ពី​បារាយណ៍​ខាងកើត។

លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំទៅ ដោយសារ​របប​ទឹកភ្លៀង​មិន​គ្រប់គ្រាន់ និង​ការ​គោក​របស់​បារាយណ៍​ខាងកើត បង្ខំ​ឲ្យ​ស្រះស្រង់ បែក​ក្រហែង ខ្សោះ​ទឹក​ទាំងស្រុង។ ដូច្នេះ​ដើម្បី​ទប់ស្កាត់ ការ​រីងស្ងួត​ជាថ្មីទៀត អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ស្ថា​រ​ប្រឡាយទឹក​មេ​មួយ ត្រៀម​បញ្ចូល​ទឹក​ក្នុង​ស្រះស្រង់ ក្នុង​បំណង​អភិរក្ស​រមណីយដ្ឋាន​ក្នុង​តំបន់​អង្គរ។   លោក សុ​ឃីម ពន្យល់ថា៖« ឥលូវ​យើង​កំពុង​ចាំ​ប្រជាពលរដ្ឋ​គាត់​ប្រមូល​ផល​ស្រូវ​រួចរាល់​សិន។ មេឃុំ​នៅ​ទីនោះ​រីករាយ​សហការ​ផ្តល់​ទឹក​ឲ្យ​យើង ប្រសិនបើ​ទឹក​នោះ​សេសសល់​ពី​ការធ្វើ​កសិកម្ម​របស់​ព​ល​រដ្ឋ»។

តាមពិតទៅ ការងារ​សង្គ្រោះ​ទឹក​ក្នុង​ស្រះស្រង់ មិនមែន​ទើបតែ​ធ្វើ​នៅពេលនេះ​នោះទេ។ ក្រុមការងារ​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ជីក​ប្រឡាយ​បង្ហូរទឹក​នេះ តាំងពី​ឆ្នាំ២០០៥មក​ម្លេះ មុនពេល​ក្រុម​ស្រាវជ្រាវ​ស្វះស្វែង​រក​ប្រព័ន្ធ​ទឹក ដើម្បី​បញ្ចូល​ក្នុង​ស្រះស្រង់ អំឡុង​ឆ្នាំ២០០៤ ។ ចុងក្រោយ ពួកគេ​សម្រេចយក​ទឹក​ពី​ទំនប់​តា​នៀវ ដែលមាន​ប្រភពពី​ភ្នំ​បូក នេះ​មកប្រើប្រាស់។
អាជ្ញាធរ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​បូមទឹក​ប​ញ្ចូ​ល​ស្រះស្រង់

ស្រះស្រង់​ដែលមាន​បណ្តោយ ៧៨០ម និង​ទទឹង ៣៨០ម កសាងឡើង​នៅ​ចុង​សតវត្ស​ទី១២ ដើម​សតវត្ស​ទី១៣ ដោយ​ពុំមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​ទេ។ ស្រះ​នេះ​ពឹង​លើ​ប្រភពទឹក​ភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត។ គេ​មិនទាន់​ដឹងថា តើ​ស្រះស្រង់ អាច​នឹង​គោក​នៅ​ខែ​ណា​ឲ្យ​ប្រាកដ​នោះទេ ខណៈដែល​កាលពី​ឆ្នាំទៅ ស្រះ​នេះ​បាន​គោក គ្មាន​ទឹក​សោះ អំឡុង​ខែកុម្ភៈ៕