ឆ្លង​ចរន្ត​ខ្សែភ្លើង បង្ករ​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ មួយ​ខ្នង​ខ្ទេច នៅ​ស្រុក​ឯក​ភ្នំ​

បាត់ដំបង: ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស្លឹក ១​ខ្នង របស់​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវបាន​អគ្គិភ័យលេប​ត្របាក់​ឆេះ អស់​គ្មាន​សល់ នៅ​ចំណុច​ក្រុម​១ ភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួងស្រុក​ឯក​ភ្នំ  ។​

​លោក វរសេនីយ៍ត្រី ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បានអោយដឹងនៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ថា នៅ​ចំណុច​ក្រុម​១ ភូមិព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ មាន​ករណី​អគ្គីភ័យ ១​លើក បណ្តាល​ឲ្យ​ឆេះផ្ទះមួយ​ខ្នង របស់​ឈ្មោះ លី ទិ​ប ភេទ​ស្រី អាយុ​៨០​ឆ្នាំ ទំហំ ៨​ម X ៧​ម ធ្វើ​ពី​ឈើប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក​ឆេះ​អស់ទាំង​ស្រុង ។​

​លោក​អធិការ​បាន​អោយដឹងទៀតថា មូលហេតុ​ដែល​បង្ករ​អោយមាន​អគ្គិភ័យ​ខាងលើគឺ​ដោយ​ឆ្លង​ចរន្ត​ខ្សែភ្លើង និង​បណ្តាលអោយ​ខូចខាត​ទ្រព្យសម្បត្តិ រួមមាន​៖ម៉ាស៊ីនបូមទឹក ១​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ ១​គ្រឿង ធុង​បាញ់ថ្នាំ ១ ស្រូវ ៤​កា​រ៉ុង ជី​៤​ការ៉ុង ទុ​យូ​បូមទឹក ២០​គីឡូក្រាម កង់ ១​គ្រឿង គ្រែ​២ ប្រាក់​ខ្មែរ ២៤​លាន​រៀល ប្រាក់ដុល្លារ ១៥00​ដុល្លារ និង​សំភារៈប្រើប្រាស់​មួយចំនួនទៀត ៕​R