ជម្លោះ​ដីធ្លី​នៅ​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង​ខេត្ត​រតនគិរី​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់

ជម្លោះ​ដី​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង ក្នុង​ឃុំ​ល្បាំង២ ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សម្រប​សម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ក្នុង​វេទិកា​ពិភាក្សា​ពិគ្រោះ​យោបល់​តុ​សន្តិភាព។ ជម្លោះ​ដីធ្លី​នេះ កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ជាមួយ​ម្ចាស់​សិប្បកម្ម​កិន​ថ្ម និង​ភ្នាក់ងារ​ទេសចរណ៍​តំបន់​ទឹក​ជ្រោះ​នៃ​មន្ទីរ​ទេសចរណ៍។

ជម្លោះ​ដី​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង ក្នុង​ខេត្ត​រតនគិរី ដែល​កើត​ឡើង​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ បន្ទាប់​ពី​ភាគី​នៃ​ទំនាស់​យល់ព្រម​ប្រគល់​ដី​ដែល​សហគមន៍​ទាមទារ ទៅ​ឲ្យ​សហគមន៍​អភិរក្ស​ជា​ដី​តំបន់​រមណីយដ្ឋាន ហើយ​រួម​គ្នា​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​បាន​ប្រសើរ​ឡើង។

នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នេះ តំណាង​សហគមន៍ អ្នក​សង្កេត​ការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​អាជ្ញាធរ​ខេត្ត មន្ត្រី​ជំនាញ និង​តំណាង​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី មាន​គ្នា​សរុប​ជាង ២០​នាក់ បាន​ចូលរួម​ពិភាក្សា​ដោះស្រាយ​ទំនាស់​នេះ​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បៀលប្រាយ (Build Bright University) ឋិត​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី។ ពិធី​នេះ រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ តាម​គោលការណ៍​ឈ្នះៗ​ទាំងអស់​គ្នា។

ការ​បញ្ចាំង​ខ្សែ​វីដេអូ​រយៈពេល ៣០​នាទី​ស្ដីពី​តុ​សន្តិភាព​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហាញ​ជូន​សមាជិក​វេទិកា ដើម្បី​បង្ហាញ​បទពិសោធន៍​មុន​នឹង​ចាប់​ផ្តើម​ដោះស្រាយ​ជម្លោះ​ដី​តំបន់​ទឹក​ជ្រោះ​កាទៀង នេះ។

កាល​ពី​ឆ្នាំ​២០១១ ម្ចាស់​ការដ្ឋាន​កិន​ថ្ម គឺ​លោកស្រី សុ សួភី បាន​ពង្រីក​ដី​ការដ្ឋាន​កិន​ថ្ម​មក​ធ្វើ​ជា​ដី​ដាំ​ដុះ​ពី ១​ហិកតារ​រហូត​មក​ដល់ ៨​ហិកតារ។ ជាង​នេះ​ទៅ​ទៀត ផ្ទៃ​ដី​ទីតាំង​ព្រៃ​សហគមន៍​មួយ​កន្លែង ឋិត​នៅ​ក្បែរ​នោះ​មាន​ទំហំ​ដី ៣​ហិកតារ ត្រូវ​បាន​សហគមន៍​ចោទ​ទៅ​លើ​ម្ចាស់​ការដ្ឋាន​កិន​ថ្ម ថា​ជា​អ្នក​កាប់​រាន ដើម្បី​ពង្រីក​ដី។ ទំនាស់​ដោយឡែក​មួយ​ទៀត គឺ​ជា​ទំនាស់​គ្រប់គ្រង​ទឹក​ជ្រោះ ដោយសារ​តែ​សហគមន៍​ថ្នាំងថ្នាក់​ជាមួយ​ភ្នាក់ងារ​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត គឺ​លោក សេង ពេជ្រ ដែល​បាន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ផ្ទះ​ប្រពៃណី​ជនជាតិ​ដើម​ជា​លក្ខណៈ​ឯកជន​ក្នុង​តំបន់​ទឹក​ជ្រោះ ដែល​ធ្វើ​ឲ្យ​សហគមន៍​បារម្ភ​ថា គម្រោង​នេះ​នឹង​យក​ដី​តំបន់​ទឹក​ជ្រោះ​កាទៀង ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

តំណាង​ម្ចាស់​ការដ្ឋាន​កិន​ថ្ម គឺ​លោក ទឹម មុន្នីរត្ន ថ្លែង​បដិសេធ​ថា ម្ចាស់​ការដ្ឋាន​មិន​បាន​កាប់​រាន​ដី​ព្រៃ​សហគមន៍​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ហេតុ​នេះ ដី​ចំនួន ៣​ហិកតារ​ដែល​កាប់​រាន​នោះ ឋិត​នៅ​ជា​កម្មសិទ្ធិ​ដី​តំបន់​រមណីយដ្ឋាន​ដដែល។ លោក​គាំទ្រ​រក្សា​ដី​នោះ​ជា​កម្មសិទ្ធិ​ដី​តំបន់​ទឹក​ជ្រោះ​សម្រាប់​តំបន់​រមណីយដ្ឋាន៖ «អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​កន្លង​ទៅ ខ្ញុំ​សុំ​ឲ្យ​ចប់​សព្វគ្រប់​នៅ​ពេល​នេះ។ អ្វី​ដែល​សហគមន៍​ទាមទារ ហើយ​សំណូមពរ​ខ្ញុំ​ប្រគល់​ជូន»

ទាក់ទិន​ការ​ចោទ​ប្រកាន់​របស់​សហគមន៍​អតីត​ភ្នាក់ងារ​ទេសចរណ៍​ទឹក​ជ្រោះ​កាទៀង លោក សេង ពេជ្រ រៀបរាប់​ថា លោក​មិន​មាន​បំណង​យក​ដី​តំបន់​ទឹក​ជ្រោះ​ជា​កម្មសិទ្ធិ​នោះ​ទេ ជាពិសេស​នៅ​ពេល​បច្ចុប្បន្ន លោក​បាន​បោះបង់​គម្រោង​អភិវឌ្ឍន៍​ផ្ទះ​ប្រពៃណី​ចេញ​ពី​តំបន់​ទឹក​ជ្រោះ​នោះ ព្រម​ទាំង​បាន​ប្រគល់​ដី​ពីរ​កន្លែង គឺ​ចំណុច​ជណ្ដើរ​ដំរី និង​ទីលាន​ឡើង​ដំរី ទៅ​ឲ្យ​សហគមន៍​អស់​ហើយ។

អតីត​ដី​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង មាន​ទំហំ​ជាង ៣០​ហិកតារ អម​ទៅ​ដោយ​ព្រៃ​ឈើ​ហ៊ុមព័ទ្ធ​ជុំវិញ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ាន់​ប្រមាណ​ថា ផ្ទៃ​ដី​តំបន់​ទឹក​ជ្រោះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សហគមន៍​រុក​រាន​កាន់​កាប់​នៅ​សល់​ប្រមាណ ៥​ហិកតារ​ប៉ុណ្ណោះ។

ប្រធាន​សហគមន៍​កាទៀង លោក សុត សៅ សម្ដែង​ការ​រីក​រាយ និង​ត្រេកអរ ខណៈ​ភាគី​នៃ​ជម្លោះ​បាន​យល់ព្រម​ប្រគល់​ដី​ដែល​សហគមន៍​ទាមទារ​មក​ឲ្យ​សហគមន៍​អភិរក្ស​វិញ។ លោក​ថា សហគមន៍​នឹង​សហការ​រៀបចំ​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ជាមួយ​មន្ត្រី​ជំនាញ រួម​ទាំង​ការ​រៀបចំ​សមាសភាព​សហគមន៍​ថ្មី​ឡើង​វិញ ដើម្បី​ដឹក​នាំ​អភិរក្ស​តំបន់​រមណីយដ្ឋាន​ឲ្យ​បាន​រីក​ចម្រើន៖ «យើង​ឃើញ​គាត់​ត្រួសត្រាយ​ដី​កន្លែង​ហ្នឹង។ យើង​គ្រប់គ្រង​កន្លែង​ហ្នឹង តែ​យើង​មិន​ដឹង​អ្វី​សោះ។ ដល់​សួរ​ទៅ​ថា បង​ពេជ្រ ទិញ​ហើយ។ ចំពោះ​ផ្ទះ​បុរាណ គាំទ្រ យើង​មិន​ជំទាស់ តែ​សុំ​ឲ្យ​គាត់​ធ្វើ​ឲ្យ​ច្បាស់លាស់ តើ​ជួល​ប៉ុន្មាន​ឆ្នាំ? ថ្លៃ​ប៉ុន្មាន? យើង​ខ្លាច​តែ​ធ្វើ​កម្មសិទ្ធិ​ទេ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ កត់​សម្គាល់​ថា ក្រៅ​ពី​ទំនាស់​ពីរ​ករណី​នេះ តំបន់​ដី​ទឹក​ជ្រោះ​កាទៀង ក៏​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ ៣​គ្រួសារ​ផ្សេង​ទៀត ចូល​មក​កាន់​កាប់​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ទី​លំនៅ។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដែនដី ដោះស្រាយ​ធ្វើ​យ៉ាង​ណា​អភិរក្ស​ដី​តំបន់​ទេសចរណ៍​មួយ​នេះ​ឡើង​វិញ​ក្នុង​ទំហំ​ផ្ទៃ​ដី ១២​ហិកតារ ដើម្បី​រៀបចំ​អភិវឌ្ឍ​ទេសចរណ៍​ទឹក​ជ្រោះ​កាទៀង ទាក់ទាញ​វិស័យ​ទេសចរណ៍៖ «ខ្ញុំ​អភិរក្ស​កន្លែង​ហ្នឹង ៤០០​ម៉ែត្រ ទទឹង​កាត់​ផ្លូវ ៣០០​ម៉ែត្រ ១២​ហិកតារ ខ្ញុំ​អភិរក្ស​ទៅ​ដល់​ការដ្ឋាន លោក មុន្នីរត្ន អត់​មាន​ប៉ះពាល់​អ្វី​ទាំងអស់ ប៉ុន្តែ​មក​ទល់​ថ្ងៃ​ហ្នឹង ប្រជាពលរដ្ឋ​មក​នៅ​លើ​ដី​ហ្នឹង»

ចំណែក​អភិបាល​រង​ស្រុក​លំផាត់ លោក ស៊ឹង សុខនី កាត់​សម្គាល់​ដែរ​ថា សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក​ពី​ការ​បំពាន​យក​ដី​អភិរក្ស។ ហេតុ​នេះ ទើប​អាជ្ញាធរ​រៀបចំ​ដោះស្រាយ​ការ​ប្ដឹង​តវ៉ា​របស់​សហគមន៍​ជា​បន្តបន្ទាប់ រហូត​មាន​វេទិកា​តុ​សន្តិភាព​នេះ។ លោក​ថា គោល​បំណង​នៃ​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ គឺ​គូ​ភាគី​នៃ​ជម្លោះ​មិន​មាន​អ្នក​ចាញ់​អ្នក​ឈ្នះ ពោល​គឺ​ភាគី​ទំនាស់​ពេញ​ចិត្ត​នឹង​ទទួល​យក​លទ្ធផល​នេះ​ទាំងអស់​គ្នា៖ «ការ​ដោះស្រាយ​ដោយ​សន្តិវិធី គឺ​ឈ្នះៗ​ទាំងអស់​គ្នា អត់​មាន​ភាគី​ខាង​ណា​អន់​ចិត្ត ភាគី​ខាង​ណា​សប្បាយ​ចិត្ត គឺ​យើង​ស្រប​ទាំងអស់​គ្នា»

ដូច​គ្នា​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី លោក អន សំណាង ចាត់​ទុក​វេទិកា​តុ​សន្តិភាព​នា​ពេល​នេះ គឺ​ទទួល​បាន​ជោគជ័យ។ លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ មន្ត្រី​មូលដ្ឋាន និង​សហគមន៍ បន្ត​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ដើម្បី​រៀបចំ​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​កម្មវិធី​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឡាយ សុវត្ថារ៉ា បញ្ជាក់​ថា បញ្ហា​ដែល​នៅ​សេសសល់​ទាក់ទិន​ជម្លោះ​ដី​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង រួម​មាន ការ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​តំបន់​ទឹក​ជ្រោះ ដំណោះស្រាយ​ពាក់ព័ន្ធ​ការ​តាំង​ទី​លំនៅ​ប្រជាពលរដ្ឋ ៣​គ្រួសារ​លើ​តំបន់​ទឹក​ជ្រោះ និង​ការ​រួម​គ្នា​អភិវឌ្ឍ​តំបន់​ទឹក​ជ្រោះ តាម​គោលការណ៍​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។