​កាក​បាទ​ក្រហម​ខណ្ឌ​ប្ញស្សី​កែវ​នាំ​អំណោយ​ចែក​ជូន​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅភូមិ​បឹង​សាឡាង

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២១ ធ្នូ នេះ គណៈ​កម្មការ​នៃ​អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​ប្ញស្សី​កែវ​បាន​នាំ​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិភោគ និង​ថវិកា​ចែក​ជូន​គ្រួសារ​រង​គ្រោះ​​ចំនួន​១០​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ភូមិ​បឹង​សាឡាង ខណ្ឌ​ប្ញស្សី​កែវ​ ។

ក្នុងឱកាស​នោះ​មាន​ការ​និមន្ត​ចូល​រួម​ផ្តល់​អំណោយ​ដោយ​ព្រះតេជ​គុណ​សុវណ្ណ​ជោតិ បណ្ឌិត ខឹម សម្ប​ត្តិ​ ប្រធាន​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ ព្រះ​ពុទ្ធ​សាសនា​កម្ពុជា និង​ជា​ចៅ​អធិការ​​វត្ត​ញាណ​រង្សី​ផង​ដែរ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​នា​រសៀល​នេះ សម្រាប់​ម្ចាស់​ផ្ទះ​ចំនួន​៣​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៧៥​គីឡូ​ក្រាម គ្រឿង​ឧប​ភោគ បរិ​ភោគ​ និង​ថវិកា​១០​ម៉ឺន​រៀល ក្នុង​នោះ​ថវិកា​របស់​ព្រះ​តេជគុណ​ខឹម សម្បត្តិ ៥ម៉ឺន​រៀល និង​អនុ​សាខា​កាក​បាទ​ក្រហម​៥​ម៉ឺន​រៀល​។

ដោយ​ឡែក​៧​គ្រួសារ​ទៀត មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៥០​គីឡូ​ក្រាម សម្ភារ​ប្រើ​ប្រាស់ គ្រឿង​ឧប​ភោគ​ បរិភោគ និង​ថវិកា​១០​ម៉ឺន​រៀល​ដែរ​៕