នាយករង​ប្រធាន​ភូមិ​កុមារ SOS កំពុង​ស្វែងរក​ក្មេង​ស្រី​កំព្រា​វ័យ​ជំទង់​ដែល​បាត់ខ្លួន​ជាង​១០​ថ្ងៃ

ខេត្តក្រចេះ ​៖ នាយករង​ភូមិ​កុមារនៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​ស្វែងរកសុំ​ការ​អន្តរាគមន៍ពី​សមត្ថកិច្ច​ពាក់​ព័​ន្ធ ដើម្បី​ឲ្យ​ជួយ​ស្វែ​ងរក​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ជា​សិស្ស​ក្រីក្រ​ស្នាក់​នៅក្នុងភូមិ​កុមារ អេស អូ អេស (SOS)​ខេត្តក្រចេះ ដែល​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​ជាង​១០ថ្ងៃ​មក​ហើយ​នោះ​។

លោក​ស៊ី​ន ប៊ុ​ន​ធឿ​ន នាយ​រង​ភូមិ​កុមារ SOS ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ​ធ្នូ នេះ​ថា ក្រោយ​ពី​មានការ​បាត់​ខ្លួន​របស់ក្មេង​ស្រី​វ័យ​ជំទង់ អាយុ​១៣​ឆ្នាំ ជា​សិស្ស​ក្រីក្រ ដែល​បាន​មក​ស្នាក់​នៅ​រៀនសូត្រ ក្នុងភូមិកុមារ​រយៈពេល​ជាង​២​ឆ្នាំមក​ហើយ​នោះ លោក​ និង​ក្រុមការងារ​នៅ​តែ​បន្ត​ខិតខំ​ស្វែងរកក្មេង​ស្រី​រូប​នេះគ្រប់​ច្រកល្ហក​។

​រហូត​មក​ទល់​នឹង​ថ្ងៃនេះ មាន​រយៈ​ពេល​ជាង​១០​ថ្ងៃ​ហើយដែល​ក្មេង​ស្រី​វ័យ​ជំទង់រូប​នេះបាន​បាត់​ខ្លួន ​និង​បាត់​ដំណឹង​សូន្យឈឹង ដោយ​មិនដឹង​ថា​ ទៅ​កន្លែង​ណា​នៅឡើយ​ទេ​។

បើ​តាម​ការ​លើក​ឡើង​លោកនាយ​រង​ភូមិ​កុមារ SOS លោក​ស៊ី​ន ប៊ុ​ន​ធឿ​ន បាន​ឲ្យដឹង​ថា ក្មេង​ស្រីវ័យ​ជំទង់​ដែល​បាន​បាត់​ខ្លួន​នេះ ឈ្មោះ ប៊ុ​ន ភី​រម្យ អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ក្រចេះ​ក្រុង មានស្រុក​កំណើត​នៅ​ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។

ក្មេង​ស្រី​រូប​នេះ​ជា​កូនទោល និង​ជា​កូន​កំព្រាម្តាយ រស់នៅ​ជាមួយ​ឪពុក​ក្នុងជីវ​ភាព​ទីទ័ល​ក្រ​  និង​ក៏​បាន​មក​ស្នាក់​នៅ​រៀនសូត្រ​ក្នុងភូមិ​កុមារ អេស អូ អេស (SOS) មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។

លោក​ស៊ី​ន ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​រូប​នេះ បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៩ ​ធ្នូ ក្រោយ​ពី​រូប​នាង​បាន​ជិះ​កង់​ទៅ​រៀន និង​ក៏​មិនឃើញ​ត្រឡប់​មក​វិញ​។

មិន​មានការ​អះអាង​ណាមួយ​ថា មុន​នឹង​ការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​ផ្តើម​ចេញពី​បញ្ហាអ្វីមួយ​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​​ តែបើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយករង​ភូមិ​កុមារ បាន​ឲ្យ​ដឹង​ថា មុន​នឹង​​​បាត់​ខ្លួន ​ក្មេង​ស្រី​វ័យ​ជំទង់ បាន​រង​ការ​ស្តីបន្ទោស​តិចតួច​ពី​ស្ត្រីជា​ម្តាយ​អ្នក​មើលថែពី​រឿង​នាង​យក​សំពត់​គ្នា​ស្លៀក​។

ជាមួយ​​​ការ​បាត់​ខ្លួន​នេះ លោក​អនុប្រធាន​បាន​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​អាចរង​ការ​ឆបោក ដោយ​ការ​អូស​ទាញ​ពី​ជន​ណា​ម្នាក់៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព