គណបក្ស​អំណាច​ខ្មែរ​នឹង​ដក​ពាក្យបណ្ដឹង​វិញ​បើ​លោក ហោ ណាំហុង បកស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​

​អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ បញ្ជាក់ថា គណបក្ស​លោក​នៅតែ​ទុក​ឱកាស​ឲ្យ​លោក ហោ ណាំហុង ធ្វើ​ការសម្របសម្រួលនិង​បកស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ជុំវិញ​ពាក្យសម្ដី​ខ្លួន ដែល​បាន​ចោទ​គណបក្ស​អំណាច​ខ្មែរ​ថា មាន​ក្រុម​ភេរវកម្ម​។​លោក​ថា បើ​ការបកស្រាយ​របស់លោក ហោ ណាំហុង ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅតែ​គាំទ្រ​គណបក្ស​អំណាច​ខ្មែរ​នោះ លោក​នឹង​ដក​ពាក្យបណ្ដឹង​នោះមក​វិញ​។​គណបក្ស​អំណាច​ខ្មែរ បាន​យកពាក្យ​ប្ដឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពីបទ​«​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ជា​សាធារណៈ​» ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ពាក្យបណ្ដឹង​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ធ្នូ​នេះ ។​

​គណបក្ស​អំណាច​ខ្មែរ បានដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង ដោយសារតែ​មិនមាន​ដំណោះស្រាយ​ត្រឹមត្រូវ​ដែល​អាចធ្វើ​ឲ្យ​គណបក្ស​អំណាច​ខ្មែរ ទទួលយកបាន​។​នេះ​ជាការ​បញ្ជាក់​របស់លោក ទេព វីរៈ ដែល​អះអាងថា គណបក្ស​លោក​នៅតែ​ទុក​ឱកាស​ឲ្យ​លោក ហោ ណាំហុង សម្របសម្រួល​បកស្រាយ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ពាក្យសម្ដី​ចោទ​គណបក្ស​អំណាច​ខ្មែរ​ថា មាន​ក្រុម​ភេរវកម្ម​។​អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បន្ថែមទៀតថា បើសិនជា​លោក ហោ ណាំំ​ហុង ធ្វើការ​បកស្រាយ​ពាក្យសម្ដី​ដែល​ចោទ​គណបក្ស​ខ្លួន ដែល​មិន​ធ្វើ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​គណបក្ស ហើយ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​គាំទ្រ​បក្ស​ខ្លួន​ដដែល​នោះ គណបក្ស​លោក​នឹង​ដក​ពាក្យបណ្ដឹង​វិញ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ទេព វីរៈ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នៅតែ​រងចាំ​មើល​ការសម្របសម្រួល​ពី​ខាង​ក្រសួងការបរទេស ឲ្យ​មានការ​បកស្រាយ​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ពាក្យ​ចោទ​គណបក្ស​ថា មាន​ក្រុម​ភេរវកម្ម​នេះ ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច ហើយ​លែង​ហ៊ាន​គាំទ្រ​គណបក្ស​ទៀត ដែល​អាច​ឲ្យ​គណបក្ស​អំណាច​ខ្មែរ​ទទួលយកបាន​។​ហើយ​យើង​នឹង​ដក​ពាក្យបណ្ដឹង​នេះ​វិញ​»​។​

​លោក ទេព វីរៈ បញ្ជាក់ថា តុលាការ​បានទទួល​ពាក្យបណ្ដឹង​ពី​គណបក្ស​អំណាច​ខ្មែរ​ហើយ ។​លោក​ថា គណបក្ស​លោក​នឹងរង​ចាំមើល​ការដោះស្រាយ​របស់​តុលាការ ហើយ​បើ​តុលា​ការមិន​ដោះស្រាយ​លើ​ពាក្យបណ្ដឹង​នេះ​ទេ នោះ​ក៏​អាច​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ និង​អន្តរជាតិ បានដឹង​កាន់តែច្បាស់​ថា តុលាការ​ពិតជា​មិន​ភាពយុត្តិធម៌​មែន​។​

​កន្លងមក​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា ធ្លាប់​អះអាងថា អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏​ធ្លាប់​ស្នើសុំ​ឲ្យ​មានការ​សម្រប​ស្រួល​ជាមួយ​លោកតា​មរយៈ​ទូរស័ព្ទ មិន​ឲ្យ​មានការ​ប្ដឹង​ដែរ តែ​លោក​មិន​ទទួលយក​ការសម្របសម្រួល​តាម​ទូរស័ព្ទ​នេះឡើយ​។​លោក​ថា ប្រសិនបើ​លោក ហោ ណាំហុង ចេញ​សេចក្តីថ្លែងការណ៍​សម្រប​សម្រួល ដោយ​បកស្រាយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ជាមួយ​គណបក្ស​ខ្លួន​នោះ លោក​នឹង​បញ្ចប់​ការប្ដឹង​ផ្ដល់​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ ស​ន្ទ​រី ទទួលស្គាល់ថា​លោក​ពិតជា​ធ្លាប់បាន​ប្រាប់​គណបក្ស​អំណាច​ខ្មែរ កុំ​ឲ្យ​មានការ​ប្ដឹងផ្ដល់​នាំ​ឲ្យ​មាន​បញ្ហា​ធំ​ជាងនេះទៀត​មែន​។​តែ​អ្នកនាំពាក្យ​រូបនេះ ក៏​មិនទាន់​អាច​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​នឹង​ចេញ​សេចក្ដី​ថ្លែង​ការសម្របសម្រួល​ជុំវិញ​បញ្ហា​ដែល​លោក សួន សេរី​រដ្ឋា ដាក់ពាក្យ​ប្ដឹង​នេះ ឬក៏​អត់​នោះទេ​៕