អាគារ​ចំនួន​៣៣​ត្រូវបាន​កប់​ក្នុង​បំណាក់​ដី​ចិន ខណៈ​មនុស្ស​យ៉ាងតិច​៩១​នាក់​បាត់​ខ្លួន​

​បំណាក់​ដី​ដ៏​ធំ​មួយ​បាន​លេប​ត្របាក់​អាគារ​ចំនួន​៣៣​នៅឯ​តំបន់​ពាណិជ្ជកម្ម​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ហើយ​មនុស្ស​៩១​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​។ ពេលនេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​បាក់​ដី​ដ៏​មហន្តរាយ​នេះ​។​

​មនុស្ស​យ៉ាងតិច​៩១​នាក់ កំពុង​បាត់​ខ្លួន ហើយ​អាគារ​៣៣​បាន​កប់​បាត់​ក្នុងការ​បាក់​ដី​ដ៏​ធំ​មួយ​នៅ​ភាគខាងត្បូង​ចិន​។ ហើយ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានដាក់​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ចំពោះ​បញ្ហា​នេះ​។ ព្រម​ជាមួយគ្នានេះ លោក Li ក៏បាន​បញ្ជា​ឲ្យ​ក្រុម​ជួយសង្គ្រោះ​ធ្វើ​សកម្មភាព​ជាបន្ទាន់​ក្នុងការ​ស្វែងរក​ជនរ​ង​គ្រោះ​ដែល​បាត់​ខ្លួន​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បានចេញ​ផ្សាយ​វីដេអូ ដែល​បានបង្ហាញ​ពី​បំណាក់​ដី​ដែល​បាន​កើតឡើង​នៅ Shenzhen​។ អាគារ​ខ្ពស់ៗ​ជាច្រើន​ត្រូវបាន​លេប​ត្របាក់​ដោយ​បំណាក់​ដី ហើយ​នៅ​ទូទាំង​តំបន់​ពាណិជ្ជកម្ម ត្រូវបាន​គ្របដណ្ដប់​ដោយ​ដី​ភក់​ទាំងអស់​។ ជាមួយគ្នានេះ សារព័ត៌មាន Xinhua បាន​ស្រង់​សម្ដី​អភិបាលរងក្រុង Shenzhen ថា ផ្ទៃដី​ដែល​គ្រប់​ដណ្ដប់​ដោយ​ភក់​មាន​ទំហំ​ដល់​ទៅ​៣​សែន​ម៉ែត​ក្រលា និង​មាន​កម្ពស់​ដល់​ទៅ​១០​ម៉ែត​។ 

​ជុំវិញ​ការជួយ​សង្គ្រោះ​វិញ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត ត្រូវ​ចាត់វិធានការ​គ្រប់បែបយ៉ាង​ក្នុងការ​ជួយសង្គ្រោះ​នេះ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​និង​រងរបួស​។ លោក ស៊ី ក៏បាន​បញ្ជា​ឲ្យ​យកចិត្តទុកដាក់​លើ​អ្នកជំងឺ ព្រមទាំង​ក្រុមគ្រួសារ​ពួកគេ​ផងដែរ​។ មួយវិញទៀត លោកនាយក​រដ្ឋមន្ត្រី Li ក៏បាន​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​រដ្ឋាភិបាល​ចុះជួយ​អាជ្ញាធរខេត្ត​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​ទៀតផង​។ ហើយ​ពេលនេះ ក្រុម​សង្គ្រោះ​ជិត​៣​ពាន់​បាន​ទៅដល់​ទីតាំង​ជាមួយនឹង​ឆ្កែ​ហិតខ្លិន​និង​យន្តហោះ​ដ្រូ​ន​។

​ជាមួយគ្នានេះដែរ ទូរទស្សន៍​រដ្ឋ​ចិន​ផ្សាយ​ទៀតថា មនុស្ស​១៤​នាក់​ត្រូវបាន​ជួយសង្គ្រោះ ស្រប​ពេលដែល​មនុស្ស​ជាង​៩០០​នាក់​ត្រូវបាន​ប្រមូល​ចេញពី​កន្លែងកើតហេតុ​។ ហើយ​ក្នុងចំណោម​អ្នក​បាត់​ខ្លួន​ទាំង​៩១​នាក់​មាន​បុរស​៥៩​នាក់ និង​ស្ត្រី​៣២​នាក់​។ ក្រៅពីនោះ រោងចក្រ​ចំនួន​១៤ និង​អាគារ​ទាបៗ​ចំនួន​១៣ ត្រូវបាន​កប់​ក្នុង​ហេតុ​ការ​ណ៏​នោះ​។

​ហេតុ​ការ​ណ៏​នេះ​បាន​បង្ក​ជា​ចម្ងល់​យ៉ាងខ្លាំង​ចំពោះ​ស្តង់ដា​សុវត្ថិភាព​របស់​ចិន​។ នេះ​ក៏​ព្រោះតែ រឿង​បែប​នោះ​តែង​កើត​ឡើងជា​ញឹកញយ​នៅក្នុង​ប្រទេស​ចិន ហើយ​តែង​ធ្វើ​ឲ្យ​បាន​ខាតបង់​ដល់​វិ​ស័​សេដ្ឋកិច្ច​យ៉ាងខ្លាំង ខណៈដែល​សេដ្ឋកិច្ច​ចិន កំពុងតែ​ស្ទុះ​ខ្លាំង​ក្នុង​រយៈពេល​ជាង​៣​ទសវត្ស​ចុងក្រោយ​នេះ​៕