ករណី​បុគ្គលិក​ផ្ទះសំណាក់​«​សូ​រិ​យា​ផ្កាយ​៩»​ស្លាប់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​សម្លាប់​បុគ្គលិក​ផ្ទះសំណាក់ «​សូ​រិ​យា​ផ្កាយ​៩» បាន​ម្នាក់​ហើយ​នៅ​ស្រុក​កំណើត​របស់​ជនសង្ស័យ​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​បុគ្គលិក​ផ្ទះសំណាក់ «​សូ​រិ​យា​ផ្កាយ​៩» កាល​ពី​រសៀល​ថ្ងៃ​មិញ​ ។

សូម​បញ្ជាក់​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នេះ បន្ទាប់​ពី​ប្រទះ​ឃើញ​យុវជន​ម្នាក់​ជា​បុគ្គលិក​របស់​ផ្ទះសំណាក់​យីហោ  «​សូ​រិ​យា​ផ្កាយ​៩» ដេក​ស្លាប់​លើ​គ្រែ​ដោយ​មាន​ឈាម​ស្រោច​ពេញ​ខ្លួន ហាក់ដូចជា​មាន​គេ​ប្រើ​កាំបិត​ចាក់​សុះ​ពេញ​ខ្លួន ស្ថិត​នៅផ្ទះ​លេខ​១៥Eo ក្នុង​បន្ទប់​លេខ​៥០៣, ផ្លូវ​លេខ​៨១ ក្នុងភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ង៉ែត អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ផ្ទះសំណាក់​«​សូ​រិ​យា​ផ្កាយ​៩»​ខាងលើ ។​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ ដោយ​ជំហាន​ដំបូង​ត្រូវ​សង្ស័យ​ថា អាច​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ព្រោះ​បុគ្គលិក​ម្នាក់​ទៀត​បាន​បាត់​ខ្លួន បន្ទាប់​ពី​មាន​ហេតុការណ៍​ជន​រង​គ្រោះ​ស្លាប់​នេះ ហើយ​កន្លង​មក​ទាំង​២​នាក់​គឺ​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធីច្បាប់ ៕