បវរកញ្ញា​បារាំង​ឆ្នាំ​២០១៦ បាន​ទៅ​លើ​យុវតី​នៅ​ភាគ​ខាង​ជើង​ជា​ថ្មី

បេក្ខនារី៣១រូប ដែលសុបិន្ដថា នឹងបន្តតំណែងពីកញ្ញា កាមី សែរហ្វ៍ (Camille Cerf) បវរកញ្ញា​បារាំង​ឆ្នាំ​២០១៥​មុន ដែល​មក​ពី​តំបន់​ភាគ​ខាង​ជើង នៃប្រទេសបារាំង ត្រូវបានចម្រាញ់ នៅសល់​មួយ​រូប​ចុង​ក្រោយ គឺកញ្ញា អ៊ីរីស មីតេណារ៉េ (Iris Mittenaere) មកពីតំបន់ភាគខាងជើង ជាថ្មី​ទៀត។
បវរកញ្ញា​បារាំង​ឆ្នាំ​២០១៦ បាន​ទៅ​លើ​យុវតី​នៅ​ភាគ​ខាង​ជើង​ជា​ថ្មី
កញ្ញា អ៊ីរីស មីតេណារ៉េ នៅក្នុងសម្លៀកបំពាក់ប្រពៃណី ប្រចាំតំបន់។ (រូបថត Sipa)

យុវតីដ៏ស្រស់ស្អាត អាយុ២២ឆ្នាំ ដែលជាបវរកញ្ញាប្រចាំឲ្យតំបន់ «Nord-Pas-de-Calais» កញ្ញា អ៊ីរីស មីតេណេរ៉េ ត្រូវបានជ្រើសជាប់ ជាបវរកញ្ញាបារាំង ប្រចាំឆ្នាំ២០១៦  នៅក្នុងការប្រកួតរាជនីសម្ផស្ស កាល​ពី​យប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ នៅទីក្រុង លីល្ស៍។

កញ្ញា អ៊ីរីស ត្រូវបានប្រកាស ឲ្យជាប់ស្នងតំណែង ពីកញ្ញា កាមី សែរហ្វ៍ បវរកញ្ញាឆ្នាំមុន ដែលមកពីតំបន់ ភាគ​ខាងជើងប្រទេសបារាំងដូចគ្នា បង្កការខកចិត្តមិនស្ទើ ទៅបវរកញ្ញាមកពីកោះ «Martinique» (ជាប់​ជា​បវរកញ្ញាអមទី១) និងបវរកញ្ញា មកពីកោះ «Tahiti» (ជាប់ជាបវរកញ្ញាអមទី២)។ បវរកញ្ញា ដែល​មក​ពី​​តំបន់ «Provence» និងពីកោះ «Réunion» ទទួលបានចំណាត់ថ្នាក់ ជាបវរកញ្ញាអម លេខ៣ និងលេខ៤។

កញ្ញា អ៊ីរីស ដែលមានសក់ពណ៌មាស កំពស់ ១,៧២ម៉ែត្រ និងជានិស្សិតឆ្នាំទី៥ខាងទន្ដសាស្ត្រ ត្រូវ​បាន​ចម្រាញ់​ចេញ ពីបេក្ខនារីដែលអាយុពី១៨ ដល់២៤ឆ្នាំ មកពីតំបន់ចំនួន ៣១ នៃប្រទេសបារាំង និងទឹកដី​បារាំង ឯ​នាយ​សមុទ្រ។ នាងបានថ្លែងប្រកាស នៅក្នុងកម្មវិធីប្រឡងនោះ ពីគម្រោងរបស់នាង ក្នុង​ការ​ប្រយុទ្ធ​តស៊ូ ដើម្បីឲ្យកុមារីទាំងឡាយ អាចទទួលបានការសិក្សាអប់រំ។

» កញ្ញា អ៊ីរីស ក្នុងសភាពជាធម្មជាតិ៖

បវរកញ្ញា​បារាំង​ឆ្នាំ​២០១៦ បាន​ទៅ​លើ​យុវតី​នៅ​ភាគ​ខាង​ជើង​ជា​ថ្មី

កម្មវិធីប្រឡងបវរកញ្ញាបារាំង នាឆ្នាំនេះ ត្រូវបានរៀបចំឡើង នៅជុំវិញប្រធានបទ«សុបិន្ត»។ កម្មវិធី​បាន​យក​សុបិន្ត របស់អតីតបវរកញ្ញាបារាំងចំនួន១០រូប មកចាក់ផ្សាយ ដោយពីក្នុងចំណោមនោះ ពួកនាងៗ​បាន​ឆ្លង​កាត់ នូវការតស៊ូជាច្រើន ដើម្បីក្លាយជា«បវរកញ្ញា»។

ចំណែកការជ្រើសវើស អ្នកដែលស្អាតដាច់គេវិញ កម្មវិធីបានឆ្លងកាត់ នូវដំណាក់កាលចំនួន៣ដង៖ ជម្រុះ​លើក​ទី១ ដោយគណកម្មាករវាយតម្លៃ នៅសល់តែ១២នាក់ - ជម្រុះលើកទី២ ដោយគណកម្មការមេ​ប្រយោគ នៅ​សល់៥នាក់ និងការសម្រេច ជាលើកចុងក្រោយ ត្រូវធ្វើឡើងដោយទស្សនិកជន ដោយការបោះឆ្នោត តាម​ទូរស័ព្ទ។ កាលពីឆ្នាំ២០១៤កន្លងទៅ  បណ្ដាជនប្រមាណជា ៨,៦លាននាក់ បាន​ទស្សនា​កម្មវិធី​ប្រឡង​បវរកញ្ញា​នេះ នៅលើកញ្ចក់ទូរទស្សន៍ TF1 ហើយចំនួននេះ បានក្លាយជាតួលេខមួយ ដ៏ខ្ពស់ បើប្រៀបធៀប​នឹង​កម្មវិធី​ផ្សេងទៀត ដែលចាក់បញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍ដទៃទៀត៕

» ប្រតិកម្មដំបូង របស់កញ្ញា អ៊ីរីស បន្ទាប់ពីបានជាប់ជាបវរកញ្ញា៖

------------