វិភាគ៖ មិនប្រាកដ ថាខំ ជេរគេ ជេរឯង ក្លាយខ្លួន ជាអ្នកល្បី នោះទេ

ភ្នំពេញ៖ វាស្ទើរក្លាយទៅ ជាទំលាប់ទៅហើយ បុគ្គលដែលចង់ល្បី ឬគណបក្សនយោបាយ អង្គការក្រៅ រដ្ឋាភិបាល មួយចំនួន ដែលចង់បានទទួលនូវ ភាពល្បីល្បាញឆាប់រហ័ស រមែងតែងតែកត់សំគាល់ ឃើញអស់លោកទាំងនោះ តែងតែបើកការរិះគន់ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ព្រមទាំងថ្នាក់ដឹកនាំ នៃគណបក្សនេះ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនឆ្នើមមួយចំនួន។

ជាការពិតអស់លោក អ្នកនយោបាយទាំងអស់នោះ ពិតជាឆាប់បាន នូវការគាំទ្រប្រជាប្រិយភាពអីចឹងមែន។ ប៉ុន្តែអ្វីៗមិនសុទ្ធ តែទទួលជោគជ័យទាំងស្រុងទេ ខ្លះ ក៏ដេកគុក ខ្លះក៏ឃ្លាតឆ្ងាយ ខ្លះក៏បាត់ឈ្មោះ ចេញពីពិភពគុន។ ឥឡូវនេះ ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក៏កំពុងធ្វើដំណើរ មកសន្សឹមៗ ទន្ទឹមនឹង អ្នកនយោបាយខ្លះ ក៏ចាប់ផ្តើម បង្ហាញមុខមាត់ អត្តចរឹក តាមរយៈនៃការបង្កើត គណបក្សនយោបាយ អធិប្បាយ ក៏ដូចជា បង្កើតអង្គការក្រៅរដ្ឋាភិបាលផ្សេងៗជាដើម ដើម្បីបើកការវាយប្រហារស្រោច មកលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងបំណងស្តែង ឲ្យឃើញចំពោះអ្នកគាំទ្រខ្លួនថា ពិតជាហ៊ានប្រឆាំង តតាំងជាមួយអ្នកកាន់អំណាច ពិតប្រាកដមែន។

ដោយមានបទពិសោធន៍ និងចាស់ទុំខាងនយោបាយ មានទស្សនវិជ្ជាត្រឹមត្រូវ យើងកត់សំគាល់ឃើញថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ហាក់ប្រកាន់យកឥរិយាបថខន្តី និងប្រជាធិបតេយ្យ ធ្វើជាមូលដ្ឋានធំ សម្រាប់ពន្លត់ ទៅវិញនូវទង្វើរបស់អ្នកទាំងនោះ ដែលកំពុងសាបព្រោះ ក្នុងហេតុផលតែមួយគត់ ដើម្បីទាក់ទាញការគាំទ្រ ក្នុងអាជីពនយោបាយរបស់គេ។

អ្នកវិភាគនយោបាយនៅកម្ពុជា ដែលប្រកាន់នូវគោលការណ៍អព្យាក្រឹត្យ បានលើកទស្សនទានថា អ្នកនយោបាយ ខ្ចីវស្សា និងអ្នកនយោបាយប្រជាពិថុត គួរតែផ្លាស់ប្តូរនូវយុទ្ធសាស្រ្ត ទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត តាមរបៀបរិះគន់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលអនុវត្តមិនបានជោគជ័យ នូវចំណុចខ្លះដែលខ្លួនបានសន្យា ជៀសជាងការវាយប្រហារ ទៅលើបុគ្គល ឥស្សរជននៃបក្សកាន់អំណាច ដើម្បីប្រជាប្រិយភាពរបស់ខ្លួន ដូចជាការវាយប្រហារ ទៅលើបុគ្គល ដែលទទួលបានការគោរព ដ៏ច្រើនលើសលុប ពីប្រជាពលរដ្ឋ ព្រមទាំងឥស្សរជន មួយចំនួនទៀត។ ជាការពិតគ្មាន អ្នកដឹកនាំណាម្នាក់ ដែលប្រតិបត្តិល្អ ឥតខ្ចោះនោះទេ មានខុសមានត្រូវ ប៉ុន្តែ បើធ្វើការវិនិច្ឆ័យ យើងពិតជាទទួលយកបាន ដោយសារតែ ឥស្សរជនទាំងនោះ បានរំដោះជាតិចេញពីសង្រ្គាម និងបម្រើជាតិ ឆ្ពោះទៅរកការអភិវឌ្ឍន៍ ដែលមរតកនេះ ក្មេងជំនាន់ក្រោយ នឹងទទួលយកបន្ត។ ជាការពិតប្រសិន បើគ្មានវត្តមាននៃឥស្សរជនទាំងនោះទេ ក៏មិនមានស្ថិរភាព និងសន្តិភាពល្អ ដូចបច្ចុប្បន្ន ដែលបង្កលក្ខណៈ ដោយពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិសេរីភាព តាមរដ្ឋធម្មនុញ្ញនោះឡើយ។ ដូច្នេះឥស្សរជន ដែលកំពុងត្រូវបាន វាយប្រហារ ដោយអ្នកនយោបាយ វ័យក្មេងខ្លះ មិនទាន់មាន ពិសោធន៍គ្រប់គ្រាន់ (មិនទាន់ជ្រុះពន្លៃពីក្បាល) គួរត្រូវបានគោរព ដែលឥស្សរជនទាំងនោះ មិនត្រឹមតែជាបញ្ញវន្តទេ ប៉ុន្តែការដឹកនាំ និងបទពិសោធន៍ មានច្រើនរាប់មិនអស់ ដែលនឹងត្រូវផ្ទេរមរតកនេះ មកឲ្យយុវជនជំនាន់ក្រោយ។

អ្នកវិភាគបានបន្តថា បើតាមការប្រមើលទុកឆ្នាំ២០១៧-២០១៨ ការបោះឆ្នោតឃុំ-សង្កាត់ និងសកល អ្នកនយោបាយ ដែលទើបចាប់ពន្លក ហើយផ្តើមអាជីពប្រមាថចាស់ទុំ ប្រៀបបានទៅនឹងសត្វមមាជ មិនស្គាល់ភ្លើងប៉ុណ្ណោះ៕