ព្រះសង្ឃ​កម្ពុជា-ថៃ​ចូលរួម​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​ជាមួយ​គ្នា​ជា​លើក​ដំបូង

មន្ត្រី​រដ្ឋាភិបាល បាន​រៀបចំ​ប្រារព្ធ​ពិធី​បួង​សួង​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​តាព្រហ្ម និង​ពិធី​មហា​សង្ឃទាន​រាប់​បាត្រ​ព្រះសង្ឃ ៤.៥០០​អង្គ នៅ​ទីលាន​ជល់​ដំរី​មុខ​ប្រាសាទ​បាយ័ន នា​ខេត្ត​សៀមរាប ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ធ្នូ។

ការ​ប្រារព្ធ​ពិធី​តាម​លំអាន​នៃ​ព្រះពុទ្ធ​សាសនា ដែល​មាន​រាជា​គណៈសង្ឃ​មួយ​ចំនួន​និមន្ត​មក​ពី​ប្រទេស​ថៃ ចូលរួម​ផង​នោះ ត្រូវ​បាន​គេ​បញ្ជាក់​ថា ក្នុង​បំណង​ឧទ្ទិស​ព្រះរាជ​មហា​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ឋ​អតីត​ព្រះមហាក្សត្រ និង​មហា​បុរស​ខ្មែរ​ពី​អតីតកាល និង​សុំ​ឲ្យ​ប្រទេស ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន និង​អនាគត​មាន​សុខ​សន្តិភាព។

ព្រះសង្ឃ​រាជា​គណៈ​របស់​កម្ពុជា និង​ថៃ បាន​ចូលរួម​ជាមួយ​គ្នា​ជា​លើក​ដំបូង ដែល​ពុំ​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ នៅ​ក្នុង​ពិធី​មហា​សង្ឃទាន​តាម​បែប​ព្រះពុទ្ធ​សាសនា ដោយ​រាប់​បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន ៤.៥០០​អង្គ​នៅ​ឯ​ខេត្ត​សៀមរាប។

ការ​ចូលរួម​ពិធី​បុណ្យ​ជាមួយ​គ្នា​រវាង​រាជា​គណៈសង្ឃ​ខ្មែរ និង​រាជា​គណៈសង្ឃ​ថៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​ទៅ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បាន​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ថៃ ព្រម​ទាំង​ជួប​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២ កម្ពុជា-ថៃ ហើយ​បាន​ប្រកាស​ចេញ​នូវ​ព័ត៌មាន​ស្ដីពី​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ភាគី​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹងមាំ ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​មក។

ពិធី​បុណ្យ​មហា​សង្ឃទាន​ដ៏​អធិកអធម ដែល​ធ្វើ​ឡើង​នៅ​កណ្ដាល​ទីលាន​ជល់​ដំរី​នៃ​បរិវេណ​អង្គរ​ធំ ត្រូវ​បាន​គេ​បង្ហាញ​គោល​បំណង​ថា ដើម្បី​ឧទ្ទិស​មហា​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ និង​អតីត​មហា​វីរបុរស​ខ្មែរ​គ្រប់​ជំនាន់ តាំង​ពី​សម័យ​បុរេប្រវត្តិ សម័យ​នគរ​ភ្នំ សម័យ​មហា​នគរ សម័យ​ក្រោយ​អង្គរ ព្រម​ទាំង​ឧទ្ទិស​ថ្វាយ​ទេវតា និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ រួម​ទាំង​មាតា​បិតា​ដែល​តែង​ថែ​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​អ្នក​ដឹក​នាំ និង​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់​នា​ពេល​បច្ចុប្បន្ន មាន​សេចក្តី​សុខ​ចម្រើន។

ប្រធាន​មជ្ឈមណ្ឌល​ព្រះពុទ្ធ​សាសនា​កម្ពុជា ជា​អ្នក​រៀបចំ​ប្រារព្ធ​មហា​សង្ឃទាន​នេះ​ឡើង គឺ​ឧបាសិកា ញ៉ឹក ប៊ុនថាន។ អ្នកស្រី​ថ្លែង​នៅ​ក្នុង​ពិធី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា អតីត​ព្រះមហាក្សត្រ និង​មហា​វីរបុរស​ខ្មែរ​ជាច្រើន​ជំនាន់ បាន​ប្រើ​ពេល​តស៊ូ​រាប់​សតវត្ស​ប្រឆាំង​ជាមួយ​សត្រូវ ដើម្បី​បង្កើត​ជា​វប្បធម៌ អរិយធម៌ ប្រពៃណី និង​ប្រទេស​ជាតិ​ដ៏​រុងរឿង បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ។ គុណ​បំណាច់​ដ៏​ធំធេង​នេះ កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​តែ​ដឹង​គុណ៖ «យើង​ត្រូវ​សម្ដែង​នូវ​ទឹក​ចិត្ត​ជា​អ្នក​គោរព​គុណ និង​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​បុព្វបុរស មហា​បុរស​របស់​យើង​ទាំងអស់​គ្នា»

ព្រះសង្ឃ​ខ្មែរ​រាប់​ពាន់​អង្គ និង​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ឺន​នាក់​មក​ពី​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត បាន​នាំ​គ្នា​មក​ចូលរួម​ពិធី​មហា​សង្ឃទាន​នៅ​ទីលាន​ជល់​ដំរី​នេះ​យ៉ាង​ច្រើន​កុះករ។ គ្រប់​ទីកន្លែង​នៃ​ហ្វូង​មនុស្ស គឺ​ឮ​តែ​សំឡេង​សូត្រ​ធម៌​យ៉ាង​ទ្រហឹង​អឺងកង។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង អ្នកស្រី កែវ សុម៉ាលី មាន​ប្រសាសន៍​ថា គាត់​ខំ​ស្កាត់​មក​ពី​ឆ្ងាយ ដើម្បី​ចូលរួម​ពិធី​បុណ្យ​នេះ គឺ​ចង់​បាន​កុសល​សម្រាប់​ក្រុម​គ្រួសារ​ផង និង​ចង់​បួង​សួង​ឲ្យ​ប្រទេស​ជាតិ​បាន​សុខសាន្ត​ផង៖ «ឧទ្ទិស​ទី​១ គឺ​សម្រាប់​ក្រុម​គ្រួសារ។ ទី​២ សម្រាប់​មហា​គ្រួសារ​ខ្មែរ និង​បុព្វបុរស​ខ្មែរ ដែល​បាន​ការពារ​ព្រះ​មហា​នគរ​យើង​រាប់​ពាន់​ឆ្នាំ​មក​នេះ»

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា អ្នកស្រី​សូម​បួង​សួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ព្រម​ទាំង​ទេវតា​ទាំងអស់ ឲ្យ​ជួយ​ថែ​រក្សា​ថ្នាក់​ដឹក​នាំ ប្រជាពលរដ្ឋ​កម្ពុជា ព្រម​ទាំង​ពិភពលោក​ទាំង​មូល​ឲ្យ​ទទួល​បាន​សេចក្តី​សុខ​សន្តិភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​សម្បូរ​សប្បាយ​ជា​រៀង​រហូត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។