ចូល​ជក់​ថ្នាំ​ញៀន ស្មានថា​ចោរ ស្រែក​ឆោឡោ ចាប់​វាយ​ទ្រម​២​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ញៀន​ថ្នាំ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​​ឡើង​ទ្រម​ ខណៈ​ពេល​ចូល​ទៅ​ជក់​ថ្នាំ​ញៀន​ក្នុង​កន្លែង​ហាល​ខោអាវ​របស់​ហាង​បោកគក់​មួយ​កន្លែង​ហើយ​ត្រូវ​ម្ចាស់​ឃើញ​ស្មានថា​ជា​ចោរ ក៏​ស្រែ​ក​ឆោឡោ​ ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ឡើង​ទ្រម​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នៅ​កន្លែង​ហាល​ខោអាវ​របស់​ហាង​បោកគក់​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ កុយ ចាន់​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​អន្លង់​ក្ងាន់ និង ឈ្មោះ ចាន់ រតនា ហៅ សួរ អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ប្រភព​ពី​ម្ចាស់​ហាង​បោកគក់​ឈ្មោះ សា​ម៉េ​ត និមល អាយុ​៣៤​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់​យក​ខោអាវ​ទៅ​ហាល​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់កំពុង​ជក់​ថ្នាំ​ញៀន ស្មានថា​ចោរ ក៏​ស្រែក​ឆោឡោ​ឡើង ហើយ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ក៏​មក​ជួយ​ដេញចាប់ និង​ចោមរោម​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រម ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកល្អក់​២ ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​២ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕