នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​១​ចាប់​បាន​ចោរលួច​ម៉ូតូ​ម្នាក់​ខណៈ​ចុះ​ធ្វើ​រដ្ឋបាល

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពី​បទ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​១​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១៨ ផ្លូវ​លេខ​១៣៨ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ខណៈ​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​រដ្ឋបាល​ដើម្បី​ការពារ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វេន សំណាង ហៅ តឿ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​រុងរឿង​១ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ចុះ​ធ្វើ​រដ្ឋបាល​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកល្អក់​ទី​១​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ដោះ​ស្លាក​លេខ​ម៉ូតូ ភ្លាម​នោះ​ដោយ​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​ដែល​ខ្លួន​ដោះ​ស្លាក​លេខ​នេះ​គឺ​ខ្លួន​បាន​លួច​ពី​ឈ្មោះ ឌី ភេទ​ប្រុស អាយុ​ប្រហែល​១៧​ឆ្នាំ កាលពី​វេលា​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​គោក​រំដេង សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សម​ត្ថិ​ច្ច​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​បាន​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ បិត​តែម​ឡើង​ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ព្រះ​វិហារ 1A-3413 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន 80 02440 ដែល​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកល្អក់​១​រៀបចំ​សំណុំ​បែបបទ​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​វិហារ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕