រដ្ឋមន្ត្រី​មហាផ្ទៃ​លើកទឹកចិត្ត​ឲ្យ​នគរបាល​ចរាចរ​ចាប់​រថយន្ត​មន្ត្រី​មានអំណាច​ដែល​មិន​គោរព​ច្បាប់​

​ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០១៦ ខាងមុខ សមត្ថកិច្ច​នឹង​អនុវត្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ទន្ទឹមគ្នា​នេះដែរ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង ប្រជុំ​ណែនាំ​ដល់​មន្ត្រី​ខ្លួន​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​ផ្សព្វផ្សាយ​អប់រំ​បន្តទៅ​កាន់​ប្រជាពលរដ្ឋ ផងដែរ​។

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ចាត់វិធានកា​រ ចំពោះ​មន្ត្រី​ដែលមាន​ឋានន្តរសក្តិ​រូប​ណា មិន​គោរព​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ ហើយ​លោក​នឹង​លើកទឹកចិត្ត ដំឡើង​ឋានន្តរសក្តិ ដល់​មន្ត្រីនគរបាល​ច​រា​ចរណ៍​ណា ចាប់​ឃាត់​រថយន្ត​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​មានអំណាច ដែល​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ មក​ធ្វើការ​ផាកពិន័យ និង​ណែនាំ​ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ថ្មី​។​

​បើតាម​វី​ឌី​អូ​ផ្សាយ​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ក្រោយ​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« នគរបាល​ចរាចរណ៍ ត្រូវអនុវត្ត​ឲ្យ​ម៉ឹងម៉ាត់ ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​សុជីវធម៌​ខ្ពស់​»​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​មន្ត្រី និង​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​ស្វែងរក​ការជួយ​អន្តរាគមន៍​នានា នៅពេល​ខ្លួន​មាន​បញ្ហា​កើតឡើង ដោយ​សម្តេច​លើកឡើងថា បញ្ហា ទាំងអស់ ទុក​ឲ្យ​ច្បាប់​ជា​វិ​និ​ច្ឋ័​យ​ដោយ​គ្មាន​ការលើកលែង​។​
    
​ជាមួយគ្នា​នឹង​ការចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទូទាំងប្រទេស​ខាងមុខនេះ ក្រសួងមហាផ្ទៃ​បានសម្រេច​ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០០​រៀល ក្នុង​មួយថ្ងៃ ជូន​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ នៅពេល​ចុះ​បញ្ជា​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ​។​

​ចំពោះ​ការផាកពិន័យ អ្នក​ល្មើសច្បាប់​វិញ ក្រសួង​បានសម្រេច​ប្រគល់​តួនាទី​ឲ្យ​នគរបាល​ប្រចាំការ​នៅតាម​ដងផ្លូវ ជា​អ្នកសរសេរ​វិ​ក័យ​ប​ត្រ​ជូន​អ្នក​ល្មើសច្បាប់​ចរាចរណ៍​រួច ពួកគេ​ត្រូវយក​វិ​ក័យ​ប​ត្រ​នោះ ទៅ​បង់ប្រាក់​ផាកពិន័យ នៅ​ប៉ុ​ស្តិ៏​នគរបាល​តាម​ការកំណត់​៕