ពលរដ្ឋ​ស្រុក​សៀមប៉ាង​ចោទ​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​ថា​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ភូមិ

មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ រង​ការ​ចោទ​ថា ជំរិត​ទារ​ប្រាក់​ពលរដ្ឋ​ពេល​ចូល​ព្រៃ​អារ​ឈើ​ធ្វើ​លំនៅឋាន។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​មួយ​គ្រួសារ បាន​ស្នើសុំ​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​ចូល​ព្រៃ​អារ​ឈើ​ធ្វើ​លំនៅឋាន​ជា​លក្ខណៈ​គ្រួសារ ត្រូវ​ទាហាន​ការពារ​ព្រំដែន​ឃាត់ និង​រឹប​អូស​ម៉ាស៊ីន​អារ​ឈើ​ពួក​គាត់។

ពលរដ្ឋ​មួយ​គ្រួសារ​ជា​ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ភូមិ​ខិះក្រោម នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ បន្ទាប់​ពី​គ្រួសារ​គាត់​ត្រូវ​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ ឈ្មោះ ប៉េង ហៅ តា​ប៉េង រឹប​អូស​ម៉ាស៊ីន​អារ​ឈើ​របស់​គាត់​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ខិះក្រោម ជិត​ព្រំដែន​កម្ពុជា-ឡាវ លោក ទា សន រៀបរាប់​ថា គ្រួសារ​លោក​មាន​ជីវភាព​ក្រីក្រ​ពុំ​មាន​ផ្ទះ​សម្បែង បាន​ដាក់​ពាក្យ​ស្នើសុំ​អារ​ឈើ​ក្នុង​ព្រៃ​ធ្វើ​លំនៅឋាន​មួយ​ខ្នង ទៅ​អាជ្ញាធរ​ភូមិ-ឃុំ អាជ្ញាធរ​ស្រុក និង​រដ្ឋបាល​ព្រៃ​ឈើ កាល​ពី​ចុង​ខែ​វិច្ឆិកា។ បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើសុំ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​លោក​អារ​ឈើ​ក្នុង​ព្រៃ​ធ្វើ​ផ្ទះ តែ​ត្រូវ​កម្លាំង​យោធា​មក​ពី​វរ​ការពារ​ព្រំដែន​១០១ ចំនួន ៦​នាក់ មាន​អាវុធ​គ្រប់​ដៃ ឃាត់​ត្រង់សឺន័រ​របស់​ពួក​គាត់​ទុក។ លោក​ថា មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ប៉េង បាន​ជំរិត​ទារ​ប្រាក់​ពួក​គាត់​ចំនួន ៥០​ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​នៃ​ការ​ប្រគល់​ម៉ាស៊ីន​ត្រង់សឺន័រ​វិញ តែ​លោក​បដិសេធ ព្រោះ​ពុំ​មាន​ប្រាក់​បង់។ លោក​កត់​សម្គាល់​ថា កន្លង​មក ករណី​ទាហាន​ជំរិត​ទារ​ប្រាក់​នោះ ក៏​មាន​អ្នក​ភូមិ​ជាច្រើន​មាន​បញ្ហា​នេះ​ដែរ៖ «សុំ​ច្បាប់​មេ​ឃុំ​មេ​ភូមិ​ស្រួលបួល មក​ចាប់​ម៉ាស៊ីន​ដូច​អយុត្តិធម៌ គាប​សង្កត់​យក​លុយ​ហើយ ៥០​ម៉ឺន។ ផ្តល់​ដល់​រដ្ឋាភិបាល​ខ្លះ​មើល ថ្នាក់​លើ​អើយ ចៅ​ក៏​ខ្លាំង​សម្បើម​ម្ល៉េះ ប្រជារាស្ត្រ​ខ្ញុំ​រស់នៅ​របៀប​ម៉េច»

លោក ទា សន បន្ត​ទៀត​ថា លោក និង​ឪពុក​របស់​លោក កំពុង​អារ​ឈើ​ក្នុង​ព្រៃ​ត្រង់​ចំណុច​អូរក្ដូច មាន​កម្មករ​របស់​ក្រុមហ៊ុន ទ្រី ភាព បាន​ប្រាប់​លោក​ថា ឲ្យ​បញ្ឈប់​អារ​ឈើ​បន្ទាន់ ព្រោះ​ព្រៃ​ឈើ​នៅ​តំបន់​អូរក្ដូច អូរគោល និង​អូរត្រាច គឺ​បុគ្គលិក​ក្រុមហ៊ុន ទ្រី ភាព បាន​បង់​ប្រាក់​ទៅ​មន្ត្រី​ពាក់ព័ន្ធ​អស់​ច្រើន ដើម្បី​ត្រៀម​អារ​ឈើ​តំបន់​នេះ៖ «ក្រុមហ៊ុន​គេ​អារ​បាន គេ​ថា​គេ​មាន​ច្បាប់​ហើយ យើង​មាន​ច្បាប់​ពី​ភូមិ​ពី​ឃុំ គេ​អត់​យក​ភ្នែក​មើល​ផង។ បើ​និយាយ​ធ្វើ​ទុក្ខបុកម្នេញ ពួក​វា​គាប​សង្កត់​ទារ​យក​ប្រាក់​តាម​ផ្លូវ​តាម​អី»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ លោក ប៉េង ហៅ តា​ប៉េង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ធ្នូ។

មេ​ឃុំ​ព្រែកមាស លោក ផួង លុន ទទួល​ស្គាល់​ថា ការ​ចាប់​ម៉ាស៊ីន​អារ​ឈើ​របស់​អ្នក​ភូមិ​ដោយ​ទាហាន​វរ​ការពារ​ព្រំដែន​១០១ ថា​ជា​ករណី​ខុស​នីតិវិធី ព្រោះ​អ្នក​ភូមិ​ពុំ​មាន​លំនៅឋាន​បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។ លោក​កត់​សម្គាល់​ថា បន្ទាប់​ពី​កើត​មាន​ករណី​នេះ លោក​បាន​អន្តរាគមន៍​ទៅ​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ ដើម្បី​ប្រគល់​ម៉ាស៊ីន​អារ​ឈើ​ជូន​អ្នក​ភូមិ​វិញ តែ​គេ​បដិសេធ៖ «ចំពោះ​ឃុំ និង​ស្រុក​គេ​អធ្យាស្រ័យ​តើ! ចំណែក​រដ្ឋបាល​ព្រៃ​ឈើ​គេ​អនុលោម​ឲ្យ​ដូច​គ្នា​ដែរ។ មិន​ទាន់​មាន​ផ្ទះ​នៅ គាត់​មិន​ទាន់​មាន​ផ្ទះ​នៅ​ពិត​ប្រាកដ»

ភូមិ​ខិះក្រោម នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ឋិត​នៅ​ទិស​ខាង​កើត​ឆៀង​ខាង​ជើង​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ៨០​គីឡូម៉ែត្រ។ ឃុំ​នេះ​មាន​ពលរដ្ឋ​រស់នៅ​ជាង ៧០០​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជិត ៤​ពាន់​នាក់។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច ដូចជា ខិះ កាវែត និង​ជនជាតិ​ភាគ​តិច​ឡាវ។ អ្នក​ភូមិ​អះអាង​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ លាត​សន្ធឹង​ជាប់​ប្រទេស​ឡាវ រាប់​ម៉ឺន​ហិកតារ ក៏​កំពុង​រង​ហានិភ័យ ដោយ​ក្រុមហ៊ុន ទ្រី ភាព និង​ឈ្មួញ​ដែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា ករណី​ជំរិត​ទារ​ប្រាក់​នេះ ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ។ លោក​ថា ការ​ទារ​លុយ​នេះ ស្ទើរ​ជា​ទម្លាប់​របស់​សមត្ថកិច្ច​នៅ​តំបន់​នោះ​ទៅ​ហើយ។ លោក​បន្ត​ថា ការ​យក​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​អំពើ​ពុក​រលួយ ហើយ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ៖ «ជា​ថ្នូរ​នៃ​ការ​យក​លុយ ហើយ​ដោះ​លែង អា​ហ្នឹង​វា​ចូល​ទៅ​ក្នុង​ករណី​ពុក​រលួយ​ហើយ អា​ហ្នឹង​អាជ្ញាធរ​ខេត្ត ឬ​ក៏​អភិបាល​ខេត្ត គួរ​តែ​ពិនិត្យ​លើ​ចំណុច​ហ្នឹង​ផង»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ទាហាន និង​សមត្ថកិច្ច​ស្រុក​សៀមប៉ាង បាន​អារ​រំលំ​សរសេរ​ផ្ទះ​អ្នក​ភូមិ​ចំនួន ៨​គ្រួសារ ឋិត​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ជាប់​ព្រំដែន​កម្ពុជា-ឡាវ។ ការ​រំលំ​នេះ សមត្ថកិច្ច​ចោទ​ថា អ្នក​ភូមិ​មក​សង់​ផ្ទះ​លើ​ដី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល ធ្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន ដើម្បី​ជា​ភ្នែក​ច្រមុះ​ក្នុង​ការ​ការពារ​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។