ស្រូវ​ប្រាំង​ប្រមាណ​៦០០​ហិកតារ​របស់​ប្រជា​កសិករ​នៅ​ស្រុក​ថ្មគោល​ខ្វះ​ទឹក​ស្រោចស្រព

ស្រូវ​ប្រាំង​កំពុង​ធ្វើ​ខ្លួន​ត្រៀម​ចេញ​ផ្លែ​ប្រមាណ ៦០០​ហិកតារ របស់​ប្រជា​កសិករ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ប្រឈម​នឹង​ការ​ខូចខាត​ក្នុង​រយៈពេល​ប្រមាណ ២​សប្ដាហ៍​ខាង​មុខ​ទៀត ដោយសារ​ដី​បែក​ក្រហែង ហើយ​គ្មាន​ទឹក​ដាក់​បញ្ចូល​ស្រែ​ជាង ១០​ថ្ងៃ​មក​ហើយ។ ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ថ្មគោល បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​កំពុង​រក​មធ្យោបាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ។

ប្រជា​កសិករ​នៅ​ស្រុក​ថ្មគោល កំពុង​ព្រួយ​បារម្ភ​ខ្លាច​ដើម​ស្រូវ​ងាប់​អស់​គ្មាន​សល់ ហើយ​គ្មាន​ប្រាក់​បង្វិល​សង​គេ ដែល​បាន​ខ្ចី​ទិញ​ជី​ដាក់​ស្រែ​នា​ពេល​កន្លង​ទៅ។

លោកស្រី ហៀង ច្រិប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ស្រូវ​ប្រាំង​របស់​លោកស្រី​ចំនួន ៣​ហិកតារ ចំណាយ​ដើម​ទុន​អស់​ជិត ៣​លាន​រៀល ហើយ​រំពឹង​ថា​នឹង​បាន​ផល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ស្ត្រី​វ័យ​ជិត ៥០​ឆ្នាំ​រូប​នេះ​បន្ត​ថា ស្រូវ​របស់​គាត់​ខ្វះ​ទឹក​ជាង ១០​ថ្ងៃ​ទៅ​ហើយ បើ​នៅ​ពុំ​មាន​ទឹក​ដាក់​ទៀត ស្រូវ​នឹង​ខូច​អស់ ហើយ​ក៏​ពុំ​ដឹង​ថា រក​ប្រាក់​ឯណា​សង​បំណុល​គេ​បាន​នោះ​ទេ៖ «ស្រូវ​ដើម​ស្អាត​ល្អ តែ​អត់​មាន​ទឹក​ដាក់ ខ្ញុំ​មិន​ដឹង​ថា​ដោះស្រាយ​យ៉ាង​ណា​ទេ បើ​ចំណាយ​ដើម​ទុន​អស់​ច្រើន​បែប​នេះ។ សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ជួយ​រក​ទឹក​ឲ្យ​ពួក​ខ្ញុំ​ដាក់​ស្រែ​ផង»

ស្រូវ​ប្រាំង​ប្រមាណ​ជា ៦០០​ហិកតារ​របស់​ប្រជា​កសិករ​ជាង ៣០០​គ្រួសារ​នៅ​ក្នុង​ភូមិ​គោកត្រប់ ឃុំ​តាម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ប្រឈម​មុខ​នឹង​ខូចខាត​ក្នុង​រយៈពេល​ប្រមាណ ២​សប្ដាហ៍​ខាង​មុខ ប្រសិន​បើ​ពុំ​មាន​ទឹក​ដាក់​បញ្ចូល​ស្រែ​ទាន់​ពេល ក្នុង​នោះ​ដី​ស្រែ​របស់​អ្នក​ភូមិ​ខ្លះ​បែក​ក្រហែង ហើយ​ដើម​ស្រូវ​ឡើង​ក្រហម​ស្រពោន​ស្វិត​បណ្ដើរៗ ដោយសារ​ខ្វះ​ទឹក​បញ្ចូល​ស្រែ​ជាច្រើន​ថ្ងៃ។

មេ​ភូមិ​គោកត្រប់ លោក ដួង គិមអ៊ាត មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រជាពលរដ្ឋ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​អន្តរាគមន៍​បង្ហូរ​ទឹក​ប្រឡាយ​ពី​ស្រុក​បវេល ដើម្បី​បញ្ចូល​ស្រែ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទាន់​ទទួល​បាន​ទឹក​នៅ​ឡើយ៖ «កន្លង​មក​អាជ្ញាធរ​ខេត្ត​បែង​ចែក​ទឹក​មក​ឲ្យ​ប្រជា​កសិករ​ក្នុង​ស្រុក​បវេល និង​ស្រុក​ថ្មគោល ផ្លាស់ប្ដូរ​គ្នា​មួយ​ស្រុក​ម្ដង ១០​ថ្ងៃ តែ​នៅ​ស្រុក​ថ្មគោល មាន​ឃុំ​ច្រើន​បែង​ចែក​បែប​នេះ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​ទៅ​អត់​ដល់​ឃុំ​នៅ​ប៉ែក​ខាង​ក្រោម​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ថ្មគោល លោក គង់ លី មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ស្រូវ​ប្រាំង​របស់​ប្រជា​កសិករ​នៅ​ឃុំ​តាម៉ឺន រាប់​រយ​ហិកតារ ពិត​ជា​ខ្វះ​ទឹក​ដាក់​ស្រែ​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា មូលហេតុ​បែង​ចែក​ទឹក​យឺតយ៉ាវ ដោយសារ​ប្រឡាយ​មេ​បង្ហូរ​ទឹក​ពី​ស្រុក​បវេល មក​ឃុំ​តាម៉ឺន ឆ្ងាយ ហើយ​ថា​អាជ្ញាធរ​ស្រុក​កំពុង​ដោះស្រាយ​លើ​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ហើយ៖ «ធ្វើ​យ៉ាង​ម៉េច​នឹង​កើត​ទៅ បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ប្រឡាយ​ទឹក​ពី​ស្រុក​បវេល តែ​មួយ​នោះ ប្រជាពលរដ្ឋ​ជៀស​មិន​ផុត​នឹង​ការ​ខ្វះ​ទឹក​ដាក់​ស្រូវ​ទេ។ បញ្ហា​នេះ​ទាល់​តែ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បាន​គេ​បើក​ទឹក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាម៉ឺន បាន»

ស្រូវ​ប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ស្រោចស្រព ពុំ​មែន​មាន​តែ​ឃុំ​តាម៉ឺន មួយ​ប៉ុណ្ណោះ​ទេ អាជ្ញាធរ​ស្រុក​ថ្មគោល ឲ្យ​ដឹង​ថា ប្រជា​កសិករ​ស្ទើរ​ទូទាំង​ស្រុក​ទៅ​ហើយ ប៉ុន្តែ​ពុំ​ទាន់​កំណត់​បាន​ថា​មាន​ប៉ុន្មាន​គ្រួសារ​ច្បាស់លាស់​នៅ​ឡើយ គឺ​មាន​ផ្ទៃ​ដី​ប្រមាណ ៣​ពាន់​ហិកតារ កំពុង​ប្រឈម​មុខ​ខូចខាត ដោយសារ​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ដាក់​ស្រូវ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។