សង្គម​ស៊ីវិល​ផ្នែក​សុខភាព​បន្ត​ពូជ​ព្រួយ​បារម្ភ​ពី​កំណើន​នៃ​ការ​រួម​ភេទ​ក្នុង​ចំណោម​យុវ​សិស្ស

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ​របស់​យុវជន សម្ដែង​ក្តី​ព្រួយ​បារម្ភ​នៅ​ពេល​ឃើញ​យុវជន​វ័យ​ក្មេង​នៅ​កម្ពុជា ឆាប់​ប្រឡូក​ក្នុង​ទំនាក់​ទំនង​ផ្លូវ​ភេទ ដែល​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​សុខភាព និង​អនាគត​របស់​ពួក​គេ។ អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​ក្រសួង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជាង​នេះ ក្នុង​ការ​អប់រំ​សុខភាព​ផ្លូវ​ភេទ និង​ការ​បន្ត​ពូជ ដើម្បី​ធានា​បាន​នូវ​ធនធាន​យុវជន​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃ​មុខ។

នាយក​ប្រតិបត្តិ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន លោក អ៊ូ រតនៈ នៅ​ថ្ងៃ​ទី​២១ ធ្នូ អំពាវនាវ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បញ្ចូល​មេរៀន​ស្ដីពី​សុខភាព​ផ្លូវ​ភេទ រួម​មាន ឥរិយាបថ​ផ្លូវ​ភេទ និង​ការ​រួម​ភេទ ជាដើម ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង ទាំង​ក្នុង​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ និង​ឯកជន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន ដែល​ជា​ស្ថាប័ន​ឈាន​មុខ​មួយ​ផ្ដោត​លើ​សុខភាព​បន្ត​ពូជ​របស់​យុវជន រក​ឃើញ​ថា មាន​យុវ​សិស្ស​ថ្នាក់​មធ្យម​សិក្សា​កាន់​តែ​ច្រើន បាន​ប្រឡូក​ចូល​ក្នុង​ការ​រួម​ភេទ​ទាំង​វ័យ​ក្មេង និង​ក្នុង​វ័យ​សិក្សា៖ «»។

លោក អ៊ូ រតនៈ អះអាង​ថា ការ​រួម​ភេទ​ទាំង​វ័យ​ក្មេង និង​ក្នុង​វ័យ​សិក្សា​បែប​នេះ នឹង​នាំ​មក​នូវ​ផល​វិបាក​ជាច្រើន​ដល់​យុវ​សិស្ស​ខ្លួន​ឯង។ ផល​វិបាក​ទាំង​នោះ រួម​មាន ការ​បោះបង់​ចោល​ការ​សិក្សា ការ​មាន​ផ្ទៃ​ពោះ​ដោយ​អចេតនា និង​ការ​ឆ្លង​ជំងឺ ជាដើម ជាពិសេស​លោក​មាន​ក្តី​បារម្ភ​ចំពោះ​ឥរិយាបថ​របស់​យុវជន​វ័យ​ក្មេង ដែល​ខ្វះ​ការ​អប់រំ​អំពី​សុខភាព​ផ្លូវ​ភេទ និង​ការ​រួម​ភេទ៖ «»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បញ្ជាក់​ថា ក្រសួង​បាន​ដាក់​បញ្ចូល​មេរៀន​ស្ដីពី​ការ​ថែទាំ​សុខភាព​ផ្លូវ​ភេទ​សម្រាប់​សិស្ស​នារី ទៅ​ក្នុង​មេរៀន​បំណិន​ជីវិត​នៅ​ថ្នាក់​មធ្យម​សិក្សា ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ការ​យល់​ដឹង​បន្ថែម​ពី​ការ​ថែទាំ​សុខភាព​ផ្លូវ​ភេទ​របស់​ខ្លួន៖ «»។

ក្រៅ​ពី​នេះ ក្រសួង​អប់រំ បាន​បង្កើត​គម្រោង "យុវវ័យ​ឆ្លាត អនាគត​ល្អ" ជា​គម្រោង​សិទ្ធិ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ​របស់​យុវជន។ គម្រោង​នេះ រួម​បញ្ចូល​នូវ​ការ​ចងក្រង និង​ការ​អនុវត្ត​ប្រព័ន្ធ​រៀន​តាម​អេឡិចត្រូនិក និង​សេវាកម្ម​សំណួរ​ចម្លើយ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ចល័ត និង​អ៊ីនធឺណិត ដែល​អាច​ឲ្យ​យុវជន​សួរ​សំណួរ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវ​ភេទ និង​បន្ត​ពូជ​ដោយ​ត្រឹមត្រូវ គ្មាន​ការ​វិនិច្ឆ័យ និង​រក្សា​ការ​សម្ងាត់៖ «»។

សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៥០​ម៉ឺន​នាក់ (៥០៤.៧៧១​នាក់) និង​ថ្នាក់​អនុវិទ្យាល័យ​មាន​ចំនួន​ជាង ៣០​ម៉ឺន​នាក់ (៣០៤.១៦៥​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។