អាជ្ញាធរ​ខេត្តស្វាយរៀង​ដោះ​លែង​កម្មករ​ទាំង​៥៨​នាក់​ដែល​ឃាត់​ព្រឹក​មិ​ញ​វិញ​ហើយ

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​ដោះ​លែង​កម្មករ​-​កម្មការិនី​៥៨​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​មិ​ញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​ហើយ ​កាល​ពី​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ធ្នូ ២០១៥​នេះ ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​ អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច​មក ។

សូម​បញ្ជាក់​ថា កម្មករ​-​កម្មការិនី​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ចំនួន​៥៨​នាក់ (​ស្ត្រី​៣៦​នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន បន្ទាប់​ពី​បាន​បង្ក​ហិង្សា​ដោយ​គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់ក្រុមហ៊ុន ស្ថិត​នៅ​ក្រុង​បា​វិត ។

ហើយ​នៅ​វេលា​ម៉ោង​៤​ និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២១ ធ្នូ នេះដែរ ក្រុម​គ្រួសារ​កម្មករ-​កម្មការិនី​រោងចក្រ​រាប់រយ​នាក់បាន​នាំ​គ្នា​មក​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​សុំ​ឱ្យសមត្ថកិច្ច​ដោះ​លែង​កម្មករ​-កម្មការិនី​រោងចក្រ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​នោះ ដែល​អ្នកខ្លះ​ត្រូវជា​ប្តី ត្រូវជា​ប្រពន្ធ និង​អ្នកខ្លះ​ទៀត​ត្រូវជា​ម្តាយ ឬ​ឪពុក ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ហាស់ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ ធ្នូ នេះ​ថា កម្មករ​-​កម្មការិនី​បាន​ចូល​ធ្វើការ​ធម្មតា​វិញ​ចំនួន​៤០​រោងចក្រ ចំណែក​កម្មករ​-កម្មការិនី​មិន​ព្រម​ចូល​ធ្វើការ​មានចំនួន​៦​រោច​ក្រ ៕