លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​រង​ការចោទប្រកាន់ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់ ថែមទាំង​បង្កើត​ប៉ុស្តិ៍​ជជុះ​ប្រមូល​លុយ​ចែកគ្នា​ច្រក​ហោប៉ៅ​

​ខេត្តកោះកុង ៖ បទល្មើស​នៃ​ការ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ មាន​សកម្មភាព​យ៉ាង​កក្រើក​ឡើងវិញ​ទាំង​តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក​នៃ​ខេត្តកោះកុង​បន្ទាប់ពី​លោក សំ កុសល ទើប​ផ្លាស់​ទៅកាន់​តំណែង​ជា​ប្រធាន​សាខាគយ​នៅ​ខេត្ត​នេះ​ក្នុង​មួយរយៈ​ខ្លី​នេះ​។ មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ប្រធាន​សាខាគយ ខេត្តកោះកុង​ថ្មី​រូបនេះ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត រៀបចំ​បក្ខពួក ប្រមូលយក​ផលប្រយោជន៍​ស្ងាត់ៗ លែង​ញញើត​នឹង​បណ្តាំ​របស់​អគ្គនាយក​គ​យ​ទៅហើយ រហូត​មន្ត្រី​ខ្លះ​ភ្លាត់មាត់​ថា លោក​ប្រធាន​សាខាគយ សំ កុសល ពិតជា​ក្លាហាន​មិន​ព្រមធ្វើ​កំណែ​ទម្រ​ង​បោសសំអាត​ភាព​អសកម្ម និង​បញ្ឈប់​អំពើពុករលួយ ដែល​នាំ​ឲ្យ​រដ្ឋ​បាត់​ចំណូល និង​ការកើនឡើង​ពន្ធគយ​សោះ​។​

​មន្ត្រី​គយ​ប្រចាំខេត្ត​កោះកុង ជាពិសេស​មន្ត្រី​គយ ប្រចាំ​ច្រក​អន្តរជាតិ​ចាំ​យាម​ក្រោម​ការគ្រប់គ្រង​របស់ លោក ថេ​ង ម៉ុង​ហួន បាន​រង​ការរិះគន់​ជា​បន្តបន្ទាប់​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ម៉ូតូ​ស៊េរី​ទំនើបៗ ដោយ​អត់​បង់ពន្ធ គ្រាន់តែ​ចាំ​រាប់ ចំនួន​ប្រមូល​លុយ​ច្រក​ហោប៉ៅ បណ្តាល​ឲ្យ​រដ្ឋ បាត់បង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ សកម្មភាព​នេះ​ត្រូវបាន​ប្រភព​បញ្ជាក់ថា ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ គេចពន្ធ​យ៉ាង​គគ្រឹគគគ្រេង មកពី​ស្រុក​សៀម ចូល​តាម​ច្រក​សមុទ្រ និង​ច្រកទ្វារ អន្តរជាតិ​ចាំ​យាម​កើតមាន​រាប់​ឆ្នាំ​មកហើយ​។ ដោយឡែក​លោក សំ កុសល ប្រធាន​សាខាគយ ខេត្តកោះកុង ទំនងជា​បាន សើម​មាត់​សើ​មកពី​បទល្មើស នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​នេះ ដែរ​ហើយ​ទើប​សម្ងំ​ឲ្យ​ឈឹង​ដោយ​មិនឃើញ​មាន​ដាក់បទបញ្ជា​ឲ្យ​ថ្នាក់ក្រោម​ទប់ស្កាត់​សោះ​។​

​ក្រៅតែពី​ម៉ូតូ​គេចពន្ធ ដែល​កំពុង​លួច​នាំចូល ខេត្តកោះកុង ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ នៅមាន​មុខទំនិញ​គេចពន្ធ ជាច្រើន​ទៀត​ដូចជា ប្រេងឥន្ធនៈ ទំនិញ​ចាប់ហួយ ភេសជ្ជៈ គ្រឿងសំណង់ របស់​មេ​ឈ្មួញ​ធំៗ ត្រូវបាន​នាំចូល​ដោយ​សេរី ហើយ​កូនចៅ​របស់លោក សំ កុសល បានត្រឹមតែ​អង្គុយ ចាំ​រាប់​ក្បាល​ឡាន ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម មិន​ខ្វល់​នឹង​គោលការណ៍​កំណែទម្រង់​គ​យ​ស្អី​នោះទេ​។ លោក សំ កុសល បាន​រង​ការចោទប្រកាន់ថា បាន​លួច​រក្សាទុក​ប៉ុស្តិ៍​ជជុះ របស់​ជំនាញ​គយ នៅ​ចំណុច​អណ្ដូងទឹក ដើម្បី​ចាំ​ប្រមូល​លុយ​មិន​ប្រក្រតី​បន្ថែម​មួយ​ជាន់​ទៀត ពី​ឈ្មួញ​ដឹកទំនិញ ពី​ច្រក​ចាំ​យាម និង​ពី​ច្រក​នានា ក្នុង​ខេត្តកោះកុង ឆ្លងកាត់​ទីនោះ​។ មន្ត្រី​គយ​ខេត្តកោះកុង​បាន​អំពាវនាវ​លោក គុណ ញឹម ឲ្យ​ចាត់វិធានការ​ត្រួតពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក សំ កុសល ជាបន្ទាន់​ព្រោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ស្ថាប័នគយ​យ៉ាងធ្ងន់ធ្ងរ​៕ ​

KA-21-12-2015-26 KA-21-12-2015-25