បុរស​កម្មករ​សំណង់​ម្នាក់​ខ្យល់គរ​ស្លាប់​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​សង្ស័យ​ខ្យល់គរ​ស្លាប់​នៅ​លើ​ទោង​អង្គុយ​លេង​​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជន​រង​គ្រោះ​ឈ្មោះ កែ សា​រឿ​ន ហៅ ជ្រាវ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បន្ទាប់​ពី​ហូប​បាយ​ល្ងាច​ហើយ ជន​រង​គ្រោះ​ហាក់ដូចជា​មិនសូវ​ស្រួលខ្លួន​ក៏​ទៅ​ដេក​លេង​នៅ​លើ​ទោង​អង្គុយ​លេង ស្រាប់តែ​មួយសន្ទុះ​ស្រាប់តែ​លឺ​សំឡេង​ដកដង្ហើម​ឃូ​ៗ ហើយ​ក៏​មាន​សំឡេង​ឆ្កែ​ព្រូស ពេល​នោះ​កម្មករ​សំណង់​ដូច​គ្នា​ក៏​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដកចង្កាមាន់​ទៅ​ហើយ ហើយ​ក៏​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បាន​ទៅ​ពិនិត្យ​សាកសព ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ​មែន ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​កំពុង​ស្វែងរក​រថយន្ត​ដើម្បី​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី ៕