​គាត់​តែង​នាំ​នាង​ខ្ញុំ​ចូល​ផ្ទះសំណាក់​

​ចុង​សបា្តហ៍​ទើប​គាត់​មកលេង​ស្រុក ហើយ​រាល់ពេល​មកលេង គាត់​តែង​នាំ​នាង​ខ្ញុំ​ចូល​ផ្ទះសំណាក់ ។ ពេលនេះ​នាង​ខ្ញុំ​មាន​អាយុ ២៦ ឆ្នាំ ប៉ុន្តែ​ដោយសារ​ស្រឡាញ់​គាត់​ខ្លាំងពេក​នាង​ខ្ញុំ​ត្រូវ​រង់ចាំ​គាត់​ដល់​ទៅ​បី​ឆ្នាំ​ទៀត ។ មិនដឹងថា ការសម្រេចចិត្ត​របស់​នាង​ខ្ញុំ​បែបនេះ​ខុស​ឬ​យ៉ាងណា ? នាង​ខ្ញុំ និង គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាង​ពីរ​ខែ គាត់​គឺជា​សង្សារ​ចាស់​របស់​នាង​ខ្ញុំ​កាលពី​នៅ​រៀន​មធ្យមសិក្សា ដែល​ពេលនោះ​យើង​ជា​សិស្ស​រួម​ថ្នាក់ ហើយ​គាត់​ក៏​ជា​សង្សារ​ដំបូង​របស់​នាង​ខ្ញុំ​ដែរ ។

កាលណោះ​ក្រោយ​ស្រឡាញ់គ្នា បាន​មួយឆ្នាំ​យើង​ក៏បាន​បែក​គ្នា ដោយសារ​នាង​ខ្ញុំ​បានមក​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា ។ ពេលនោះ​នាង​ខ្ញុំ​ក៏មាន​សង្សារ​ថ្មី ចំណែក​គាត់​ក៏មាន​អ្នកផ្សេង​ដែរ ។ ពេល​បញ្ចប់​ការសិក្សា​នាង​ខ្ញុំ​ក៏បាន​បែកផ្លូវ​ពី​សង្សារ​នៅ​ភ្នំពេញ (​បុរស​ដែល​នាង​ខ្ញុំ​ធ្លាប់​បានប្រគល់​ខ្លួនប្រាណ​) ដើម្បី​ទៅធ្វើ​ការ​នៅ​ជាយក្រុង ។ បច្ចុប្បន្ន​នាង​ខ្ញុំ​មានមុខរ​បរជា​មន្ត្រីរាជកា​រ ។ មិនយូរប៉ុន្មាន​នាង​ខ្ញុំ​ក៏បាន​ជួប​មិត្ត​ប្រុស​ដំបូង ដែល​បច្ចុប្បន្ន​គាត់​ជា​និស្សិត​នៅ​សាលា​មួយ​ក្នុង​ក្រុងភ្នំពេញ ។ មិនដឹងថា​ដោយសារ​មូលហេតុ​អ្វី​នោះទេ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅតែ​ស្រឡាញ់​គាត់ ហើយ​នាង​ខ្ញុំ​ក៏​មិន​ប្រាកដ​ដែរ​ថា គាត់​នៅ​ស្រឡាញ់​នាង​ខ្ញុំ​ដោយស្មោះ​ឬ​យ៉ាងណា​នោះទេ ? ប៉ុន្តែ​រាល់​ចុង​សបា្តហ៍ គាត់​តែង​មកលេង​តំបន់​ដែល​នាង​ខ្ញុំ​ធ្វើការ ហើយ​តែង​នាំ​នាង​ខ្ញុំ​ចូល​ផ្ទះសំណាក់ ។

ដោយសារតែ​ស្រឡាញ់​គាត់​ខ្លាំងពេក នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​រង់ចាំ​គាត់​បី​ឆ្នាំ បើទោះជា​បច្ចុប្បន្ន​នាង​ខ្ញុំ​មាន​អាយុ ២៦ ឆ្នាំ ហើយក៏​ដោយ ។ មិនដឹងថា​ការសម្រេចចិត្ត​របស់​នា​ង​ខ្ញុំ​បែបនេះ​ខុស​ឬ​ត្រូវ ? ប៉ុន្តែ​ប៉ុន្មាន​ខែក្រោយ​មក​អតីត​សង្សារ​នៅ​មហាវិទ្យាល័យ​បាន​រក​វិធី​ទាក់ទង​នាង​ខ្ញុំ គាត់​ស្រឡាញ់​នាង​ខ្ញុំ​ណាស់ ដើម្បី​នាង​ខ្ញុំ​គាត់​បាន​បោះបង់​ការងារ​មក​ធ្វើការ​នៅ​តំបន់​ដែល​ខ្ញុំ​រស់នៅ ។ នៅពេល​ទំនេរ​គាត់​តែង​អញ្ជើញ​នាង​ខ្ញុំ​ទៅ​ទទួលទាន​បាយ​នៅ​ខាងក្រៅ​គាត់​យកចិត្ត​នាង​ខ្ញុំ​ជាង​ពេលមុន​ទៅទៀត ។ មាន​ថ្ងៃមួយ​នៅពេល​ឃើញ​នាង​ខ្ញុំ និង សង្សារ​ចាស់​ចុះ​ពី​ផ្ទះសំណាក់​គាត់​ស្រឡាំងកាំង បើកភ្នែក​ធំៗ និង មានបំណង​ចង់​ស្លាប់​ជាមួយ​នាង​ខ្ញុំ​ទៀតផង ។

ពេលនោះ​ប្រហែលជា​គាត់​ខឹង​ខ្លាំងណាស់​ស្ទើរតែ​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន ។ មកដល់ពេលនេះ​មិត្តភក្តិ​របស់​នាង​ខ្ញុំ​ជាច្រើន​បាន​ប្រាប់​ឱ្យដឹងថា គាត់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ជាន់ខ្ពស់ ប៉ុន្តែ​គាត់​នៅតែមាន​អារម្មណ៍​ក្រៀមក្រំ​សោកស្តាយ​ចំពោះ​រឿង​ពី​អតីតកាល ។ សូមមេត្តា​ជួយផ្តល់​ជា​យោបល់​ដល់​នាង​ខ្ញុំ​ផង​ថា តើ​គួរតែ​រង់ចាំ​សង្សារ​ចាស់​របស់​នាង​ខ្ញុំ​ប៉ុន្មាន​ឆ្នាំ​ទៀត ឬ ត្រូវធ្វើ​យ៉ាងណា​ទើប​ប្រសើរ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​តាម​ការរៀបរាប់ ខ្ញុំ​គិតថា ក្មួយ​ស្រី​ជា​នារី​ពូកែ​សម្រប​ខ្លួន​តាម​កាលៈទេសៈ ! ចំណែក​សង្សារ​ចាស់​របស់​ក្មួយ​ក៏​ហាក់ដូចជា​ស្រឡាញ់​តែ​រូប​កាយ​ខាងក្រៅ​របស់​ក្មួយ ដូច្នេះ​វា​ពិបាក​នឹង​រកបាន​អនាគត​ល្អ និង បង្កើតជា​គ្រួសារ​មួយ​ដែលមាន​សុភមង្គល​ណាស់ ។​ ​ដើមឡើយ​ក្មួយ​ស្រី​មិនគួរ​បណ្តោយឱ្យ​ទំនាក់ទំនង​ស្នេហា​ក្លាយទៅជា​រឿង​ស្មុគស្មាញ​បែបនេះ​ទេ ។ ខ្ញុំ​គិតថា ក្មួយ​ប្រហែលជា​ត្រូវ​ប្រឈម​នឹង​ការលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ។ ទីមួយ​គឺ​ក្មួយ​ប្រហែលជា​មិនបាន​ស្រឡាញ់​បុរស​ទាំងពីរ​នាក់​នេះ​ទេ បើ​ទោះ​ក្មួយ​និយាយថា​ដោយសារ​ស្រឡាញ់​ទើបត្រូវ​រង់ចាំ​ក៏ដោយ ។ ទី​ពីរ​ចំពោះ​សង្សារ​កាលពី​នៅ​រៀន​មធ្យមសិក្សា ក្មួយ​ក៏​មិន​ស្រឡាញ់​គាត់​ដោយស្មោះ​នោះដែរ ព្រោះតែ​បាន​បោះបង់​គាត់​ពេល​មក​រៀន​នៅ​ភ្នំពេញ ។

ក្មួយ​ស្រី​មិនគួរ​នឹង​រង់ចាំ​បុរស​ម្នាក់​នោះ​ដល់​ទៅ​បី​ឆ្នាំ ! មនុស្ស​ដែល​ស្រឡាញ់​ក្មួយ​ស្រី​ដោយស្មោះ​ក្មួយ​ស្រី​មិនចេះ​ចាប់យក​ឱកាស​បែរជា​ទៅ​រង់ចាំ​បុរស ដែល​ក្មួយ​មិន​ច្បាស់​ថា​គាត់​ស្រឡាញ់​ពិត​ដែរ​ឬ​អត់ ។ ម្យ៉ាងទៀត​ការរង់ចាំ​បី​ឆ្នាំ មិនមែនជា​រយៈពេល​ខ្លី ហើយ​ក្នុងអំឡុងពេល​រង់ចាំ​មិនដឹងថា​នឹងមាន​រឿង​អ្វីខ្លះ​កើតឡើង​ជាងនេះទៀត​ទេ ? ការរង់ចាំ​របស់​ក្មួយ​ក៏​មិនមាន​អ្វី​ជាការ​ធានា​នោះដែរ ។ ក្មួយ​ត្រូវតែ​ដឹងថា ក្មួយ​កំពុង​ត្រូវការ​អ្វី​ស្នេហ៍​ពិត ឬ ផ្លូវភេទ ? បុរស​ដែល​ក្មួយ​ស្រឡាញ់​គាត់​ផ្តល់​អ្វីខ្លះ​ដល់​ក្មួយ ហើយ​ក្មួយ​បានទទួល​អ្វីខ្លះ​ពី​បុរស​ដែល​បាន​ចែកផ្លូវ​កាលពីមុន​នោះ ? ​ខ្ញុំ​យល់ថា​ក្មួយ​គួរតែ​គិត​អំពី​លទ្ធភាព​ឈប់​ទាក់ទង​បុរស​ទាំងពីរ​រូបនេះ ហើយ​គួរ​រកម​នុស្ស​ដែល​ស័ក្តិសម​សម្រាប់​ខ្លួន ដោយ​ទុក​អតីតកាល​កប់​ជ្រៅ​ក្នុង​ពេលវេលា ព្រោះថា​បុរស​ទាំងពីរ​នាក់​នេះ​ដឹង​ច្បាស់​អំពី​រឿងរ៉ាវ​អតីត​របស់​ក្មួយ ។

បើតាម​គំនិត​របស់​«​ប្រជាប្រិយ​» ក្មួយ​ប្រហែលជា​ពិបាក​នឹង​សម្រេច​បំណង​នាពេល​អនាគត​ណាស់ ក្មួយ​គួរតែ​សាក​គិត​ទៅ​មើលថា តើ​បុរស​ទាំងពីរ​នាក់​នឹង​គិត​យ៉ាងណា​ចំពោះ​ក្មួយ​នៅពេល​ម្នាក់​ស្រឡាញ់​ក្មួយ​ឡើងវិញ​ដោយសារតែ​ផ្លូវភេទ ចំណែក​ម្នាក់ទៀត​បានឃើញ​ទិដ្ឋភាព​ដែល​ក្មួយ និង សង្សារ​ម្នាក់​នោះ នៅឯ​ផ្ទះសំណាក់ ? នេះ​គ្រាន់តែ​ជា​គំនិត​មួយ​សម្រាប់​ជូន​ជា​កាដូ​ដើម្បីឱ្យ​ក្មួយ​យកទៅ​ថ្លឹងថ្លែង ហើយ​មុនពេល​សម្រេចចិត្ត​សូម​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង ប្រើ​ពេលវេលា​ឱ្យបាន​គ្រប់គ្រាន់​ជាមុនសិន ៕ សូម​សំណាងល្អ​កើតមាន​ដល់​ក្មួយ​ស្រី !

​គាត់​តែង​នាំ​នាង​ខ្ញុំ​ចូល​ផ្ទះសំណាក់​