កូរ៉េខាងត្បូង​រុះរើ​គណៈរដ្ឋមន្ត្រី​ដោយ​ប្តូរ​រដ្ឋមន្ត្រី ៥​រូប​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានសម្រេច​ប្តូរ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​សំខាន់​៤​រូប​ទៀត ដោយ​ការផ្លាស់ប្តូរ​នេះ​ជា​នយោបាយ​រុះរើ​គណៈរដ្ឋមន្ត្រី​លើក​ទី​២ ក្រោយ​ការរុះរើ​លើក​មុន​ដើម្បី​បំពេញចិត្ត​ប្រជាជន ក្រោយ​ឧបទ្ទវហេតុ​លិច​កប៉ាល់​កាល​ឆ្នាំមុន​។ លោក Yoo Il-Ho ជា​នឹង​ជំនួស​រដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Choi Kyoung-Hwan ហើយ​គេ​ជឿថា​លោក​ជា​មនុស្ស​ដែល​សក្តិសម​បំផុត​សម្រាប់​ទទួលខុសត្រូវ​ន​យោ​បាយ​សេដ្ឋកិច្ចជាតិ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថ្ងៃ​ចន្ទ​ទី​២១ ខែធ្នូ​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានប្រកាស​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សំខាន់ៗ​ចំនួន​៥ ដើម្បី​សម្រួល​ដល់​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម ជាពិសេស​ដោះស្រាយ​បញ្ហាសំខាន់ៗ​ដូចជា​បញ្ហា សន្តិសុខ​សាធារណ ប្រឆាំង​ពុករលួយ ជាដើម​។

​ក្នុងចំណោម​រដ្ឋមន្ត្រី​ទាំងអស់ មាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​ផងដែរ​។  លោក Yoo II-Ho ត្រូវបានតែងតាំង​ឲ្យ​មក​ជំនួស​តំណែង​រដ្ឋមន្ត្រី​បច្ចុប្បន្ន Choi Kyoung-Hwan ដែល​ទើប​ឡើងកាន់តំណែង​ក្រោយ​ករណី​លិច​នាវា​ឆ្នាំមុន​។ បើតាម​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល រដ្ឋមន្ត្រី​ថ្មី លោក Yoo II-Ho មាន​អាយុ ៦០​ឆ្នាំ ហើយ​លោក​ធ្លាប់​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​។ លោក​ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​ម្នាក់​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការទទួលខុសត្រូវ​លើ​គោលនយោបាយ​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​បាន​នូវ​ការកែទម្រង់​សេដ្ឋកិច្ច​មួយ​ពិតប្រាកដ​។

​ការផ្លាស់ប្តូរ​សមាជិក​គណរដ្ឋមន្ត្រី​លើក​នេះ ជាការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដោយ​លើកទីមួយ​កើតមានឡើង​ក្រោយ​សោកនាដកម្ម​លិច​នាវា​ដែល​សម្លាប់​មនុស្ស​អស់​រាប់រយ​នាក់​។ ក្រោយ​ឧបទ្ទវ​ហេតុនេះ​កើតឡើង រដ្ឋបាល​លោក ស្រី ប៉ាក ហ្គឺ​ន​ហេ (Park Guen-Hye  ប្រឈមមុខ​ការរិះគន់​ជាខ្លាំង ព្រោះ​បញ្ហា​ដែល​កើតឡើង​នោះ​បណ្តាលមកពី​បញ្ហា​ពុករលួយ និង​កង្វះ​ភាព​ទទួលខុសត្រូវ​រប​ស់​សមាជិក​រដ្ឋា​ភិ​បា​លោកស្រី​នេះឯង​។   

​កូរ៉េខាងត្បូង​ជា​មហាអំណាច​សេដ្ឋកិច្ច​តំបន់​អាស៊ាន ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​៤ ហើយ​បើតាម​ធន​គារ​កណ្តាល​កូរ៉េ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​កើនឡើង​ប្រហែល ២.៧​ភាគរយ នៅក្នុង​ឆ្នាំ ២០១៥​នេះ​។​

​ក្រៅពី​ការផ្លាស់ប្តូ​រដ្ឋមន្ត្រី​ខាងលើ រដ្ឋមន្ត្រីក្រសួង ៤​ទៀត​ក៏ត្រូវ​ផ្លាស់ប្តូរ​ដូចគ្នា​ដែរ​។ ក្នុងចំណោម​ក្រសួង​ទាំងនោះ​មានដូចជា​ក្រសួង​អប់រំ ពាណិជ្ជកម្ម ក្រសួង​ទទួលបន្ទុក​ការងារ​សមភាព​ភេទ និង​កិច្ចការរដ្ឋបាល ផង​៕