ប៉ូលិស​ដោះលែង​កម្មករ​រោងចក្រ ៥៨ នាក់ តែ​តុលាការ សម្រេច​ឃុំខ្លួន​កម្មករ ៤ នាក់ ក្នុង​រឿង​កម្មករ​តវ៉ា​ឡើង​ប្រាក់ខែ នៅ​បាវិត​

ភ្នំពេញ: រហូតដល់​ម៉ោងជាង ៦ ព្រលប់​ថ្ងៃទី​២១ ខែធ្នូ​នេះ ប៉ូលិស​ខេត្តស្វាយរៀង បាន​ដោះលែង​កម្មករ​រោងចក្រ ចំនួន ៥៨ នាក់ វិញ​ហើយ​។ ក្រុមកម្មករ​ទាំងនោះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​ប៉ូលិស ប៉េអឹម បាន​ប្រើ​ឡានទឹក បាញ់​ទឹក​បំបែក​ការតវ៉ា​របស់​ក្រុមកម្មករ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ក្នុង​ក្រុង​បាវិត​។​

​ការដោះលែង​ក្រុមកម្មករ​នោះ បន្ទាប់ពី​ការសាកសួរ និង​ឲ្យ​កម្មករ​ធ្វើ​កិច្ចសន្យា ឈប់​ធ្វើ​ការតវ៉ា ដែល​ចាប់ផ្តើម​តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។ ក្នុងពេល​កម្មករ​ធ្វើ​កូដកម្ម​នោះ ក៏មាន​ការ​គប់​ដុំថ្ម បណ្តាល​ឲ្យ​បែក​កញ្ចក់​បង្អួច និង​ទ្វារ​របស់​រោងចក្រ​កាត់ដេរ ផងដែរ​។​

​ដោយឡែក ក្រុមកម្មករ ៤ នាក់ ដែល​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ កាល​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ គឺ​រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ​នេះ តុលាការ បានសម្រេច​ឃុំខ្លួន​ពួកគេ នៅ​ពន្ធនាគារ ខេត្តស្វាយរៀង ជា​បណ្តោះអាសន្ន​។ បុរស​កម្ម​ករទាំង ៤ នាក់ ដែល​ជាប់ចោទ​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​នោះ រួមមាន​៖  សុខ​គង់ វ៉ាន់​វិចិត្រ ប៉ាល់​ឌី​ន​សុ​ម៉ា​លីដា និង​ខេង​សុ​ផា​។​

​សូម​រម្លឹកថា រហូតដល់​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន គឺ​ក្រុមកម្មករ​បាន​ចូលធ្វើការ​វិញ​ហើយ​។ រីឯ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង គឺមាន​កម្មករ​តែ ៤ រោងចក្រ​ប៉ុណ្ណោះ ដែល​នៅ​បន្តធ្វើ​ការតវ៉ា មិន​ចូលធ្វើការ​។ ប៉ុន្តែ​ក្រោយពី​កើតហេតុ កាលពី​ព្រឹក​ថ្ងៃទី​២១​ធ្នូ​នេះ​រួចមក គឺ​នៅពេល​រសៀល នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ មិនមាន​ការតវ៉ា​អ្វី​ទៀត​ទេ​។

​យ៉ាងណាក៏ដោយ ប៉ូលិស និង​ប៉េអឹម រួម​អាជ្ញាធរ នៅ​បន្ត​ឈរជើង ការពារ​សន្តិសុខ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ ហើយ​អាជ្ញាធរ​ក៏​បន្ត​ស្រែក​មេក្រូ ណែនាំ អប់រំ​ឲ្យ​កម្មករ ចូលធ្វើ​ការងារ​ឡើងវិញ ព្រោះថា​លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល បានសម្រេច​រួចហើយ ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​គោល ដល់​កម្មករ​រោងចក្រ ចំនួន ១៤០ ដុល្លារ ចាប់ពី​ខែមករា ឆ្នាំ​២០១៦​។ ចំណែក​ការទាមទារ​របស់​ក្រុមកម្មករ​ឲ្យ​ថៅកែ​រោងចក្រ ថែម ២០ ដុល្លារ លើ​ប្រាក់ខែ​គោល​ឆ្នាំ​ចាស់​ចំនួន ១២៨ ដុល្លារ​នោះ គឺ​មិនអាច​ទៅរួច​នោះឡើយ​៕​